ព័ត៌មានជាតិ
ស្ថានទូតចិន ៖ ដរាបណាវីរុសកូវីដ-១៩នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិន ក៏មិនអាចបញ្ឈប់បានដែរ
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានអះអាងថា ចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩នៅកម្ពុជា ហើយដរាបណាជំងឺកូវីដនៅមិនទាន់បញ្ចប់នៅកម្ពុជា ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។

ការលើកឡើងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសយកចិន ធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វាក់សាំង។

ស្ថានទូតចិនលើកឡើងថា នៅព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន១ លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ ដែលនេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិនជូនមកកម្ពុជា ហើយរហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស។ ស្ថានទូតបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិន និងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។

បើតាមស្ថានទូត ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២ លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែន សម្រាប់វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។

ស្ថានទូតអះអាងយ៉ាងនេះថា “ចិន និងកម្ពុជា គឺជាបងប្អូនល្អ ប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អ ក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ”។

សូមបញ្ជាក់ថា មានប្រសាសន៏នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានគណៈកម្មការលទ្ធកម្ម សុំឲ្យដកអ្វីដែលជាការសន្យាចេញពីការគិតគូរបស់យើង ដែលការសន្យានោះមាន Covac ចំនួន៧លានដូស និងអូស្ត្រាលី៣លានដូស ស្មើនឹង១០លានដូស ហើយយកចិនធ្វើជាបង្អែកពីយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វាក់សាំង។ បើតាមសម្តេចតេជោ ប្រភពដទៃទៀត គឺជាប្រភពគាំទ្រប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី