ព័ត៌មានជាតិ
សហរដ្ឋអាមេរិកផ្តល់ទឹកប្រាក់ចំនួន១១២លានដុល្លារដល់បណ្តាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩
ការបញ្ជាក់ពីការផ្តល់ទឹកប្រាក់ចំនួន១១២លានដុល្លារដល់បណ្តាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

តាមលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នារសៀលនេះបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយលោក សាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហើយកិច្ចប្រជុំនោះ បានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញ នៃទំនាក់ទនងអាស៊ាន-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗ ដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទាំងក្នុងតំបន់ និងក្រៅតំបន់។ អាស៊ាន ក៏បានអបអរសាទរចំពោះការតាំងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យនៅក្នុងតំបន់ និងពិភពលោក។
បើតាមក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគីនិយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មីជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអរគុណ លោក អេនតូនី ប្លីនខេន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាព អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសទាំងអស់ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបត្តិសុខាភិបាល នាពេលអនាគត។ អាស៊ានបានស្វាគមន៍ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
នៅក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្ត្រីការបរទេស លោក អេនតូនី ប្លីនខេន បានរំលេចអំពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន១១២លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌជំនួយ សម្រាប់សង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេសសមាជិកអាស៊ាន។
រដ្ឋមន្ត្រីការបរទេសទាំងអស់បានសម្តែងសុទិដ្ឋិនិយមថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដែលបានឯកភាពរួច គឺដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការ តាមរយៈយន្តការអនុតំបន់ រួមទាំងគំនិតផ្តួចផ្តើមមេគង្គ-ស.រ.អា នឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមមានវិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្រួមគម្លាតអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខឆ្លងដែន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្តល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ