ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ នឹងមានស្ពានអាកាសថ្មើរជើង នាពេលឆាប់ៗនេះ
អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ស្ពានអាកាសថ្មើរជើងថ្មីមួយនឹងលេចចេញជារូបរាងនៅក្នុងក្រុងពោធិ៍សាត់នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង។

ការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលលោកបានចុះត្រួតពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


លោកបានបន្តថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។ លោកបានបន្ថែមទៀតថា ស្ពានអាកាសថ្មើរជើងថ្មីនេះ ដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់នឹងចាប់ផ្ដើមអនុវត្តគម្រោងនៅអំឡុងខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខ។



លោកអភិបាលខេត្ត បានបន្តទៀតថា«បន្ទាប់ពីខេត្តពោធិ៍សាត់ទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងទទួលរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩នោះរួចមក ដល់ពេលដែលយើងត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្ត ឲ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀតហើយ»។

ជាក់ស្តែងដូចជា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីលើសមិទ្ធផល ដែលបានធ្វើរួច ដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវកៅស៊ូភូមិចំការចេក ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។ល។

លោកអភិបាលបានបន្ថែមថា សួនច្បារនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់បានមួយកម្រិតផងដែរ។ លោកបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២១ ខាងមុខរដ្ឋបាលខេត្ត មានគម្រោងរៀបចំច្រាំង និងសួនច្បារនៅផ្នែកខាងកើតស្ទឹងបន្ថែមទៀតផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ