ព័ត៌មានជាតិ
សម្ដេច ស ខេង សំណូមពរដាក់បញ្ចូលផែនការសកម្មភាពបង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទៅក្នុងផែនការប្រតិ បត្តិប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរតែដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំនៅក្នុងអង្គភាពរបស់ខ្លួន។
ការសំណូមពរនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ» ធ្វើឡើងតាមកម្មវិធីអនឡាញ (ZOOM) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ គឺជាកិច្ចការដ៏សំខាន់ ដែលនឹងបញ្ជាក់អំពីការគាំទ្រ និងចូលរួមរបស់ក្រសួង-ស្ថាប័នរបស់រដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គប្បីយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី….បាទនេះ គឺជាកិច្ចការសំខាន់ណាស់ ដែលបញ្ជាក់អំពីការគាំទ្រ និងការចូលរួមគ្រប់ក្រសួង-ស្ថាប័ន មិនមែនតែក្រសួងសង្គមកិច្ច ឬមិនមែនតែក្រសួងមហាផ្ទៃ ឬក៏មិនមែនតែអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺគ្រប់ក្រសួង-ស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែបញ្ចូលនូវផែនការ ការពារកុមារក្នុងការប្រយុទ្ធប្រឆាំង ការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញនេះ»។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋាន និងការិយាល័យជំនាញ ដែលមានសមត្ថកិច្ចអន្តរាគមន៍ និងដោះស្រាយករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេសផ្ដោតការយកចិត្តទុកដាក់ ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទោះបីជាកុមារស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដើម្បីជាឧត្ដមប្រយោជន៍របស់កុមារ ដែលជាអនាគតរបស់ប្រទេសជាតិ។
បើតាមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា នៅកម្ពុជាតាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យ ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាពសម្ភារៈអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ