ព័ត៌មានជាតិ
សមត្ថកិច្ចហាមឃាត់សកម្មភាព ក្រុមអ្នកបើកម៉ូតូបំពាក់សារ៉ែន បើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយហាមឃាត់មិនឲ្យក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ បន្តធ្វើសកម្មភាពនេះទៀតឡើយ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានហាមឃាត់សកម្មភាពក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់នេះ តាំងពីអង្គារក្នុងសប្ដាហ៍នេះមកម្លេះ។ លោកថា សកម្មភាពរបស់ពួកគេ បានបង្កឲ្យមានបញ្ហាច្រើន ហើយក៏មានប្រជាពលរដ្ឋជាច្រើន ក៏បានរាយការណ៍អំពីបញ្ហានេះ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «តាំងពីម្សិលមិញ ម្សិលម្ងៃ យើងអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញ គឺយើងមានគោលការណ៍ ដើម្បីហាមឃាត់មិនឲ្យពួកគាត់ បើកនាំមុខឡានសង្រ្គោះបន្ទាន់ ឬក៏អីទៀតទេ ព្រោះវាមើលទៅវាដូចជា បង្កភាពអនាធិបតេយ្យច្រើន បង្កឲ្យមានបញ្ហាច្រើន ហើយប្រជាពលរដ្ឋភាគច្រើន បញ្ជាក់មក រអ៊ូមក ទាក់ទងមកអំពីបញ្ហាហ្នឹងដែរ អញ្ចឹងណា»។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ ប្រសិនបើក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនោះ នៅតែបន្តសកម្មភាពដដែលនេះទៀត សមត្ថកិច្ចនឹងដកហូតអាវ និងសម្ភារៈរបស់ពួកគេមួយចំនួនទៀត ព្រមទាំងឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបើនៅតែមិនស្ដាប់តាមការណែនាំបន្តទៀត នោះសមត្ថកិច្ចនឹងចាត់វិធានការទៅតាមច្បាប់។
ទោះបីជាបែបនេះក្ដី តំណាងក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនោះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានធ្វើសកម្មភាពនេះ អស់រយៈពេលជាច្រើនខែមកហើយ ដោយការស្ម័គ្រចិត្ត នឹងមិនមានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអ្វីឡើយ។ ពួកគេ នឹងបញ្ឈប់សកម្មភាពតាមការណែនាំ របស់អាជ្ញាធរ និងសមត្ថកិច្ចនាពេលនេះ។ ក៏ប៉ុន្តែនៅពេលខាងមុខ ពួកគេមានបំណងស្នើសុំទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចបន្តសកម្មភាពនេះបន្តទៅទៀត។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនទាំងនោះ មិនមានអង្គភាពអ្វីច្បាស់លាស់នោះឡើយ ដោយគ្រាន់តែពួកគេបង្កើតជាក្រុមៗ និងមិនមានការស្នើសុំ ការអនុញ្ញាតត្រឹមត្រូវណាមួយ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធនោះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត