ព័ត៌មានជាតិ
ក្រុមការងារបូជាសពអ្នកស្លាប់ ដោយសារកូវីដ ខេត្តកោះកុង ដំឡើងឡសម្រាប់បូជារួចរាល់ហើយ
ក្រុមការងារគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ ខេត្តកោះកុង បានដំឡើងឡរួចរាល់ហើយ សម្រាប់បូជាអ្នកស្លាប់ ដោយសារជំងឺកូវីដលើផ្ទៃដីចំនួន២ហិចតា នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

លោក អ៊ូច ទូច អនុប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងបូជាសពអ្នកជំងឺកូវីដ-១៩ ខេត្ត ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ឡបូជាអ្នកស្លាប់កូវីដ គឺបញ្ជាទិញមកពីខេត្តកំពត ចំនួន៣គ្រឿង។ លោក អ៊ូច ទូច អនុគណៈកម្មការគ្រប់គ្រងចាត់ចែងការបូជាសពអ្នកស្លាប់កូវីដខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ពន្យល់ថា ត្បិតដំឡើងឡបូជានេះរួចក៏ពិតមែន តែមិនអាចផ្តើមទទួលបូជាអ្នកស្លាប់កូវីដនៅឡើយ ព្រោះក្រុមការងាររៀបឥដ្ឋជុំវិញឡ សាងរោង និងចាក់សាបបេតុងតាមគម្រោងផែនការបន្តទៀតសិន។

ផ្លូវចូលទីតាំងឈាបនដ្ឋាន គឺផ្តើមចេញពីផ្លូវជាតិលេខ៤៨ ទទឹង១០ម៉ែត្រ ប្រវែង១០០ម៉ែត្រ និងទីតាំងបូជាមានប្រវែង៥០ម៉ែត្របួនជ្រុង ដោយលើផ្ទៃដីបម្រុងទុករបស់ស្រុកមណ្ឌលសីមា។

មិនចំពោះតែទីតាំងបូជានៅស្រុកមណ្ឌលសីមាទេ នៅឯឃុំបឹងព្រាវ ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ក៏មានការដំឡើងឡបូជានេះដូចគ្នា ដែលមានទីតាំងនៅភូមិជីត្រេះ ឃុំអណ្តូងទឹកលើដីបម្រុងទុករបស់រដ្ឋបាលស្រុក។ ចំណែកសពអ្នកស្លាប់កូវីដជាជនជាតិខ្មែរឥស្លាម រដ្ឋបាលបានផ្តល់ដីប្រមាណ៥ហិចតា ដើម្បីរៀបចំធ្វើទីបញ្ចុះសពនៅឃុំត្រពាំងរូង ស្រុកកោះកុង។
កន្លងទៅ ការបូជាអ្នកស្លាប់ដោយសារជំងឺកូវីដនៅខេត្តកោះកុង ធ្វើឡើងនៅតាមវត្តអារាមនានាជាបណ្តោះអាសន្ន គ្រាលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធស្វែងរកទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានដ៏សមស្រប ពុំបង្កផលប៉ះពាល់ដល់បរិស្ថាន ឬជីវភាពរស់នៅពលរដ្ឋឡើយ។

បញ្ហារីករាលដាលជំងឺកូវីដ ក្នុងមូលដ្ឋានខេត្តដែលជាប់ព្រំដែនថៃមួយនេះ កំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងណាស់ ព្រោះអត្រានៃការរកឃើញអ្នកឆ្លងថ្មីមានជាបន្តបន្ទាប់ ដែលតម្រូវឱ្យអាជ្ញាធរមន្ត្រីជំនាញស្វែងរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជារៀងរាល់ថ្ងៃ។ ទន្ទឹមនោះ វិធានការដើម្បីធានាបាននូវការទប់ស្កាត់ជំងឺបានទាន់ពេលវេលា រដ្ឋបាលខេត្ត កំណត់ដល់មន្ត្រីរាជការ កងកម្លាំងទូទាំងខេត្តចូលខ្លួនមកធ្វើតេស្តរហ័ស(Rapit Test)ផងដែរ។


លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ក្នុងខេត្តមានសរុបចំនួន៣.៥៧៣នាក់ ស្រី ២.២១៦នាក់ ក្នុងនោះមានអ្នកជំងឺចូលថ្មី៧០នាក់ ស្រី ២៩នាក់។ លោកបន្ថែមថា សម្រាប់អ្នកជាសះស្បើយចំនួន២.៥៣៧នាក់/ស្រី ១.៦៤១នាក់ ស្លាប់ចំនួន២០នាក់ និងកំពុងតែព្យាបាលចំនួន១.០១៦នាក់ /ស្រី ៥៦១នាក់៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?