Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ៖ គម្រោង និងសកម្មភាពក្រោមក្របខ័ណ្ឌមេគង្គ-គង្គា បានរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍអនុតំបន់មេគង្គ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូល រួមរបស់រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រ ទេសជាសមាជិកមេគង្គ ដទៃទៀត។ នេះបើ​យោង​​តាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍២០ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០០០-២០២០) រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាព រយៈពេល៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។ ជាមួយគ្នានេះដែរ កិច្ចប្រជុំ ក៏មានការបើកសម្ពោធឱ្យដំណើរ ការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូច ជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួបអនុស្សាវរីយ៍២០ ឆ្នាំនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-គង្គា ដែលបានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។ រដ្ឋមន្រ្តីទាំងអស់បានសម្តែងក្តីសង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។

រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរ ចំពោះការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយយល់ច្បាស់អំពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំង អស់បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការ នៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខសុខភាព ក្នុងយុគសម័យក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។

រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍ជំនួយរបស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួលផលរហ័ស (Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ គម្រោងចំនួន៣៨ បានបញ្ចប់ និង៣០គម្រោងផ្សេងទៀតកំពុងអនុវត្ត។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំបរិស្ថាន និងវប្បធម៌។ ព្រមជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរ ចំពោះប្រទេសឥណ្ឌា ដែលបានបង្កើននូវការផ្តល់ជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាសមិទ្ធផលមួយ ដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជា អកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែនការស្តារឡើងវិញរបស់សារមន្ទីរ ដែលមានការគាំទ្រពីបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ។

កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ ជាមួយនឹងការចែកជូននូវរបាយ ការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០១៩-២០២២) និងបញ្ជីគម្រោងទទួលផលរហ័ស នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម