ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ ៖ ជំហររបស់ក្រសួង គឺអនុវត្តផ្អែកទៅលើច្បាប់ ស្តីពី ផ្លូវថ្នល់
មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណ និងដឹកជញ្ជូន បានបញ្ជាក់ថា ជំហររបស់ក្រសួងសាធារណ និងដឹកជញ្ជូន គឺអនុវត្តផ្អែកទៅលើច្បាប់ ស្តីពី ផ្លូវថ្នល់ ហើយចំពោះការសំណូមពរ របស់ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃម្សិលមិញ គឺកំពុងអនុវត្តផ្ទុយ នឹងផ្លូវច្បាប់ទាំងស្រុង។
ការបញ្ជាក់នេះ បន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២១ ខែកក្កដាថា «ក្រសួងបានទទួលព័ត៌មាននេះរួចហើយ កាលពីម្សិលមិញ តែករណីនេះពួកគាត់កំពុងអនុវត្តផ្ទុយ និងផ្លូវច្បាប់ទាំងស្រុង។ គាត់នាំគ្នាធ្វើខុស ហើយមកសំណូមពរ អោយយើងកែច្បាប់ពីត្រូវ ទៅខុសតាមគាត់ គឺយើងមិនអាចទទួលយកបានទេ»។ លោកថា គោលជំហររបស់របស់ក្រសួង គឺផ្អែកលើច្បាប់ ស្តីពី ផ្លូវថ្នល់។
ជាមួយគ្នានេះលោក គង់ វិមាន ក៏បានលើកឡើងដែរថា ទង្វើរបស់ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មមួយចំនួនតូច កាលពីថ្ងៃម្សិលមិញនោះ គឺប្រជាពលរដ្ឋមួយប្រទេស កំពុងប្រតិកម្មត្មេះដៀល ពួកគាត់យ៉ាងចាស់ដៃ ដូចមានស្ទើគ្រប់សារព័ត៌មាន ក៏ដូចបញ្តាញសង្គមបានចុះផ្សាយរួចហើយ។ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា «ដូច្នេះដរាបណាច្បាប់យើងនៅមានជាធរមាន គឺយើងនៅតែអនុវត្តដដែល»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា លោកសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូន សូមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងគោរពច្បាប់ ស្ដីពី ផ្លូវថ្នល់ កុំដឹកលើសកម្រិតទម្ងន់កំណត់ដោយច្បាប់ ដែលធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «យើងខ្ញុំអនុវត្តច្បាប់ ច្បាប់បានចែងក្នុងមាត្រា៦០ នៃច្បាប់ស្ដីពី ផ្លូវថ្នល់ បើកឡានណាដឹកទំនិញលើស២០ភាគរយ ឧទាហរណ៍ឡានហ្នឹងដឹកបាន២០តោន ចឹង២០ភាគរយបានតែ២៤តោនទេ តែ២៤លើសបន្តិច ឡានហ្នឹងលើស២០ភាគរយហើយ បើលើស២០ ភាគរយ ត្រូវផាកពិន័យហើយ ត្រូវឃាត់ឡានទុក១ឆ្នាំ មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារអ្នកត្រួតពិនិត្យយានជំនះ ដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ ចង់ចាប់ឡានទុក១ឆ្នាំទេ ប៉ុន្តែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យហើយ ឃាត់ឡាននោះទុក១ឆ្នាំ»។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា «សូមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀតថា បងប្អូនប្រជាពលរដ្ឋ បងប្អូនអ្នកដឹកទំនិញកុំដឹក ឲ្យលើសទម្ងន់កំណត់ ដោយច្បាប់ឲ្យសោះ បើមិនចង់ឲ្យគេចាប់ឡានទុក១ឆ្នាំ កុំដឹកឲ្យលើស២០ភាគរយ»។
សូមជម្រាបថា តំណាងក្រុមដឹកជញ្ជូនចំនួន៥នាក់ ដែលបានធ្វើការតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានស្នើសុំដំណោះស្រាយ៣ចំណុច រួមមាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។ ២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។ ៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង