Connect with us

ព័ត៌មានជាតិ

រកឃើញថ្មី ៖ កុមារកំព្រានៅមណ្ឌលមែកឈើ៩នាក់ទៀត, ក្នុងនោះម្នាក់អាយុ៣ឆ្នាំ ឆ្លង កូវីដ-១៩

បានផុស

នៅ

កុមារកំព្រាចំនួន៩នាក់ ស្ថិតក្នុងមណ្ឌលកុមារកំព្រាមែកឈើ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ។ នេះបើតាមលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ។

លោក ផន ផល្លា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះថា គិតមកដល់ពេលនេះ នៅមណ្ឌលកុមារកំព្រាមែកឈើ មានកុមារកំព្រាសរុបចំនួន២៦នាក់ និងបុគ្គលិកចំនួន៤នាក់ដែរ បានរកឃើញថា ឆ្លងជំងឺ​កូវីដ-១៩។ លោកថា កាលពីថ្ងៃម្សិលមិញ កុមារដែលអាយុខ្ទង់៣ឆ្នាំឡើង ចំនួន៩នាក់ រួមទាំងបុគ្គលិក​ម​ណ្ឌល​ម្នាក់ បានរកឃើញឆ្លងកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា បានថ្លែងយ៉ាងដូច្នេះថា «ក្មេងៗ ដែលឆ្លងថ្មីចំនួន៩ ហើយនិងបុគ្គលិកម្នាក់ អញ្ចឹងក្នុងចំណោម៩​នាក់ហ្នឹង ចន្លោះអាយុរបស់ពួកគាត់ តូចជាងគេហ្នឹងអាយុ៣ឆ្នាំ ហើយធំជាងគេហ្នឹងអាយុ១៦ឆ្នាំបាទ អញ្ចឹងចន្លោះ​ពី៣ឆ្នាំ ទៅ១៦ឆ្នាំ ចឹង១៦ឆ្នាំមានម្នាក់ ៣ឆ្នាំមានម្នាក់ ហើយខុសពីហ្នឹងពី៧ឆ្នាំ​ ទៅ៨ឆ្នាំ»។

ទោះជាបែបនេះក្ដី ស្ថានភាពនៃការឆ្លងរបស់កុមារកំព្រា នៅមណ្ឌលកុមារកំព្រាមែកឈើ ចំនួន៩នាក់ និងបុគ្គលិក​ម្នា​​ក់ផងនោះ គឺស្ថិតក្នុងសភាពស្រាលប៉ុណ្ណោះ ហើយត្រូវបានអាជ្ញាធរខណ្ឌកំបូល និងក្រុមគ្រូពេទ្យយកពួកគេ​ទៅ​ព្យាបាល ដោយយកចិត្តទុកដាក់បំផុត។ នេះបើតាមលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ ដែល​ទើ​ប បញ្ចប់ការធ្វើចត្តាឡីស័កទាំងស្រុង ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ កម្រិតធ្ងន់កាលពីពេលថ្មីៗនេះ។

ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាមែកឈើ លោក ផន ផល្លា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែល​បានជួយឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈ ក៏ដូចជាថវិកា​សម្រាប់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហាជីវភាពរស់នៅ របស់​កុមារកំព្រាជាង៦០នាក់ ស្ថិតក្នុងមណ្ឌលនេះ ខណៈដែលពួកគេមួយចំនួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និង​មួយចំនួនទៀត កំពុងធ្វើចត្តាឡីស័ក៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម