ព័ត៌មានជាតិ
មន្ត្រីឧទ្យានុរក្ស ១០០នាក់ ទទួលបានបណ្ណសរសើរ មេត្រីភាពបរិស្ថាន
មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស ចំនួន១០០នាក់ បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន ខណៈគេបានបំពេញការងារឆ្នើម ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ ការផ្ដល់ជូនបណ្ណសរសើរ គឺដើម្បីចូលរួមអបអរសាទរ «ទិវាឧទ្យានុរក្សពិភពលោក» ៣១ កក្កដា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានផ្ញើសារអបអរសាទរ «ទិវាឧទ្យានុរក្សពិភពលោក»។ លោកថា ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស (Rangers) ដែលត្រូវបានសម្លាប់ ឬរងរបួសក្នុងបេសកកម្ម នៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តបំពេញការងារ ដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ពិភពលោក។
បើតាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ មានមន្ត្រីឧទ្យានុរក្សចំនួន២នាក់ បានទទួលរងគ្រោះថ្នាក់ដល់ជីវិត ដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងបំពេញបេសកកម្ម ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាន បានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្ស ចំពោះបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សចំនួន ១០០នាក់ ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះ គឺជាភស្តុតាងបង្ហាញពីការលះបង់ របស់មន្ត្រីឧទ្យានុរក្ស ចំពោះជាតិ និងធនធានធម្មជាតិ។
សូមជម្រាបថា ប្រទេសកម្ពុជា បានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំ លើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួម ពីស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀត នៃការប្រារព្ធពិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជា និងជំរុញឲ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្ស ក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។
ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណងចំនួន៣ សំខាន់ៗ រួមមាន៖ ទី១. ផ្តល់គុណតម្លៃនិងលើកទឹកចិត្ត ដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិត ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ទី២. លើកកម្ពស់ការយល់ដឹង របស់សាធារណជន អំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជា ណាចក្រកម្ពុជា អំពីការតស៊ូលះបង់ របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយ សេចក្តីអង់អាចក្លាហាន។ និងទី៣. ជំរុញ និងលើកទឹកចិត្តសាធារណជនចូលរួម ជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក