ព័ត៌មានជាតិ
ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមដ៏ធំមួយនៅកម្ពុជា
ភ្នំពេញ៖ លោកស្រី Zoe De Mealo តំណាងប្រចាំប្រទេសរបស់អង្គការដែនដីមនុស្សហូឡង់ដ៍ ប្រចាំកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការការពារកុមារនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់តំណាងអង្គការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស។
លោក ស្រីបានបន្តថា ការប្រើប្រាស់អ៊ីនធឺណែត និងឧបករណ៍ព័ត៌មានវិទ្យាបានកើនឡើងយ៉ាងខ្លាំងដែលនាំមកនូវការកំណត់ ឬបែបបទថ្មីៗនៃឱកាស បញ្ហាប្រឈម និងហានិភ័យដល់កុមារ។
លោកស្រី បានបន្ថែមថា ទោះបីជាបណ្ដាញសង្គមភាគច្រើនមិនទទួលយកប្រវត្តិរូបរបស់កុមារអាយុក្រោម១៣ឆ្នាំក៏ដោយ ក៏កុមារជាច្រើន ដែលមានអាយុក្រោមនេះ មានប្រវត្តិរូបផ្ទាល់ខ្លួន ហើយប្រើប្រាស់វាជារៀងរាល់ថ្ងៃ។
លោកស្រីបញ្ជាក់ថា គេប៉ាន់ស្មានថា ប្រជាជនកម្ពុជាប្រហែល១លាននាក់ ដែលមានអាយុក្រោម១៨ឆ្នាំ គឺជាអ្នកប្រើប្រាស់អ៊ីនអឺណែត។
ចំណែកលោក ចាឡា អាប់ដែលរ៉ាហាប់ ប្រធានស្ដីទី អង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាទម្រង់ថ្មីមួយនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារដែលសម្រ បសម្រួលដោយអ៊ីនអឺណែត តាមរយៈការប្រើប្រាស់គេហទំព័រ បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីទូរសព្ទវៃឆ្លាត។
លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិតគឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗពីគ្នា និងបានក្លាយជាក្ដីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនអឺណិតឱ្យមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងតម្រូវការទាំងនេះ កុមារក៏ត្រូវការទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ដែលជាផ្នែកមួយក្នុងការជំរុញការស្ដារនីតិសម្បទា កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទឱ្យមានភាពរលូន និងឆាប់ជាសះស្បើយទាំងផ្លូវកាយ និងផ្លូវចិត្ត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលសម្ដេច ក្នុងនាមក្រសួងមហាផ្ទៃ បានចូលរួមជាប្រវត្តិសាស្រ្តជាមួយក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅក្នុងពិធីអបអរសាទរ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការដែលបង្កើតឡើងដោយអន្តរក្រសួង។
សម្ដេចក្រឡាហោម បានបន្តថា ក្រោយពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋាន ទាំងនោះដោយ ខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឱ្យកាន់តែល្អប្រសើរ។
សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញ ស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឱ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ទទួលស្គាល់នូវការប្រែប្រួលឈានឡើងយ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
សម្ដេចក្រឡាហោម បន្ដថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានជំរុញឱ្យការវិភាជន៍ធនធានបន្ថែម ដល់វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដែលក្នុងនោះ ការអភិវឌ្ឍកុមារ គឺជាអាទិភាពមួយ នៃការកសាង ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០។
គួរបញ្ជាក់ថាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ