ព័ត៌មានជាតិ
ក្រសួងបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបឹងទន្លេសាប និងកាត់បន្ថយការប្រើប្លាស្ទិច
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន បានធ្វើឡើងនៅក្នុងទិវាអនាម័យបរិស្ថាន (២៣ វិច្ឆិកា ) និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២០ ដែលធ្វើឡើងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានលើកឡើងដោយ ស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាប និងបងប្អូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍នានា នៅលើបឹងទន្លេសាបរួមគ្នាការពារ និងអភិរក្សបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេ លើពិភពលោកពីការបំពុលដោយប្លាស្ទិក។ លោកបញ្ជាក់ថា “ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមជំរុញនិងអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ កុំដុតសំណល់សំរាម និងកុំបោះចោលសំណល់ផ្ដេសផ្ដាសជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបល្អប្រសើរ ជីវចម្រុះគ្រប់ប្រភេទ នៅបឹងទន្លេសាប ត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិកដែលកើតពីការរលាយសារធាតុប្លាស្ទិកក្នុងទឹកហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប”។
បើតាមលោក នេត្រ ភក្ត្រា ពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំនេះ ក្រោមប្រធានបទ “អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ”។ លោកថា នេះ គឺជាការប្រារព្ធពិធីមួយថ្ងៃមុនការប្រារព្ធជាផ្លូវការទិវាអនាម័យបរិស្ថានជាតិ នៅទូទាំងប្រទេសកម្ពុជា ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២៣ ខែវិច្ឆិការៀងរាល់ឆ្នាំ។ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្សនិស្សិតគ្រប់ភូមិសិក្សា ឲ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។
លោក នេត្រ ភក្ត្រា បានថ្លែងថា ទន្លេសាបត្រូវបានបំពុល ដោយថង់ប្លាស្ទិក ដែលទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្ដាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាប។ ហេតុផលដែលថា ថង់ប្លាស្ទិក ត្រូវបានគេចាត់ទុកថា ជាការបំពុលដល់បរិស្ថាន ព្រោះថា វាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែកសារធាតុ មានន័យ ថា សំណល់ប្លាស្ទិក គឺសារធាតុ ដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយឡើយ។ សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានដូចជា ការធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹកលូ ដែលបង្កឲ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន នៅពេលគេបោះចោលថង់ប្លាស្ទិក នៅក្នុងបរិស្ថាន វាបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវចម្រុះ នៅក្នុងទឹកជាពិសេសមច្ឆជាតិ អាចទទួលរងពីការធ្វើឲ្យស្លាប់ ដោយសារតែពួកគេគិតថា ជាចំណីហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ, ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀត ផ្ទុកដោយសារធាតុគីមីពុល អាចជ្រាបចូលទៅក្នុងដី និងធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឲ្យមានការបំពុលទឹក និងដី នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗ អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស ដោយសារតែសារធាតុគីមី ដែលមានផ្ទុកក្នុងថង់ប្លាស្ទិក។
តាមលោក នេត្រ ភក្ត្រា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះ ក៏ជាការចាប់ផ្តើមបើកយុទ្ធនាការប្រមូលយកសំរាមប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០២០ ដែលជាការ ចូលរួមសហការរៀបចំរវាងមន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) ជាមួយដៃគូម្ចាស់ជំនួយអង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ (Ocean Recovery Alliance)។ យុទ្ធនាការនេះនឹងមានប្រជាសហគមន៍ចូលរួមសរុបជិត ៥,០០០នាក់ នៅតាមសហគមន៍ចំនួនប្រាំ ដែលនៅជាប់មាត់បឹងទន្លេសាប និងដងស្ទឹងសៀមរាបផ្នែកខាងក្រោម ដែលក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានរួមគ្នាសរុបចំនួន ២,៤៥០នាក់ និងសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួនប្រមាណ ២,៥០០គ្រួសារផ្សេងទៀត។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា កាលពីឆ្នាំ២០១៩ កន្លងទៅសំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត២០០ តោន) ត្រូវបានប្រមូលចេញពីទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ប្រមាណជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត សៀមរាបរួមនឹងមន្ទីរបរិស្ថាន និងអង្គការដៃគូ ដែលបានសហការគ្នា ដើម្បីសម្អាតអនាម័យបរិស្ថាន នៅក្នុងខេត្តទេសចរណ៍មួយនេះ និងជាពិសេសការផ្តួចផ្តើមគំនិតនិងចលនាប្រជាពលរដ្ឋចូលរួម ក្នុងការប្រមូលសំណល់ប្លាស្ទិកចេញពីទន្លេសាប និងការទប់ស្កាត់មិនឲ្យប្លាស្ទិកហូរចូលទន្លេសាបតាម រយៈការស្ទាក់ចាប់តាមប្រភពទឹកនានារួមមានស្ទឹងព្រែកនានា។
លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងចូលរួមសម្អាតបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅទន្លេសាបជាបឹង ដែលពិភពលោកទទួលស្គាល់ថា សម្បូណ៌ត្រីច្រើនជាងគេ។ លោកថាបឹងទន្លេសាបមានទេសភាពស្អាតសម្បូណ៌ ដោយជីវចម្រុះជាពិសេសមច្ឆជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ត្រូវតែទប់ស្កាត់ កុំឲ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឲ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ យើងត្រូវអនុវត្តនូវទិសស្លោក យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក។
លោក នេត្រ ភក្ត្រា ថ្លែងទៀតថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនៅថ្ងៃនេះ ដើម្បីបំផុសចលនាឲ្យពលរដ្ឋបញ្ឈប់ចោល សំរាមក្នុងទន្លេសាប និងឈប់ឲ្យបឹងទន្លេសាបទទួលរងនូវការបំពុល ដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។ លោកបន្តថា ការអប់រំ និងផ្សព្វផ្សាយ លើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើជាប្រចាំ ហើយជាមួយគ្នានេះ ត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្ដួចផ្ដើមផ្សេងៗ ដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុល ដោយប្លាស្ទិកក្នុងបឹងទន្លេសាប។
បើតាមការឲ្យដឹងរបស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០៖ បរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោនក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ១០៣ តោនក្នុងថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ២៤១តោនក្នុងថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ១៦២តោនក្នុងថ្ងៃ ដែលបាន ដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។
តាមការឲ្យដឹងពីលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ៤លានតោន ក្នុងនោះ ៦៥ភាគរយ ជាសំណល់សរីរាង្គ ប្រមាណ២០ភាគរយ ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុតចោលជាដើម។ កម្ពុជាមិនទាន់មានតួលេខថា ក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង ១០លានថង់ត្រូវបានប្រើប្រាស់។
នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០ លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិក មក សំណល់ប្លាស្ទិកនៅលើភពផែនដី មានប្រមាណ៩,៣ ប៊ីលានតោន ហើយចំនួននេះ នឹងត្រូវបន្តកើនឡើង នៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០ លានតោនក្នុងមួយឆ្នាំ។ ប្រសិនបើមិនមានវិធានការតឹងរឹង ក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកទេ នៅលើពិភពលោក នឹងមានសំណល់ប្លាស្ទិកកើនដល់ ៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយចំនួននេះ មានច្រើនជាងចំនួនត្រី នៅក្នុងមហាសមុទ្រទៅទៀត៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ពលរដ្ឋ៧៨១៩គ្រួសារ នៅស្រុកក្រគរ ទទួលអំណោយលោក ហ៊ុន ម៉ាណែត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ