Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា លើកទឹកចិត្ត​ឲ្យ​អាមេរិក​ចូលរួមចំណែក​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ នៅ​អាស៊ាន​

បានផុស

នៅ

ការលើកឡើង​របស់​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋ​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា នា​រសៀល​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ ២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ធ្វើជា​សហប្រធាន ដោយ​លោក សា​ឡឺម​សាយ គុំ​ម៉ា​ស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេ​យ្យ​ប្រជាមានិត​ឡាវ ដែល​ជា​ប្រទេស​សម្របសម្រួល ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក និង​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ហើយ​កិច្ចប្រជុំ​នោះ ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​អំឡុង​ពេល នៃ​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ឱ្យ​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ងើប​ចេញពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​។ ជាមួយគ្នា​នោះ លោក​បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​វ៉ាក់សាំង​ពហុភាគី​និយម និង​ការ​ទទួលបាន​ដោយ​ស្មើភាព​នូវ​វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​។

លោក​បាន​បង្ហាញ​នូវ​ការ​ជឿជាក់ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​លើកកម្ពស់ នឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាង​ពិសេស​ដល់​ការកសាង​សហគមន៍​អាស៊ាន។

សូម​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ចែករំលែក​ការព្រួយបារម្ភ ជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត ជុំវិញ​ការកើនឡើង​នូវ​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតចេញ ពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ និង​ការ​គំរាមកំហែង​ផ្សេងៗ​ទៀត​។ លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផងដែរ។

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ដើម្បី​ជៀសវាង​ការ​បន្តឹង​ស្ថានការណ៍​បន្ថែមទៀត និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ផងដែរ​។ កិច្ចខិតខំ​ប្រឹងប្រែង​នានា គួរ​ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​កា​រព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការណ៍ ដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។

ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បាន​បញ្ជាក់​អំពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន​។ លោក​បាន​គូសបញ្ជាក់​អំពី​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បានសម្រេច​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និង​ឆន្ទៈ​នយោបាយ​របស់​អាស៊ាន ក្នុងការ​គាំទ្រ​ដំណោះ ស្រាយ​សន្តិភាព​តាមរយៈ​ការសន្ទនា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម