ព័ត៌មានជាតិ
កម្ពុជាចូលរួមរៀបចំសេចក្តីថ្លែងការណ៍រួមស្ដីពី “និរន្តរភាពនៃផលិតកម្មកសិកម្ម” ជាមួយជប៉ុន
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងកសិកម្មអាស៊ានមួយចំនួនទៀតរួមមានប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយលោក Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)”។
ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ លោក Nogami Kotaro បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារដែលកំពុងប្រឈម។
លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ឱ្យប្រទេសទាំងអស់ក្នុងសកលលោកងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម ជាពិសេសប្រទេសក្នុងតំបន់ខ្យល់មូសុង ព្រោះថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសសមាជិកអាស៊ាន។
លោករដ្ឋមន្ត្រីបានបន្តថា៖ “ហេតុដូច្នេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មជាមួយប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការជួយដល់ប្រទេសដែលពឹងផ្អែកលើផលិតកម្មកសិកម្មជាចំបង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្មទំនើប”។
លោក វេង សាខុន បានថ្លែងអំណរគុណដល់ លោក Nogami Kotaro ដែល ជាអ្នកផ្តួចផ្តើមរៀបចំសេចក្តីថ្លែងការណ៍រួមនេះឡើង។ លោក បានបន្តថា សម្រាប់ជំហររបស់ភាគីកម្ពុជា សូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០ ដែលបានដាក់ចេញនូវគោលនយោបាយ៖ ១ ជំរុញផលិតកម្មកសិកម្ម ២ បង្កើនប្រសិទ្ធភាព និងមានភាពប្រកួត ប្រជែង ៣ ការបង្កើនផលិតកម្មកសិកម្មដោយគិតគូរដល់និរន្តរភាពបរិស្ថាន។
លោករដ្ឋមន្ត្រី Nogami Kotaro បានបញ្ជាក់ផងដែរថា លោកនឹងថ្លែងសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពផលិតកសិកម្ម និងប្រព័ន្ធស្បៀងអាហារ” នេះនៅក្នុងកិច្ចប្រជុំត្រៀមមហាសន្និបាតកំពូលពិភពលោក (Pre-Summit on Food System) នៅក្នុងខែកញ្ញា ២០២១ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់