ព័ត៌មានជាតិ
ឈ្មួញនាំសត្វក្របីឆ្លងដែនទៅប្រទេសវៀតណាម ផ្គើននឹងបំរាមអាជ្ញាធរ
ខេត្តស្វាយរៀង៖ គេឃើញមានឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង ខណៈអាជ្ញាធរខេត្តកំពុងមមាញឹកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសបញ្ហាមនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាង ដែលប្រឈមនឹងការឆ្លងវីរូសកូវីដ-១៩ ចូលមកសហគមន៍។

ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ជាប់ច្រកព្រំដែនក្រឡោងខុស ស្រុកយិនហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។
បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឱ្យដឹងថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកសត្វក្របី ឱ្យដង្ខៅក្របី ឈ្មោះ អាន រស់នៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃក្របីលក់ឱ្យវៀតណាម១ក្បាលប៉ុន្មាន ខ្លួនមិនដឹងទេ។
ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទៅបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុស នេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោង ឬ៨យប់។

ការណ៍នេះជាហេតុធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអាន ប្រទេសវៀតណាម កំពុងមានផ្ទុះជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ។
ប្រជាពលរដ្ឋរស់នៅទីនោះ បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ពីប្រទេសវៀតណាម តាមម៉ូតូចូលមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៍ជាច្រើនរាល់ថ្ងៃ។
ទាក់ទិនករណីនេះ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្តិ៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សត្វក្របីប្រមាណ១០ក្បាលដែលឈ្មោះ អាន ដឹកឆ្លងដែនទៅប្រទេសវៀតណាមនេះគឺ ជាក្របីទិញពីប្រជាពលរដ្ឋក្នុងស្រុកចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយលក់ដើម្បីផ្គត់ផ្គង់ជីវភាព។

ចំពោះរឿងរ៉ាវនេះដែរ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ បានមានប្រសាសន៍ថា ករណីឈ្មួញលួចនាំសត្វក្របីរស់ចេញទៅប្រទេសវៀតណាម ក្នុងភូមិសាស្រ្តឃុំបន្ទាយក្រាំងនេះ លោកមិនបានដឹងទេ ហើយបើមានការនាំសត្វក្របីឆ្លងដែនមែននោះ គឺពាក់ពន្ធ័សមត្ថកិច្ចនគបាលវរៈការពារព្រំដែន ដែលឈរជើងនៅច្រករបៀងនោះ ដែលរដ្ឋបាលខេត្តបានចេញសេចក្តីណែនាំឱ្យសមត្ថកិច្ចទប់ស្កាត់ និងរឹតបន្តឹងការធ្វើចរាចរណ៍មនុស្ស និងការនាំសត្វ ចេញចូលតាមច្រករបៀងពីប្រទេសជិតខាង (សត្វគោ ក្របី ជ្រូក សាច់សត្វ និងផលិតផលធ្វើពីសាច់សត្វ) លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យស្រាវជ្រាវករណីនេះ។
លោកអភិបាលស្រុកកំពង់រោទ៍ បន្តទៀតថា ចំណែកបន្លែត្រីសាច់ ដែលប្រជាពលរដ្ឋដឹកបន្តិចបន្តួចគឺគ្រាន់តែសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃនៅក្នុងខេត្ត ដែលដោះដូរទំនិញគ្នាទៅវិញទៅមកដែលរស់នៅតាមតំបន់ព្រំដែនគឺ មានពិតប្រាកដមែន។

ពាក់ព័ន្ធនឹងករណីនេះ លោក យ៉ន សុផល នាយប៉ុស្ត៍វរៈការពារព្រំដែនសំយ៉ោង បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា លោកមិនបានជ្រាបករណី ឈ្មួញឈ្មោះ អាន នាំក្របីឆ្លងដែនទៅប្រទេសវៀតណាមនេះទេ ដោយមន្ត្រីប្រចាំការនៅច្រករបៀងក្រឡោងខុស មិនទាន់រាយការណ៍ជូនលោក។ ហើយលោកកំពុងជាប់រវល់ប្រជុំ ចាំល្ងាចលោកនឹងសួរទៅមន្ត្រីរបស់លោក ឱ្យទាក់ទងជាមួយក្រុមហ៊ុនដែលនាំក្របីឆ្លងដែនទាំងនោះ ថាមានអាជ្ញាបណ្ណ ឬច្បាប់នាំចេញដែរឬទេ បើមាន លោកនឹងដកលិខិតឯកសារពិនិត្យ និងផ្តល់ព័ត៌មាននៅពេលក្រោយ។
ចំពោះមហាជនសង្ឃឹមថា អាជ្ញាធរមានវិធាការ រឹតបន្តឹងបង្ការទប់ស្កាត់បទល្មើស និងអ្នកពាក់ព័ន្ធដើម្បីសុវត្ថភាព សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?