Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់ ​លោក​ម៉ា​យ​ឃើ​ល តាន (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែមទៀត​ដល់​កម្ពុជា​ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើសុំ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជម្រាបលា​របស់​លោក ម៉ា​យ​ឃើ​ល តាន ជាមួយ​លោក​បណ្ឌិត អ៊ីត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួង​ការងារ។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជាច្រើន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​កម្ពុជា ពិសេស​សិង្ហ​បុរី​បាន​បញ្ជូន​គ្រូ​ជំនាញៗ​មក​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ចំពោះ​ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​នៅ​កន្លែងធ្វើការ​ងារ សិង្ហ​បុរី​ក៏បាន​ជួយ​ច្រើន​ណាស់ដែរ ដូចជា​ជួយ​រៀបចំ​បច្ចេកទេស​សុវត្ថិ​ភាព​ឡ​ចំហាយ​នៅក្នុង​រោងចក្រ ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ត្រួតពិនិត្យ​ឡ​ចំហាយ​ជាដើម ដោយបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​បាន​យ៉ាងច្រើន​នៅក្នុង​រោងចក្រ សហគ្រាស​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​«​សំណើ​បន្ទាប់​របស់ខ្ញុំ​គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណវុឌ្ឍិ ហើយ​កន្លងមក​សិង្ហ​បុរី​ក៏បាន​ដើរតួ​យ៉ាងច្រើន​ក្នុងការ​ជំរុញ​លើ​ការងារ​នេះ​»​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោករដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹងថា ​កម្ពុជា​ក៏​មាន​បំណង​ចង់​បន្ត​កិច្ច​សហ​ប​ប្រតិបត្តិការ​ជាមួយ​សិង្ហ​បុរី​ត​ទៅមុខទៀត ហើយ​សង្ឃឹមថា​សិង្ហ​បុរី​នឹង​នៅតែ​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។

ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​បានលើកឡើង​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល និង​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ក្នុងការ​ចូលរួម​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិក្ខាកាម​កម្ពុជា​ដោយ​លោក​បាន​លើកឡើងថា «​សិក្ខាកាម​កម្ពុជា​ចូលចិត្ត​សិក្សា​នៅ​កន្លែង​ការងារ​ផ្ទាល់​តែម្ដង ដែលជា​ចំណុច​ពិសេស​មួយ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់​ល្អប្រសើរ​»​។

លោក ម៉ា​យ​ឃើ​ល តាន បាន​មានប្រសាសន៍ថា​លោក​នឹង​ទទួលយក​សំណើ​ទាំងឡាយ​របស់លោក​បណ្ឌិត អ៊ិត សំហេង យកទៅ​ជម្រាបជូន​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ដើម្បី​ពិចារណា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ​ទៀត​។

លោក​ទូត​បាន​បន្តថា ក្រៅពីនេះ​សិង្ហ​បុរី​បាន​ឈរលើ​ចំណាត់ថ្នាក់​ទី​២ លើ​វិស័យ​វិនិយោគ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ក៏​តែងតែ​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​បន្ត​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ចំពោះ​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ត្រូវគោរព​អនុវត្ត​តាមច្បាប់​-​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ព្រមទាំង​ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​សមត្ថភាព​ជំនាញ​ការងារ​ដល់​កម្មករ​កម្ពុជា​ផងដែរ ដើម្បីឲ្យ​ពួកគេ​ទទួលបាន​ជំនាញ​សមស្រប​មួយ​សម្រាប់ធ្វើ​ការងារ​ចិញ្ចឹមជីវិត​ឱ្យ​កាន់តែ​ល្អប្រសើរ​។

នៅក្នុង​ជំនួប​នោះ​ដែរ ​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​កិច្ច​សហការគ្នា កាន់តែ​រឹងមាំ​ថែមទៀត ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​រដ្ឋាភិបាល​ទាំងពីរ​គឺ​សុទ្ធតែ​បាន​ទប់ស្កាត់ និង​ដោះស្រាយបាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​។

ទន្ទឹម​នេះ ភាគី​សិង្ហ​បុរី ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​បាន​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អ ជា​ផ្នែក​មួយ​អំណោយផល​ដល់​អ្នកវិនិយោគ​សិង្ហ​បុរី​ឲ្យ​មាន​ដំណើរការ​អាជីវកម្ម​របស់ខ្លួន​ជា​ប្រក្រតី​ឡើងវិញ ហើយ​កម្ពុជា​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បានការ​ពារ​ពល​ករក​ម្ពុ​ជា​ដែល​កំពុង​បម្រើការ​នៅ​ទីនោះ​ដូច​ជនជាតិ​សិង្ហ​បុរី​ដូចគ្នា​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម