ព័ត៌មានជាតិ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, រដ្ឋធម្មនុញ្ញ និងការអនុវត្ត !
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប២៩ ឆ្នាំ នៃកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២០) ហើយទន្ទឹមនិងរៀបចំ ក៏ដូចជាចូលរួមអបអរសាទរជារៀងរាល់ឆ្នាំ ចំពោះកិច្ចព្រៀងនេះ ក៏មានការយល់ខុសៗគ្នារវាងអ្នកអនុវត្ត ឬអ្នកចរចាផ្ទាល់ និងក្រុមអ្នកវិភាគ ព្រមទាំងអ្នកនយោបាយមួយចំនួនតូច ដែលមិនពេញចិត្តមិនពេញចិត្តជាមួយរដ្ឋាភិបាល។
![](https://kampucheathmey.com/wp-content/uploads/2020/10/23-Oct-234567865432-1.jpg)
ដើម្បីចូលរួមអបអរសាទរចំពោះកិច្ចព្រៀងនេះ កម្ពុជាថ្មីសូមលើកយកមតិយោបល់ខ្លះ សម្រាប់ជាគតិក្នុងការពិចារណា។ លោក ជីវ កត្តា បច្ចុប្បន្នជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ មានអតីតភាពជាថ្នាក់ដឹកនាំនៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ដែលបរទេស ក៏ដូចជាក្រុមមនុស្សមួយចំនួនឲ្យតម្លៃថាជាអតីតគណបក្ស ដែលមានប្រជាធិបតេយ្យជាងគេ បានលើកឡើងថា ក្រោយពីមានកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១មក យើងមើលឃើញថា កម្លាំងនយោបាយទាំងអស់នៅប្រទេសកម្ពុជា គ្រប់ភាគីជម្លោះទាំងអស់បានអង្គុយទល់មុខគ្នា ដើម្បីជជែកគ្នា ដើម្បីចូលមកអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា កម្លាំងខ្មែរមានសន្ទុះខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើឲ្យប្រទេសប្រជាពលរដ្ឋនៅទូទាំងប្រទេសអបអរសាទរនូវអ្វីដែលអ្នកនយោបាយខ្មែរបានរូបរួមសាមគ្គីគ្នានេះ។
តែជាអកុសលដោយសារតែមានជម្លោះផ្ទៃក្នុងនៅកម្ពុជា បានធ្វើឲ្យការអនុវត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មិនបានពេញលេញទេ ដូច្នេះហើយក្នុងនាមតំណាងគណបក្សមួយលោកស្នើឲ្យអ្នកនយោបាយខ្មែរទាំងអស់ រួមសាមគ្គីគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនក៏ដូចជាប្រទេសជាតិយើង។ ដោយឡែកចំពោះការរិះគន់កិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់ក្រុមណាមួយនោះ លោក ជីវ កត្តា យល់ថា នោះគឺជាការយល់ឃើញរបស់ក្រុមមួយប៉ុណ្ណោះ ប៉ុន្តែយកលោកយល់ឃើញថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការបង្រួបបង្រួម ឲ្យមានឯកភាពជាតិអធិបតេយ្យ ភាពទឹកដី និងការកសាងប្រទេសឡើងវិញ កំពុងធ្លាក់ចុះជាពិសេសប្រព័ន្ធសេរីពហុបក្ស។
![](https://kampucheathmey.com/wp-content/uploads/2020/10/2-MeetingKing.jpg)
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្នុងនាមគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា បានលើកឡើងថា ២៩ឆ្នាំកន្លងមកហើយ ដែលភាគីជម្លោះទាំង៤ នៅកម្ពុជាគឺ (ភាគីហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន និងភាគីខ្មែរក្រហម) ជាមួយប្រទេសចំនួន១៨ផ្សេងទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះនយោបាយ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជានោះគឺ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
តាមរយៈកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់នូវជម្លោះផ្ទៃក្នុង ធានាបាននូវឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យភាព និងការកសាងប្រទេសឡើងវិញ ព្រមទាំងបាននាំឲ្យកម្ពុជាអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការគោរពសិទ្ធិមនុស្សជាដើម ដែលនាំឲ្យកម្ពុជាយើងសម្រេចបានការរៀបចំបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ឬហៅថា អ៊ុនតាក់។ តាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលភាគីនយោបាយខ្មែរទាំងអស់ បានមូលមតិគ្នារៀបចំឡើងក្នុងន័យបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរ បាននាំមកឲ្យកម្ពុជា នូវការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ តាមរយៈជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការពីសហគមន៍ អន្តរជាតិជាច្រើនរហូត មកដល់សព្វថ្ងៃនេះ។
![](https://kampucheathmey.com/wp-content/uploads/2020/10/23-Oct-234567865432-5.jpg)
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលត្រូវបានបង្កើតឡើងដោយអ្នកនយោបាយ ជាអតីតថ្នាក់ដឹកនាំមកពីអតីតគណបក្សសង្គ្រោះជាតិ មានគោលបំណងដើម្បីបន្តស្មារតីដើម ឈរលើគោលការណ៍ខ្មែរតែមួយ បានសម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ អ្នកនយោបាយខ្មែរ ក៏ដូចជាអ្នកគាំទ្រគណបក្សនយោបាយគ្រប់និន្នាការនយោបាយ មានការបែកបាក់សាមគ្គីជាតិបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរយ៉ាងខ្លាំង ហើយអ្វីដែលខ្លាំងជាងនេះទៀត គឺសំឡេងក្រុមអ្នកនយោបាយប្រឆាំងមានការបែកបាក់សាមគ្គីភាពយ៉ាងខ្លាំងផងដែរ ដែលធ្វើឲ្យស្មារតីដើមដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហាក់ដូចជាមិនត្រូវបាន អ្នកនយោបាយទាំងអស់ នឹកភ្នកយកមកអនុវត្ត។
ចំណែកលោក មាស នី ដែលជាអ្នកវិភាគ និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាបានថ្លែងថា ការរៀបចំប្រារព្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំនេះដូចជាមានភាពចម្រូងចម្រាសបន្តិច ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចលុបថ្ងៃឈប់សម្រាកសម្រាប់ថ្ងៃ២៣ ខែតុលានេះ ដែលការលុបនេះ បានធ្វើឲ្យសង្គមស៊ីវិល និងខ្មែរនៅបរទេសហាក់ដូចជាមានការខ្វាយខ្វល់ ហើយចង់ឲ្យយកថ្ងៃ២៣ តុលា នេះ មកអនុវត្តឡើងវិញ និងមានចេតនាចង់ប្រាប់រាជរដ្ឋាភិបាលថា មិនចង់ឲ្យលុបថ្ងៃឈប់សម្រាកសម្រាប់ថ្ងៃ២៣ ខែតុលានេះទេ ដោយពួកគាត់យល់ថា ថ្ងៃ២៣ តុលានេះ គឺជាថ្ងៃចាប់ផ្ដើមសន្តិភាពនៅកម្ពុជា ហើយបើនិយាយពាក្យថា “អរគុណសន្តិភាព” ត្រូវតែភ្ជាប់ជាមួយពាក្យ “២៣ តុលា”។
លោក មាស នី អះអាងថា សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់ពេលនេះ មិនបានអនុវត្តល្អគ្រប់រឿងនោះទេ នៅខ្វះចន្លោះបញ្ហាមួយចំនួន ដែលមិនទាន់អាចធ្វើបាន ដូចជាការរំសាយកងទ័ព ការដឹកជញ្ជូនជនភៀសខ្លួនពីព្រំដែនចូលប្រទេសជាដើម។ បើតាមលោក មាស នី មានបញ្ហា៣ ដែលមិនទាន់អាចធ្វើបាន ទី១, ការបង្រួបបង្រួមជាតិ ទី២, ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទី៣, ឯករាជភាពជាតិ និងបូរណភាពដែនដី។
ទោះជាយ៉ាងណាលោក មាស នី ទទួលស្គាល់ថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានចំណុចវិជ្ជមានមួយចំនួន ដែលក្នុងនោះ រាជរដ្ឋាភិបាលក៏អនុវត្តបានមួយចំនួនដូចជា ការអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យកម្ពុជាទទួលបាននូវការទទួលស្គាល់ពីពិភពលោក ក៏ដូចជាអង្គការសហប្រជាជាតិ ហើយជាមួយគ្នានោះ រដ្ឋាភិបាលក៏បានធ្វើការងារច្រើនទៅលើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសចំណុចសំខាន់មួយទៀត គឺមិនមានសង្គ្រាម ប្រដាប់អាវុធដែលជារឿងសំខាន់ ដែលយើងបានខិតខំធ្វើ។
ដោយឡែកលោក ឈឹម ផលវរុណ ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហើយជាអ្នកជំនាញខាងរដ្ឋធម្មនុញ្ញបានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានរាជរដ្ឋាភិបាលអនុវត្តបានល្អ ត្រឹមត្រូវ រហូតដល់ចប់បេសកកម្មរបស់អ៊ុនតាក់ (អាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) នៅកម្ពុជា ហើយយើងឲ្យមានរដ្ឋធម្មនុញ្ញ មានរដ្ឋាភិបាល មានរដ្ឋសភា មានព្រះមហាក្សត្រ។ ក្រៅពីនេះ គឺជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញ ឯរឿងការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង កម្ពុជាបានអនុវត្ត ហើយបានបញ្ចប់កិច្ចព្រមព្រៀងជាស្ថាពរ នៅពេលដែលកម្ពុជាមានរដ្ឋធម្មនុញ្ញ។
ចំពោះបញ្ហាដែលសេសសល់ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺ UNTAC មិនបានដោះស្រាយ ឬនាំសន្តិភាពមកឲ្យកម្ពុជាមួយរយភាគរយទេ ប៉ុន្តែក្រោយពីបញ្ចប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងមានរដ្ឋធម្មនុញ្ញហើយ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការ ដែលនៅសេសសល់ពីអ៊ុនតាក់ គឺយើងសម្រេចបាននូវសន្តិភាពភាគរយនៅចុងឆ្នាំ១៩៩៨ និងដើមឆ្នាំ១៩៩៩ ហើយលទ្ធផលចុងក្រោយ យើងបានឲ្យភាគីខ្មែរក្រហម ធ្វើសមាហរណកម្មចូលមកក្នុងសហគមន៍កម្ពុជា។ នេះជាអ្វីដែលយើងបានធ្វើដ៏ល្អជាងអ្វី ដែលនៅសេសសល់ពីកិច្ចព្រមព្រៀង ដែលបន្សល់ទុកដោយអ៊ុនតាក់។
![](https://kampucheathmey.com/wp-content/uploads/2020/10/23-Oct-234567865432-4.jpg)
ចំពោះការងារផ្សេងទៀត ដូចជាការអភិវឌ្ឍប្រទេស ដឹងការដឹកនាំប្រទេសនាំឲ្យមានការបោះឆ្នោតជាប្រក្រតីរហូតមកដល់បច្ចុប្បន្ន គឺកម្ពុជាបានធ្វើដោយផ្អែកទៅលើគោលការណ៍ឯករាជ្យ អធិបតេយ្យ ដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញ រហូតដល់ធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ និងអន្តរជាតិ ហើយក៏បានធ្វើឲ្យកម្ពុជាបានក្លាយជាដៃគូ និងជាសមាជិកនៃអង្គការពិភពលោក ព្រោះទាំងអង្គការតំបន់ជាច្រើននានា។ នេះសបញ្ជាក់ឲ្យឃើញថា បន្តពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចប់រាជរដ្ឋាភិបាលកម្ពុជា បានបន្តការងាររបស់ខ្លួនអភិវឌ្ឍប្រទេសរហូតមកដល់ពេលនេះ។
រីឯការរិះគន់ពីបុគ្គលមួយចំនួននោះ លោក ឈឹម ផលវរុណ អះអាងថា អ្នកដែលរិះគន់ ដោយឲ្យតម្លៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារតែអ្នកទាំងនោះ មិនមែនស្រលាញ់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ គឺអ្នកទាំងនោះចង់យកបរិបទ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ តែសម្រាប់ប្រទេសជាតិមួយ ដែលមានឯករាជ្យមានអធិបតេយ្យភាព ដែលបានបញ្ចប់សង្គ្រាម និងមានសុខសន្តិភាព មិនមែនស្ថិតនៅក្រោមកិច្ចព្រមព្រៀងទៀតទេ គឺស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ហើយអ្នកដែលមិនយកតម្លៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិខ្លួន គឺជាអ្នកជាន់ឈ្លីតម្លៃជាតិខ្លួនឯង។ ចំពោះអ្នកដែលឲ្យតម្លៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើសរដ្ឋធម្មនុញ្ញនោះ គឺដោយសារអ្នកទាំងអស់នោះ ចង់ប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបើកដៃឲ្យបរទេសលុកលុយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតទៅទៀត ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយការបើកដៃឲ្យបរទេស ក្រោមរូបភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមិនអាចទៅរួចទេ ពីព្រោះរដ្ឋធម្មនុញ្ញ កម្ពុជា បានកំណត់ហើយ គឺកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត្យ អចិន្ត្រៃយ៍ ដូច្នេះមិនអាចបរទេសណាមកលូកលាន់បានទេ ប៉ុន្តែកម្ពុជា និងដៃគូបរទេស មានកិច្ចសហប្រតិបត្តិការគ្រប់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍប្រទេសក៏ដូចជាធានានូវសន្តិភាព។
អ្នកនាំពាក្យរូបនោះបានពន្យល់ដែរថា ពាក្យប្រជាធិបតេយ្យ ដែលប្រើនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសពុំបានកំណត់ថា ឲ្យយកប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក បែបអាល្លឺម៉ង់ បែបបារាំង ឬបែបអង់គ្លេសនោះទេ គឺជាប្រជាធិបតេយ្យមួយ ដែលកម្ពុជាអាចដោះស្រាយជម្លោះដោយខ្លួនឯង នេះគឺជាប្រជាធិបតេយ្យ នៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ហេតុនេះហើយ បានជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានប្រទេសមហាអំណាចទាំង៥ និងបណ្តាប្រទេសប្រទេសលោកខាងលិចបានចុះហត្ថលេខានោះ ក៏ពុំបានគូសវាសថាឲ្យកម្ពុជា ត្រូវតែយកប្រជាធិបតេយ្យ បែបអាមេរិក ឬបែបប្រទេសណាមួយនោះទេ។ ហេតុនេះហើយបានជាយើងទាំងអស់គ្នាមើលឃើញថា កម្ពុជាបានអនុវត្តនៅប្រជាធិបតេយ្យសេរី ពហុបក្សមួយ ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា មិនមែនជាការចំលងតាមបែបប្រទេសណាមួយនោះទេ ហើយដូចយើងបានឃើញហើយ ដោយសារតែយើងអនុវត្តប្រជាធិបតេយ្យសេរីពហុបក្សហ្នឹងហើយ បានជាមានការយល់ខុសគ្នា។
បើតាមលោក ឈឹម ផលវរុន យើងមិនចង្អៀតចង្អល់ចំពោះការយល់ឃើញខុសគ្នានោះទេ ហើយអ្នក ដែលមាននិន្នាការជ្រុលនិយម តែងតែចង់បានប្រជាធិបតេយ្យបែបរដ្ឋអាមេរិក ឬបែបលោកខាងលិចជាដើម ដោយមិនបានគិតថា ប្រជាធិបតេយ្យណា ដែលកម្ពុជាកំពុងតែធ្វើនោះទេ។ ករណីនេះកម្ពុជា ជារដ្ឋឯករាជ្យអធិបតេយ្យ មិនអាចយកប្រជាធិបតេយ្យ ឬស្ដាប់បង្គាប់ប្រទេសណាមួយ យកមកធ្វើជាគ្រូប្រជាធិបតេយ្យរបស់កម្ពុជាបានទេ ហើយការដែល អ្នកចង់ឲ្យយកប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ឬបែបលោកខាងលិច គឺជាការបញ្ចេញមតិរបស់ពួកគេ។
ចូលរួមមានយោបល់លើបញ្ហានេះដែរ លោក សុខ ឥសាន បានអះអាងថា ដោយសារតែកម្ពុជាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ទើបធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៏មកដល់សព្វថ្ងៃ។ បើតាមលោក សុខ ឥសាន ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីសត្រូវបានធ្វើជាប្រចាំ តាមរយៈការអនុវត្តរដ្ឋធម្មនុញ្ញ នៃព្រះរាជាចក្រកម្ពុជា មិនមែនអនុវត្តតែនៅថ្ងៃ២៣តុលាទេ ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា មិនអនុញ្ញាតឲ្យប្រឆាំងប្រទេសណាទេ ត្រូវរួមគ្នា ប្រទេសហត្ថលេខីជួយកសាង និងអភិវឌ្ឍន៍កម្ពុជា។ ដូច្នេះការចង់ធ្វើបាតុកម្មប្រឆាំងចិន ក្នុងខួបលើកទី២៩ឆ្នាំ នៃកិច្ចព្រមព្រៀង គឺជាការប្រឆាំងកិច្ចព្រមព្រៀង ហើយការធ្វើបាតុកម្មប្រឆាំងចិន គឺជាសកម្មភាពបម្រើនយោបាយទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់។
បើតាមលោក សុខ ឥសាន គោលបំណង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា គឺស្វែងរកសន្តិភាព ការស្រុះស្រួលជាតិឲ្យកម្ពុជា ហើយខ្លឹមសារសំខាន់ៗមានដូចជា ដកកងទ័ពបរទេសចេញពីកម្ពុជាដោយមានការត្រួតពិនិត្យជាអន្តរជាតិ, យកជនភៀសខ្លួនចូលមកក្នុងប្រទេសវិញ, រៀបចំការបោះឆ្នោតដោយអ៊ុនតាក់បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់កម្ពុជា, ការធានាជាអន្តរជាតិលើឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចបំបែកបានរបស់កម្ពុជា, ការស្តារ និងកសាងឡើងវិញនៅកម្ពុជា ដោយមានការសន្យាជួយឧបត្ថម្ភគាំទ្រពីប្រទេសហត្ថលេខីទាំង១៨ និង អសប។
លោក សុខ ឥសាន បញ្ជាក់ថា ខ្លឹមសារសំខាន់ៗ ត្រូវបានបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះដែររួមមាន អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស, បើកទូលាយសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយជនពលរដ្ឋ, អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី, រៀបចំស្ថាប័នរបស់រដ្ឋមានតុល្យភាពអំណាច, អនុវត្តការបោះឆ្នោតថ្នាក់ជាតិ និងក្រោមជាតិដោយឆន្ទៈប្រជាជន, ប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ មិនឲ្យមានមូលដ្ឋានយោធាបរទេសក្នុងកម្ពុជា និងក៏គ្មានកងយោធាកម្ពុជា បោះទីតាំងនៅក្រៅប្រទេសដែរ លើកលែងតែក្រោមឆត្រ អសប, គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិកុមារ។ លោក សុខ ឥសាន លើកឡើងដែរថា ក្រោយការបោះឆ្នោតឆ្នាំ៩៣ សន្តិភាពមិនទាន់មានដោយសារភាគីខ្មែរក្រហមធ្វើពហិកា តែដោយសារនយោបាយឈ្នះ ឈ្នះ ទើបបានសន្តិភាពពេញលេញនៅកម្ពុជា៕
![](https://kampucheathmey.com/wp-content/uploads/2020/10/23-Oct-234567865432-6-1024x725.jpg)
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត