ព័ត៌មានជាតិ
រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលពលករពីថៃ
សារាចរចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៦ ខែសីហា នេះបានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ហើយបន្ថែមលើវិធានការនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីទប់ទល់ នឹងមេរោគកូវីដ-១៩ផងដែរ ដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-01-22_15-37-26-1.jpg)
សារាចររបស់សម្តេចតេជោលើកឡើងទៀតថា ដោយផ្អែកតាមស្ថានភាពវិវត្ត នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះ ការរកឃើញ ក្នុងចំនួនកាន់តែច្រើនឡើងនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែល វិលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល១៤ថ្ងៃ ដោយបញ្ចប់នៅថ្ងៃទី១២ ខែសីហា ខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Sraskoe-226592833_4243088795759378_1123356-2-1-1024x461.jpg)
តាមការរំពឹងទុក បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ចប់ ពលករខ្មែរ ដែលនឹងវិលត្រឡប់មកពីប្រទេសថៃវិញ នឹងអាចមានការកើនឡើងក្នុងចំនួនដ៏ច្រើន ដែលអាចហួសពីសមត្ថភាព ទទួលយករបស់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងបណ្តាខេត្តជាប់នឹងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ផ្នែកតាមការវិវត្តថ្មី និងដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគ ប្រភេទ Delta ពិសេស ករណីនាំចូលពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា រាជរដ្ឋាភិបាលបានធ្វើការណែនាំ៣ចំណុចរួមមាន៖
ទី១- អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេសនិងព្យាបាល ត្រូវសហការគ្នាជាមួយបណ្តារាជធានី-ខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា ដោយផ្អែកលើអភិក្រមបត់បែនទៅតាមសភាពការណ៍ជាក់ស្តែង នៃចំនួនប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលមកកម្ពុជាវិញ និងសមត្ថភាពឆ្លើយតបជាក់ស្ដែងនៃមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តាខេត្តពាក់ព័ន្ធ ពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Sraskoe-226592833_4243088795759378_1123356-3-1-1024x461.jpg)
ទី២- បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ជាពិសេសខេត្តដែលមានពលករចំណាកស្រុកទៅ ប្រទេសថៃច្រើន ត្រូវរៀបចំមណ្ឌលចត្តាឡីស័កនៅតាមភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដែលស្ថិត នៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ ជាមួយគ្នានេះ បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ត្រូវចាប់ផ្តើមផ្អាកការទទួលយកការធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់ខ្លួនបច្ចុប្បន្ន ចំពោះអ្នកពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ-១៩ (មិនមែនប្រភេទ Delta) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដោយបង្វែរការធ្វើចត្តាឡីស័កនេះ ទៅធ្វើនៅតាមផ្ទះរៀងៗ ខ្លួន សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈ ក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/11128847770_3561745513873920_2775260783202597076_o-1024x682.jpg)
ទី៣- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវផ្តល់ការគាំទ្រឱ្យបានពេញទំហឹង តាមគ្រប់មធ្យោបាយ ជាពិសេស ផ្នែកសម្ភារៈ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី-ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩។
សារាចររបស់រាជរដ្ឋាភិបាលបញ្ជាក់ថា គ្រប់ក្រសួង-ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត និងគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងយន្តការ ដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ កោះកែវ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Sraskoe-226592833_4243088795759378_1123356-7-1-1024x461.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង