ព័ត៌មានជាតិ
មន្ត្រីរាជការចូលនិវត្តន៍ ៖ កម្ពុជាបានក្លាយជាទីតាំងរណ្តៅគ្រាប់បែករាប់លានគ្រាប់របស់អាមេរិក
ការលើកឡើងរបស់មន្ត្រីរាជការចូលនិវត្តន៍ក្រសួងមហាផ្ទៃ គឺជាការឆ្លើយតបលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រោយពីឯកអគ្គរដ្ឋទូតបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយទាក់ទងករណីបណ្តឹងទៅលើបុគ្គលមួយ នៃក្រុមសង្គមស៊ីវិល និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
តាមរយៈលិខិតលិខិតចំហ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្ត្រីរាជការចូលនិវត្តន៍ទាំងនោះលើកឡើងថា ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ និងអភិវឌ្ឍខ្លួនក្រោយងើបពីគំនរផេះផង់ នៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាដល់ចំណុចសូន្យ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព មានបុគ្គលអ្នកនយោបាយជ្រុលនិយមមួយ ចំនួនតូចនៅសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បាននឹងកំពុងញុះញង់មិនចេះចប់មិនចេះហើយ ឲ្យមានការដាក់ទណ្ឌកម្ម ឬចាត់វិធានការរឹតបន្ដឹងផ្សេងៗមកលើប្រទេសកម្ពុជា។
បើតាមក្រុមមន្ត្រីរាជការចូលនិវត្តន៍ទាំងនោះ សច្ចធម៌ប្រវត្តិសាស្ត្រជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រ ដ៏ជូរចត់រហូតមកដល់បច្ចុប្បន្ន ស្តែងឲ្យឃើញថា ក្រោយពីការបញ្ចប់នូវរបបអាណានិគម ប្រជាជនកម្ពុជា មានពេលវេលាតិចតួចបំផុតដែលបានរស់នៅក្នុងសុខសន្តិភាពពេញលេញ។ ប្រសិនបើយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏ជូរចត់ខ្លោចផ្សារបស់កម្ពុជា យើងនឹងឃើញថា រដ្ឋដ៏តូច និងទន់ខ្សោយមួយនេះ បានរងគ្រោះឥតឈប់ឈរ ក្រោយរួចផុតពីនឹមអាណានិគមនិយមបារាំង ហើយមិនយូរប៉ុន្មានក៏បានបន្តធ្លាក់ទៅក្នុងវិបត្តិសង្គ្រាមជាបន្តបន្ទាប់ ដោយបានក្លាយជាទីតាំងនៃរណ្តៅគ្រាប់បែករាប់លានគ្រាប់របស់សហរដ្ឋអាមេរិក មុននឹងបន្តធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង។
ប្រជាពលរដ្ឋទូទៅសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ខណៈដែលប្រទេសកម្ពុជា កំពុងទទួលរងទុក្ខវេទនា យ៉ាងខ្លោចផ្សា បែរជារបបប្រល័យពូជសាសន៍មួយនេះត្រូវបានទទួលការគាំទ្រយ៉ាងងងើលពីប្រទេសមួយ ចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងសហរដ្ឋអាមេរិក ឲ្យអង្គុយក្នុងអសនៈនៃអង្គការសហប្រជាជាតិ ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋដែលរបបរបស់ខ្លួនកាប់សម្លាប់ទៅវិញ។ មិនត្រឹមតែមិនបាន មើលឃើញនូវតថភាពប្រវត្តិសាស្ត្រទាំងនេះ អ្នកនយោបាយមួយក្តាប់តូចនៅសហរដ្ឋអាមេរិក បែរជាយកលេសក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកធ្វើការគាបសង្កត់ក្នុងមហិច្ឆតាបំផ្លិចបំផ្លាញ សមិទ្ធផលជាផ្លែផ្កា នៃសន្តិភាព ដែលរាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសដ៏កំសត់មួយនេះចេញពីគំនរផេះផង់ ទាំងពួកគេដឹងយ៉ាងច្បាស់ថា គ្មានប្រទេសណាមួយនៅលើសកលលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ អនុវត្តបានល្អឥតខ្ចោះលើវិស័យសិទ្ធិមនុស្សនោះទេ។
ក្រុមមន្ត្រីរាជការចូលនិវត្តន៍លើកឡើងទៀតថា តាមពិតរដ្ឋាភិបាលកម្ពុជាទៅវិញទេ ដែលជាអ្នកបានធ្វើពលិកម្ម ក្នុងបុព្វហេតុស្តារឡើងវិញនូវសិទ្ធិ និងសេរីភាព ឲ្យងើបចេញពីរណ្តៅប្រល័យពូជសាសន៍ រហូតទាមទារបានមកវិញនូវសិទ្ធិជាមូលដ្ឋានទាំងស្រុងរបស់មនុស្ស រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បានការអប់រំ និងសិទ្ធិជាមូលដ្ឋានដទៃទៀត។ ផ្ទុយទៅវិញ អន្តរជាតិរួមទាំងបុគ្គលមួយក្តាប់តូចនៅសហរដ្ឋអាមេរិកនោះ គួរតែសាទរចំពោះការខិតខំស្តារឡើងវិញ នូវប្រទេសដ៏អភ័ព្វមួយនេះ និងការខិតខំត្រដររស់ ទាំងលំបាក រហូតបង្កើតបានសមិទ្ធផលសង្គមដូចសព្វថ្ងៃ។
ផ្អែកតាមតថភាពនៃប្រវត្តិសាស្ត្រ ក្រុមមន្ត្រីរាជការចូលនិវត្តន៍មានក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឯកអគ្គរដ្ឋទូត និងអ្នកនយោបាយគ្រប់រូបនៅសហរដ្ឋអាមេរិក នឹងបន្តចូលរួមចំណែកលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឲ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ ហើយសូមកុំទាញកម្ពុជាឲ្យដើរជាន់ដានប្រវត្តិសាស្ត្រខ្លួនឯង ដូចសហរដ្ឋអាមេរិកធ្លាប់បានធ្វើមកលើកម្ពុជានៅក្នុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០។
សូមបញ្ជាក់ថា ថ្មីៗនេះលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញផ្សាយសេចក្តីថ្លែងការណ៍អះអាងថា សហរដ្ឋអាមេរិកកំពុងធ្វើការតាមដានដោយយកចិត្តទុកដាក់លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើងទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកម្ពុជា ដែលលោកបានហៅថា ជាគណបក្សដែលធំជាងគេនៅកម្ពុជា៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ