ព័ត៌មានជាតិ
បញ្ហាតំបន់ និងអន្តរជាតិ និងការវិវត្តនៅមីយ៉ាន់ម៉ា ជាប្រធានបទសំខាន់ប្រជុំប្រមុខការទូតអាស៊ាន
បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម រួមមាន កិច្ចសហប្រតិបត្តិការ និងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមក្រសួងការបរទេស នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ តាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់សមាហរណកម្មតំបន់ ទិដ្ឋភាពភាពនយោបាយ និងសន្តិសុខ និងបញ្ហាចាំបាច់បន្ទាន់ដទៃទៀត ដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួមសម្រាប់តំបន់អាស៊ាន រួមទាំងបញ្ហាទំនាក់ទំនងខាងក្រៅផងដែរ។
កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាព ដែលអាស៊ានសម្រេចបាននៅក្នុងឆ្នាំ២០២១ រួមមាន កិច្ចខិតខំសម្រេចបាននូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ានចំពោះគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់ (ASEAN SHIELD) ការអភិវឌ្ឍយុទ្ធសាស្រ្ត រួមបញ្ចូលគ្នាស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់អាស៊ាន ការជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់ស្តីពីសេដ្ឋកិច្ចបៃតង និងការជំរុញទៅមុខក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
ប្រទេសជាសមាជិកអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃតម្រូវការក្នុងការចាប់ផ្តើមឱ្យមានអភិក្រមរួម ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេស ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្ត ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត ដែលបានឯកភាពគ្នារួច រួមមាន កិច្ចព្រមព្រៀងច្រករបៀង ធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដើម្បីធានាថា អាស៊ានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយភាពកាន់តែរឹងមាំជាងមុន។
ដើម្បីតាមដានលទ្ធផលពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ជាពិសេស ការចាប់ផ្តើមបេសកកម្មរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្រុះសម្រួលដំណើរការនៃកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពចាប់ផ្តើមផ្តល់នូវជំនួយមនុស្សធម៌ ដោយគ្មានការពន្យារពេល តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមីយ៉ាន់ម៉ា។

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីការងារឆ្លងវិស័យ រួមទាំងអាទិភាពអាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗ និងសំណើរបស់ប្រទេស ទីម័រ ឡេស្តេ ជាសមាជិកនៅក្នុងអាស៊ាន។ កិច្ចប្រជុំបានកត់សម្គាល់ពីវឌ្ឍនភាព នៃដំណើរការកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងសម្របខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលកំពុងលេចឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីដំណើរឆ្ពោះទៅមុខ ស្តីពីទិសដៅអនាគត ដែលសហគមន៍អាស៊ានគួរប្រកាន់យកក្រោយឆ្នាំ២០២៥ និងបានអនុម័តល័ក្ខខ័ណ្ឌប្រតិបត្តិ (ToR) និងផែនទីចង្អុលផ្លូវសម្រាប់ក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន។
រដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងការអនុវត្តនូវគំនិតផ្តួចផ្តើមតំបន់ផ្សេងៗ រួមមាន មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីវិបត្តិនេះ។
សម្រាប់សំណើរបស់ប្រទេសទីម័រឡេស្តេធ្វើជាសមាជិកអាស៊ាន កិច្ចប្រជុំបានអនុម័តលើគោលការណ៍ណែនាំសម្រាប់ការចូលរួមរបស់ប្រទេសទីម័រឡេស្តេនៅក្នុងសកម្មភាពនានារបស់អាស៊ាន ក្នុងគោលបំណងកសាងសមត្ថភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេ អាចធ្វើការសម្របខ្លួនទៅតាមដំណើរការនានាពាក់ព័ន្ធនឹងអាស៊ាន។ រដ្ឋមន្រ្តីការបរទេសរំពឹងថា នឹងបញ្ចប់បេសកកម្មស្វែងយល់ការពិត (Fact Finding Mission) នៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ច និងសង្គម-វប្បធម៌ នៅប្រទេសទីម័រឡេស្តេ នៅក្នុងពេលឆាប់ៗនេះ នៅពេលដែលជំងឺកូវីដ-១៩ ធូរស្រាល៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត