ខេត្ត​ពោធិ៍សាត់​ នឹង​មាន​ស្ពាន​អាកាស​ថ្មើរជើង​ នា​ពេល​ឆាប់ៗ​នេះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ខេត្ត​ពោធិ៍សាត់​ នឹង​មាន​ស្ពាន​អាកាស​ថ្មើរជើង​ នា​ពេល​ឆាប់ៗ​នេះ

Published

on

​អភិបាលខេត្ត​ពោធិ៍សាត់​បាន​លើក​ឡើង​ថា​ ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ថ្មើរជើង​។

​ការ​លើក​ឡើង​របស់​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ដែល​លោក​បាន​ចុះ​ត្រួត​ពិនិត្យមើល​ការដ្ឋាន និង​ពន្លឿន​ការស្ថាបនា «​សួន​ពោធិ៍សាត់​» ដែល​ជា​អតីត​សួនច្បារ​១៤​មករា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញ​បន្ថែម​មួយ​ចំនួន​ទៀត ដែល​មាន​ទីតាំង​ជាប់​ស្ពានថ្ម​ឆ្លង​ស្ទឹង​ពោធិ៍សាត់ ប្រសព្វ​ផ្លូវ​លេខ​១០១ និង​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។

​លោក​បាន​បន្ត​ថា ​ស្ពាន​អាកាស​ថ្មើរជើង​នេះ ត្រូវ​បាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ពិនិត្យ និង​អនុម័ត​ស្ថាបនា ក្នុង​កិច្ចប្រជុំ​លើក​ទី​១២ ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០​កន្លងទៅ នៅ​វេទិកា​សាលាខេត្ត​ពោធិ៍សាត់ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ក្រុង​ពោធិ៍សាត់ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ​។ លោក​បាន​បន្ថែម​ទៀត​ថា ​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ​ ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​សារមន្ទីរ​ខេត្ត​ពោធិ៍សាត់​នឹង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០​ឆាប់ៗ​ខាងមុខ​។

​លោក​អភិបាលខេត្ត ​បាន​បន្ត​ទៀត​ថា​«​បន្ទាប់ពី​ខេត្ត​ពោធិ៍សាត់​ទទួលរង​គ្រោះ​ ដោយ​ជំនន់​ទឹកភ្លៀង និង​ទទួលរង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នោះ​រួចមក ដល់ពេល​ដែល​យើង​ត្រូវ​បន្ត​ចាប់​ដៃ​គ្នា​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មាន​ភាព​ស្រស់​បំព្រង និង​រីកចម្រើន​បន្ថែម​ទៀតហើយ​»​។

​ជាក់​ស្តែង​ដូចជា «​សួន​ពោធិ៍សាត់​» ដែល​ជា​អតីត​សួនច្បារ​១៤​មករា ​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ពីលើ​សមិទ្ធផល ដែល​បាន​ធ្វើ​រួច ដូចជា​សួនច្បារ​ផ្លូវ​លេខ​១០១ ទល់មុខ​សាលាខេត្ត អគារ​រដ្ឋបាល​សាលាខេត្ត ភ្លើងស្តុប ផ្លូវ​កៅស៊ូ​ភូមិ​ចំការ​ចេក ភ្លើង​បំភ្លឺ​ផ្លូវ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ដំបូល​ផ្សារ​ថ្មី ទំនប់​បង្ហៀរ​ក្បាលហុង ។​ល​។

​លោក​អភិបាល​បាន​បន្ថែម​ថា សួនច្បារ​នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការ​លើកកម្ពស់​សោភ័ណភាព និង​មុខមាត់​ខេត្ត​ពោធិ៍សាត់​បាន​មួយ​កម្រិត​ផង​ដែរ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២១​ ខាងមុខ​រដ្ឋបាល​ខេត្ត​ មាន​គម្រោង​រៀប​ចំ​ច្រាំង និង​សួនច្បារ​នៅ​ផ្នែក​ខាងកើត​ស្ទឹង​បន្ថែម​ទៀត​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ អាជីវកម្ម​សាឡាង​នឹង​ត្រូវ​ចប់!ស្ពានឆ្លង​ទន្លេស្ទឹង​​ត្រង់​ក្រូច​ឆ្មារ​ នឹងចាក់បេតុងតភ្ជាប់នៅ​ថ្ងៃ ០៧ ធ្នូ​នេះ 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម