ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជប៉ុន ដែលបានផ្តល់វ៉ាក់សាំង១លានដូសជូនដល់កម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នេះបើយោងតាមលិខិតផ្ញើជូនលោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ (Mr. SUGA Yoshihide) នាយករដ្ឋមន្រ្តីជប៉ុន ចុះ ថ្ងៃទី២៤ ខែកក្កដា ហើយដែលទើបទទួលបាននៅថ្ងៃនេះ។

លិខិតសម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងនេះថា “តាងនាមរាជរដ្ឋាភិ បាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការផ្តល់វ៉ាក់សាំង Astra Zeneca ផលិតនៅក្នុងប្រទេសជប៉ុន ចំនួន ១លានដូសជូនដល់កម្ពុជា”។
បើតាមសម្តេចតេជោ ហ៊ុន សែន ការបរិច្ចាគដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងប្រទេសយើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការ អនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កម្ពុជា។

បន្ថែមពីលើការបរិច្ចាគវ៉ាក់សាំងនេះ ជប៉ុនក៏បានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ នេះ តាមរយៈការផ្តល់ជាហិរញ្ញប្បទានឥតសំណងជាង ៥០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ២៣០លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន អះអាងថា “បើទោះជាជំងឺរាតត្បាតសកលកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជា លក្ខណៈរូបវន្តរវាងប្រទេសយើងទាំងពីរយ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩ មិនអាចរាំងស្ទះដល់កិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល។
ដោយមានការលេចឡើងនូវប្រភេទវីរុស បំលែងថ្មី សកម្មភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនអាចបញ្ចប់ក្នុងពេលឆាប់ៗ នោះទេ។ ដូចនេះ កម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន នៅក្នុងអំឡុងពេល និងក្រោយ ពេល នៃជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែនការស្តារសេដ្ឋកិច្ចឡើងវិញ របស់យើង”។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅក្នុងបរិបទ នៃជំងឺរាតត្បាតសកលនេះ ហើយសម្តេចបានជូនពរឱ្យ ប្រទេសជប៉ុនរៀបចំកម្មវិធីកីឡានេះ ទទួលបានជោគជ័យប្រកប ដោយផ្លែផ្កា។
សម្តេចទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីជប៉ុន ទាំងនៅក្នុងក្រប ខណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធ វីដេអូនៅខែវិច្ឆិកា ខាងមុខ និងនៅក្នុងឱកាសកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោ ជន៍ទៅវិញទៅមក នៃប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបាន បានផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន១ លានដូសដល់កម្ពុជា ហើយវ៉ាក់សាំងប្រមាណ ៣៣ម៉ឺន២ពាន់ដូស ក្នុងចំណោម១លានដូស បានដឹកមកដល់កម្ពុជា កាលពីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាមជើងយន្តហោះរបស់ក្រុមហ៊ុន ANA ជប៉ុន ហើយសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងនោះ៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី