ព័ត៌មានជាតិ
ក្រសួងបរិស្ថាន លើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បង្កើនការដាំដើមឈើនៅតាមទីសាធារណៈ
ការលើកទឹកចិត្តឲ្យបង្កើនការដាំដើមឈើនេះ បានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិខេត្តព្រះវិហារ ដែលមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ សិស្សនិស្សិត កងកម្លាំងសមត្ថកិច្ចជាច្រើន។

លោក នេត្រ ភក្ត្រា ថ្លែងថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិ ដែលកម្ពុជាមាន។ លោកថា បច្ចុប្បន្នគម្របព្រៃឈើកម្ពុជាមានជាង៨,៥ លានហិកតាស្មើនឹង៤៦,៨៦ភាគរយ នៃផ្ទៃដីសរុបរបស់កម្ពុជា។ ដោយឡែកផ្ទៃដីព្រៃឈើ ដែលស្ថិតក្រោមការការពារ និងអភិរក្សដោយក្រសួងបរិស្ថានមានទំហំប្រមាណ៧,៣ លានហិកតាដោយចែកចេញជា៦៥ តំបន់ការពារធម្មជាតិ ដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង រួមនឹងរបៀងអភិរក្សជីវៈចម្រុះ។

លោករដ្ឋលេខាធិការបានលើកឡើងទៀតថា នៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតងនោះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹកក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមពីលើនេះ លោកបានបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់គ្រង និងទុកដាក់សំណល់ ដែលបង្កើតឡើងឱ្យបានត្រឹមត្រូវ ទាំងសំណល់ដែលកើតចេញពីការប្រើប្រាស់រាល់ថ្ងៃ និងសំណល់នៅក្នុងបរិស្ថាន ដោយធ្វើការញែកសំរាមឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ។

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា ទាំងការបង្កើនភាពបៃតងនៅក្នុងសហគមន៍ ដោយការដាំដើមឈើ និងការសម្អាតអនាម័យបរិស្ថានជាប្រចាំនោះនឹងធ្វើឱ្យភូមិដ្ឋាន សហគមន៍ និងទីក្រុង របស់យើងមានបរិស្ថានល្អស្អាត មានអនាម័យ និងផ្តល់នូវផាសុកភាពដល់ការរស់នៅ និងធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ ដែលស្របនឹងទិសស្លោកនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺ “អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ”។

ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ។

ដោយឡែកលោក ជួប បារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេសអាជ្ញាធរ និងមន្ត្រីរាជការនៃខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន។ លោកសង្ឃឹមថា ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង៕
ដោយ ៖ កោះកែវ




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ