ព័ត៌មានជាតិ
លោកនេត្រ ភក្ត្រា៖ របាយការណ៍បណ្ដាញយុវជន និងបណ្ដាញព្រៃឡង់ គ្មានតម្លៃសម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា របាយការណ៍របស់ក្រុមសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ ដែលថាបានរកឃើញបទល្មើសព្រៃឈើ៣៦៦ករណី ក្នុងតំបន់ព្រៃឡង់នៃខេត្តព្រះវិហារនោះ គឺជារបាយការណ៍គ្មានតម្លៃ សម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយ។
ការលើកឡើងនេះ បន្ទាប់ពីសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានរកឃើញបទល្មើសព្រៃឈើចំនួន៣៦៦ករណី ក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ត្រឹមរយៈពេលត្រឹមតែ៥ថ្ងៃថ្មីៗនេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះថា របាយការណ៍ខាងលើនេះ គ្មានតម្លៃសម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយព្រោះ ជារបាយការណ៍ ដែលអង្គការសង្គមស៊ីវិលខ្លះ បានប្រើដៃក្រុមបណ្តាញក្រៅច្បាប់ ដែលគ្មាននីត្យានុកូលភាព ក្នុងការបំពេញការងារស្របច្បាប់ ដើម្បីលួចរៀបចំរបាយការណ៍មួយ ដើម្បីចិញ្ចឹមទំនាស់ បម្រើរបៀបវារៈនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះគ្មានភាពចាំបាច់ត្រូវឆ្លើយតបទេ។

លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន លើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន១២៦០នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការ ជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតនិងទប់ស្កាត់បទល្មើស ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា រយៈពេល៦ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាត នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន៥១១ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណីដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន១៨២ គ្រឿង គោយន្តចំនួន៣០៨ គ្រឿង ម៉ូតូចំនួន៣៣៦គ្រឿង ត្រាក់ទ័រចំនួន២៤គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។
ចំពោះការលើកឡើងរបស់ក្រុមសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ ដែលថា ពួកគេរកឃើញបទល្មើសព្រៃឈើជាង៣០០ករណីនេះ បង្ហាញថា បទល្មើសព្រៃឈើ នៅតែបន្តកើតមានយ៉ាងខ្លាំងក្លាដដែលនោះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗ កើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាន នឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាន នឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានកត់សម្គាល់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធាន ធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត នូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅ របស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាចុងក្រោយថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារ និងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យ លើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចាប់ផ្តើមមានភាពល្អប្រសើរ ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី