ព័ត៌មានជាតិ
ធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋ មិនឲ្យលើសពី ១៥ ថ្ងៃទេ
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងជំនួយដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារតាមដានត្រួតពិនិត្យការពន្លឿនផ្តល់សេវាអត្តសញ្ញាណកម្ម (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងអញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)នៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័សប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីជាការឆ្លើយតបតាមតម្រូវការចាំបាច់របស់ពួកគាត់ ក្នុងការយកទៅប្រើប្រាស់លើកិច្ចការងារផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/PH-1024x562.jpg)
ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីនាយការិយាល័យជំនាញ និងនាយរងការិយាល័យ នាយផ្នែក និងមន្រីជំនាញពាក់ព័ន្ធចំណុះផែនការងារអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងថា ការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់នោះទេ ហើយជាគោលការណ៍ការផ្តល់ឯកសារអត្តសញ្ញាណកម្ម មិនឱ្យលើសរយៈពេលពី១០ថ្ងៃទៅ១៥ថ្ងៃនោះទេ។ នៅពេលធ្វើឯកសារនេះហើយ ត្រូវយកប្រគល់ជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលដើម្បីជាថ្នូររកកំរ៉ៃខុសច្បាប់ណានោះឡើយ ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ពន្លឿនការងារធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវផុតសុពលភាពឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ រាយការណ៍ជូនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ និងការជំរុញគ្រប់គ្រងបញ្ជីការស្នាក់នៅឱ្យកាន់តែមានប្រសិទ្ធភាព និងត្រៀមអនុវត្តនូវសេចក្តីសម្រេចលេខ០១៧សណន ស្តីពីការអនុវត្តសេវាអត្តសញ្ញាណកម្មច្រកចេញចូលតែមួយ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។ ជាមួយគ្នានេះ ក៏ផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានីខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។
ការផ្ទេរសមត្ថកិច្ចចុះទៅក្រោមដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និង បញ្ជីគ្រួសារជូនប្រជាជន។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។ ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែលបានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។ ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជ នគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅនូវឈ្មោះមនុស្សគ្រប់រូបដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ដទៃទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?