ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ប្រាប់អង្គប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-អាមេរិកថា បានត្រៀមខ្លួនរួចហើយ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងខណៈលោកអញ្ជើញចូលរួមធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក លើកទី២ ជាមួយលោក អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

តាមលទ្ធផល នៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះបានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍នៅក្នុងអនុតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ ១, ការតភ្ជាប់សេដ្ឋកិច្ច ២, ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន ៣, សន្តិសុខមិនប្រពៃណី និង៤, ការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្ត្រីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់ នៃការបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគត និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស នៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។
សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារអាមេរិក។ កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសន្ទនាគោលនយោបាយសមភាពយេនឌ័រ ដែលផ្តោតលើ៖ ១, ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តោតលើការស្តារឡើងវិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ ២, ស្ត្រី សន្តិភាព និងសន្តិសុខដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ៣, ការការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយសង្ឃឹមថា កម្មវិធីទាំងនេះនឹងផ្តល់នូវធាតុចូល និងអនុសាសន៍ ដែលមានប្រសិទ្ធភាពលើវិធីពង្រឹងសមត្ថភាពស្ត្រី និងចូលរួមវិភាគទានដល់វឌ្ឍនភាពសង្គម។ កម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ដើម្បីសម្រេចនូវគោលដៅរួមនេះ។
កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តលើផែនការសកម្មភាពភាពជាដៃគូមេគង្គ-អាមេរិក សម្រាប់ការអនុវត្តពីឆ្នាំ២០២១ ដល់២០២៣៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ