ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» បានហើយ!
បុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ម្សិលមិញ ពាក់ព័ន្ធនឹងករណីញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំ។ បើតាមរបាយការណ៍បឋម បានឲ្យដឹងថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ហើយមានឈ្មោះពិតថា ផុន កុលចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បុគ្គលឈ្មោះ ផុន កុលចំរើន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេបានគេចខ្លួនមកដល់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះឈ្មោះ មុំ កន រយៈពេល២ថ្ងៃ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ រហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ តាមការពិនិត្យរបស់សមត្ថកិច្ច បានរកឃើញមានទូរស័ព្ទដៃ១ គ្រឿង និងប័ណ្ណចំនួន៤សន្លឹក នៅលើខ្លួនបុរសរូបនេះ។
បើតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ឈ្មោះ ផុន កុលចំរើន ភេទប្រុស មានអាយុ៣២ឆ្នាំ និងមានស្រុកកំណើតភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ប៉ុន្តែទីលំនៅបច្ចុប្បន្ន នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុ ហើយមុខរបរ ជាអ្នកនិពន្ធតាមអនឡាញ (ស្លាបប៉ាកាទេវរាជ)។
ថ្មីៗនេះមានបុគ្គលម្នាក់ ឈ្មោះ កុល ចំរើន អាយុ៣២ឆ្នាំ បានប្រើប្រាស់បណ្ដាញសង្គមឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះសារ អមជាមួយវីដេអូ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា «ការចាក់វ៉ាក់សាំងយកកាតគឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សូមឧបត្ថម្ភម្នាក់១$ ដើម្បីជីវភាពរស់តាមរយ: ABA: 500 013 244»។ បន្ទាប់មកទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បុគ្គលដដែលនេះ បានសរសេរ និងបង្ហោះជាវីដេអូថា «ការចាក់វ៉ាក់សាំងចិន គឺជាការចាក់មេរោគចូលទៅក្នុងរាង្គកាយយើង។ សូមឧបត្ថម្ភ មកខ្ញុំបាទម្នាក់មួយដុល្លារ ក្នុងជីវភាពរស់នៅ ដើម្បីធ្វើការកសាងសន្តិភាព ជូនប្រទេសជាតិតាមរយ: Account ABA: 500 013 244 សូមអរគុណ»។
ភ្លាមៗលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញមុខបដិសេធទាំងស្រុង ចំពោះការបង្ហោះសារ និងវីដេអូរបស់បុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះស្លាបប៉ាកាទេវរាជនេះ។ ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្តកោះកុង ក៏បានអំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំចាញ់បោក ការបង់ថវិកាចូលតាមសំណេររបស់បុគ្គល កុល ចំរើន នេះ។
ចំណែកលោក ទិត្យ សុផា មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ រស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន បានចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសាធារណជនទូទៅ ដោយស្នើសុំក្តីយោគយល់អនុគ្រោះ ចំពោះទង្វើកូនរបស់ខ្លួន។ លោក ទិត្យ សុផា បាននិយាយថា មូលហេតុដែលកូនរបស់គាត់បង្ហោះយ៉ាងដូច្នេះ ក៏ព្រោះតែមានជំងឺសរសៃប្រសាទ សតិមិនគ្រប់គ្រាន់ ចាប់ពីតាំងប្រពន្ធរបស់លោកស្លាប់ចោលកាលពីឆ្នាំ២០១៥មកម្លេះ។
បុរសដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បានអះអាងទៀតថា រូបលោកបាននាំកូនរបស់ខ្លួន ទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ពិតជាមានជំងឺសរសៃប្រសាទប្រាកដមែន តម្រូវឲ្យព្យាបាលនៅមន្ទីរ។ យ៉ាងណាក៏ដោយបុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ច ដោយរូបគេក៏សុំទៅធ្វើខ្ទមមួយ នៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។
មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើល ក្រោយទទួលព័ត៌មានថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលបញ្ចេញមតិរិះគន់ទាំងទទឹងទិសនោះ បែរជាចុងក្រោយឪពុករបស់បុគ្គលរូបនេះ ប្រាប់ថា កូនរបស់ខ្លួនមានជំងឺសរសៃប្រសាទ ដោយមានការបញ្ជាក់ពីមន្ទីរពេទ្យថែមទៀត។
លើសពីនេះទៀត មានមតិខ្លះលើកឡើងថា បើសិនជាបុគ្គលរូបនេះ មានសតិមិនគ្រប់មែន ហេតុអ្វីបានជាបុគ្គលរូបនេះ មើលទៅដូចជាជំនាញខាងប្រើប្រាស់បណ្ដាញសង្គម ហើយមើលក៏ទៅយុវជនរូបនេះ ក៏ប្រហែលជាមានជំនាញកាត់តវីដេអូថែមទៀត។ ម្យ៉ាងទៀត បើសិនជាមានជំងឺសរសៃប្រសាទមែន ហេតុអ្វីបានជាចេះឲ្យគេផ្ញើលុយ ចូលកុង ABA របស់ខ្លួនទៀត? ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មានកាតព្វកិច្ចត្រួតពិនិត្យច្បាស់លាស់ ចំពោះករណីនេះ កុំឲ្យប្រព្រឹត្តខុសហើយ សុំទោសរួចខ្លួន ឬបង្ហាញតែលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួននោះទេ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន