ព័ត៌មានជាតិ
កណ្តុរស្រែ ក្លាយជាអាហារដ៏ពេញនិយមសម្រាប់អ្នកកំពង់ឆ្នាំង
សត្វកណ្តុរស្រែបានក្លាយជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តមួយចំនួន ប៉ុន្តែកណ្ដុរស្រែអាំងមិនសុទ្ធតែជាជម្រើសអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់មនុស្សគ្រប់រូបនោះទេ តែនៅទីជនបទនៃខេត្ដកំពង់ឆ្នាំង កណ្ដុរស្រែអាំងកំពុងពេញនិយម ដោយសារវាជាអាហារមានតម្លៃថោក និងងាយស្រួលចម្អិន ដោយកណ្ដុរអាំងធុនតូចមួយក្បាលមានតម្លៃ ១,០០០រៀល ទៅ២,០០០រៀលតែប៉ុណ្ណោះ ។
បើតាមស្ត្រីអ្នកទទួលទិញសាច់កណ្តុលនៅក្រោមដើមពោធិ៍ កំពង់ដរផ្សារក្រោម ខេត្តកំពង់ឆ្នាំ ដែលកំពុងច្រក់សាច់កណ្តុរដែលគេបានពន្លាត់ស្បែករួចដាក់ចូលទៅក្នុងថង់បានឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែមកចាំថ្លឹងប្រមូលទិញសាច់កណ្តុរដែលម៉ូយរបស់គាត់តាមភូមិនីមួយៗតាមដងទន្លេដឹកយកមកលក់ ហើយការប្រមូលទិញសាច់កណ្តុរនេះ ក្នុងមួយព្រឹកបានចាប់ពី៧០គីឡូក្រាម ទៅ១០០គីឡូក្រាម ។

ស្ត្រីរូបនោះបានឲ្យដឹងថា សាច់កណ្ដុរស្រស់នេះ គាត់ទិញពីម៉ូយដឹកយកមកលក់ឲ្យ១គីឡូក្រាមតម្លៃ៦០០០រៀលទៅ៧០០០រៀល នៅពេលគាត់យកទៅបោះឲ្យម៉ូយតាមផ្សារ និងកន្លែងលក់ផ្សេងៗបន្តទៀតតម្លៃ១ម៉ឺនរៀលក្នុង១គីឡូក្រាម។
ស្ត្រីអ្នកប្រមូលទិញកណ្តុរបន្តថា ជាធម្មតានៅពេលទឹកទន្លេចាប់ផ្តើមឡើង បងប្អូនប្រជាពលរដ្ឋតែងតែចាប់សត្វកណ្តុរមកលក់ ព្រោះទឹកចាប់ផ្តើមបែកវាលធ្វើឲ្យសត្វកណ្តុរត្រូវរត់រកទីទួលនិងចុងឈើ ក៏ប៉ុន្តែដោយសារទឹកទើបចាប់ផ្តើមឡើង ដូចនេះការចាប់កណ្តុរមិនសូវបានច្រើនទេ បើទឹកទន្លេឡើងធំលិចទួល ខ្នងកោះ តាមចម្ការនិងតំបន់ឆ្ងាយៗនោះ ពួកគេចាប់បានច្រើន ថ្ងៃខ្លះមានរហូត៣០០ ទៅ៤០០គីឡូក្រាម ក៏មានដែរ ។
ស្ត្រីរូបនោះបន្តថា ដោយសារសត្វកណ្តុរស្រែស្អាត ពួកវាស៊ីស្រូវ,ស៊ីសំបកឈើ,ស៊ីស្មៅ.និងស៊ីដំណាំផ្សេងៗ មិនដូចសត្វកណ្តុលនៅតាមទីក្រុងនោះឡើយ។ ស្ត្រីប្រមូលទិញកណ្តុរបន្តឲ្យដឹងថា នៅពេលដែលកណ្តុរត្រូវច្រើនមានឈ្មួញមកប្រមូលទិញដឹកយកទៅប្រទេសវៀតណាមទៀតផង ។

ប្អូនប្រុសតុលាជាអ្នកចាប់កណ្តុរយកមកលក់នៅកំពង់ផែផ្សារក្រោមបាននិយាយថា កណ្តុលដែលគាត់ចាប់យកមកលក់ វាជាសត្វកណ្តុរត្រូវទឹកលិចព្រៃ នៅពេលចេញចាក់ម្តងៗមានគ្នាពី៤ ទៅ៥ទូក ពេលខ្លះសំបូរម្នាក់ៗអាចចាប់បានពី១០ ទៅ២០គីឡូក្រាម ដែលជាមុខរបររួមផ្សំពីការនេសាទត្រីខ្លះៗទំនេរពីការធ្វើស្រែចម្ការធ្វើឲ្យជីវភាពបានធូស្រាលមួយគ្រាៗ នៅពេលរដូវទឹកឡើង។ ពេលខ្លះចាប់បានតិចតួចពេកក៏ទុកធ្វើម្ហូបក៏មាន។ ប្អូនប្រុសបានបន្តថា អ្នកភូមិរបស់គាត់ អ្នកណាក៏ចេះហូបសាច់កណ្តុរនេះដែរ ពេលអាំងជាមួយអំបិលម្ទេសទៅ សាច់វាស្រដៀងសាច់សត្វទស្សាយ គាត់ចូលចិត្តញ៉ាំ ហើយញ៉ាំវារាល់តែថ្ងៃទៅហើយ ។

កណ្ដុរស្រែត្រូវបានទទួលទានជាទូទៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ពេលប្រជាជនខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរក្រហម ខណៈដែលសត្វល្អិតជាច្រើនប្រភេទទៀតត្រូវបានចាត់ទុកវាជាអាហារស្រោចស្រង់ជីវិត ។ ពេលនេះកណ្ដុរឆ្អិនក្លាយជាអាហារថ្ងៃត្រង់មានតម្លៃថោកសម្រាប់កម្មករ និងកសិករ ទោះជាមានការនិយាយខុសៗគ្នាពីរស់ជាតិវាយ៉ាងណាក៏ដោយ។ អ្នកខ្លះថាសាច់កណ្ដុរមិនខុសពី «សាច់មាន់ ឬសាច់គោ» នោះទេ ខណៈអ្នកដទៃទៀតនិយាយថា វាមានរសជាតិស្រដៀងសាច់ជ្រូកច្រើនជាង ។ សព្វថ្ងៃនេះមិនមែនតែប្រជាជនខ្មែរទេដែលយកសត្វកណ្តុរមកធ្វើជាអាហារនោះ ។ កណ្តុរស្រែដែលគេទិញយកមកធ្វើម្ហូបនិងនាំចេញទៅប្រទេសវៀតណាមនេះមិនមែនជាប្រភេទកណ្តុររស់នៅតាមភូមិឬកណ្តុរដែលនៅលើផ្ទះយើងសព្វថ្ងៃទេកណ្តុរនោះជាកណ្តុរនៅតាមស្រែ តាមបឹងគេហៅថាជាកណ្តុរស្រែ ។ ជនជាតិវៀតណាមពួកគេហូបសាច់កណ្តុរមិនរើសអើងទេមិនថាអាំង ខ ស្ល ស្ងោរទេ ឲ្យតែឆ្អិនគឺគេហូបទាំងអស់ហើយអ្វីដែលពួកគេចូលចិត្តបំផុតទៀតនោះ គឺស្ងោរនិងចំហុយលើបាយ ។ ដោយឡែកខ្មែរយើងមិនទទួលទានដូចជាជនជាតិវៀតណាមទេ គឺភាគច្រើនហូបក្រៀមៗដូចជា អាំង ឬក៏បំពងខ្លាញ់ជាដើម។

លោក ជុង អាជីវករប្រមូលទិញសាច់កណ្តុរស្រែម្នាក់មកពីខេត្ត ដុងថាប ប្រទេសវៀតណាមធ្លាប់បានបញ្ជាក់ឲ្យដឹងថា តម្លៃលក់ដុំកណ្តុរស្រែកើនឡើងដល់ ៣៣,០០០ដុង(លុយវៀតណាម)ប្រហែលជា ៦,០០០រៀលក្នុង១គីឡូក្រាម កណ្តុរស្រែជួនកាលមានច្រើននិងជួនកាលមានតិចអាស្រ័យទៅលើរដូវប្រមូលផល ស្រែនៅប្រទេសកម្ពុជា ប៉ុន្តែកណ្តុរមានពេញមួយឆ្នាំដូច្នេះការលក់ដូរសត្វកណ្តុរស្រែនេះក៏អាចរកស៊ីបានដែរ ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែននេះបាននិយាយថាមួយថ្ងៃៗអាជីវករខ្មែរបានដឹកសត្វកណ្តុរស្រែលើស ២ តោនទៅកាន់ប្រទេសវៀតណាម ។ នៅប្រទេសវៀតណាម មានភោជនីយដ្ឋានច្រើនណាស់និយមធ្វើម្ហូបកណ្តុរហៅកណ្តុរបំពងឬកណ្តុររ៉ូតទីដ៏ឈ្ងុយឆ្ងាញ់និងពេញនិយមទទួលទាន ៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ