Connect with us

ព័ត៌មានជាតិ

ទូតចិនផ្ដល់ជំនួយឱសថ ដែលត្រូវបានណែនាំ ក្នុងត្រីវិស័យរបស់ចិន សម្រាប់ព្យាបាលជំងឺ​កូវីដ ដល់រដ្ឋបាលរាជធានីភ្នំពេញ

បានផុស

នៅ

ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយពិសេស ជាឱសថចិន Huashi Baidu Keli ចំនួន១០កេះ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយឱសថនេះ ត្រូវបានណែនាំ នៅក្នុងត្រីវិស័យរបស់ចិន ក្នុងការព្យាបាល ជំងឺវីរុសកូវីដ-១៩​ផងដែរ។ ការផ្ដល់ជំនួយនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែសីហា រវាងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang Wentian បានថ្លែងក្នុងពិធីនេះថា ចាប់តាំងពីមានការផ្ទុះឡើង នូវរលកថ្មីនៃជំងឺវីរុសកូវីដ កាលពីខែកុម្ភៈឆ្នាំ២០២១នេះមក រដ្ឋាភិបាលចិន បានខិតខំប្រឹងប្រែង ផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈប្រយុទ្ធប្រឆាំង ជំងឺវីរុសជូនដល់ភាគីកម្ពុជា ហើយបណ្តាខេត្តក្រុង ក្នុងប្រទេសចិន បានផ្តល់ជំនួយដល់រាជធានីភ្នំពេញ ជួយភាគីកម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមួយនេះ។

ចំពោះជំនួយ ជាសម្ភារៈប្រយុទ្ធប្រឆាំង ដែលផ្តល់ជូននាលើកនេះ ជាការផ្តល់ជូនរបស់ខេត្តក្រុងចំណងមេត្រី ជា​មួយរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន៖ ទីក្រុងGuangzhou រដ្ឋធានីប៉េកាំង ខេត្តFujian ទីក្រុងKunming ទីក្រុងShanghai ទីក្រុងHefei ទីក្រុងWuhan ទីក្រុងNanningជាដើម។ សម្ភារៈទាំងនោះ រួមមាន៖ ម៉ាស៊ីនផលិតអ៊ុកស៊ីសែន ម៉ាស៊ីនផលិតអ៊ុកស៊ីសែនអ៊ីដ្រូសែន ឱសថបុរាណចិនLianhua Qingwen និងថ្នាំកម្ចាត់មេរោគជាដើម។

លោក Wang Wentian បានបន្តទៀតថា ថ្ងៃនេះក្រៅពីប្រគល់ និងទទួលសម្ភារៈ ដែលជាជំនួយ របស់ចំណងមេត្រី នៃបណ្ដាខេត្តក្រុងប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជា ក៏បានផ្តល់ជំនួយពិសេស ជាឱសថចិន​Huashi Baidu Keli ចំនួន១០កេះ ដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ឱសថមួយប្រភេទនេះ ជាឱសថត្រូវបានណែនាំនៅក្នុងត្រីវិស័យ របស់ចិន ក្នុងការព្យាបាលជំងឺវីរុសកូវីដ ក៏ជាឱសថមួយក្នុងចំណោម ក្នុងចំណោម «ឱសថទាំងបី» របស់ចិន សម្រាប់ការព្យាបាលជំងឺវីរុសផងដែរ។

បើតាមស្ថានទូតចិន ឱសថនេះជាវេជ្ជបញ្ជា ដែលមានប្រសិទ្ធភាព ដែលត្រូវបានសង្ខេប ដោយក្រុមការងារលោក Huang Luqi ប្រធានបណ្ឌិត្យសភា វិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ក្នុងកំឡុងពេល ដែលព្យាបាលជំងឺវីរុសកូវីដ នៅក្នុងទីក្រុងWuhan ប្រទេសចិនដោយផ្អែក លើការសង្កេតព្យាបាលជំងឺ។ ឱសថនេះអាចរារាំងការវិវត្ត នៃស្ថានភាពជំងឺ ព្យាបាលអាការៈ ជាពិសេសជួយកាត់បន្ថយ រយៈពេលនៃជំងឺវីរុសបានយ៉ាងល្អ។ បច្ចុប្បន្ននេះត្រូវបានផលិត និងដាក់លក់នៅលើទីផ្សារ ដោយក្រុមហ៊ុនស៊ីណូហ្វាមចិន។ ទូតចិនសង្ឃឹមថា នឹងអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា។

លោក​ឃួ​ង ស្រេង​ នៅក្នុង​ឱកាស​នោះ បាន​សម្តែង​នូវ​ការ​ អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ​ចំពោះ​ប្រជាជន​ចិន ​និង​ថ្នាក់ដឹកនាំ​ចិន ​ដែល​តែងតែ​ជួយ​ប្រទេស​កម្ពុជា​កន្លងមក​។ ជាក់ស្តែង​នៅក្នុង​ពេលនេះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ទីក្រុង​/​ខេត្ត​សម្ព័ន្ធមេត្រី​ចិន​ចំនួន​៨ ដែលមាន​ទីក្រុង​ក្វាង​ចូ​វ​, ទីក្រុង​ប៉េកាំង​, ខេត្ត​ហ្វ៊ូ​ជៀន​, ទីក្រុង​គុន​មី​ញ​, ទីក្រុង​ហឺ​ហ្វេ​, ទីក្រុង​សៀង​ហៃ ទីក្រុង​វូ​ហាន និង​ទីក្រុង​ណាន​នី​ង​បានប្រគល់​នូវ​អំណោយ​ជា​ថ្នាំពេទ្យ​បុរាណ​ចិន និង​ឧបករណ៍​ចាំបាច់​ផ្សេងៗ ជាច្រើន​បន្ថែមទៀត ​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក​ ឃួ​ង ស្រេង បាន​បន្ត​ថា ការ​បរិច្ចាគ​នូវ ឱសថ និង​ឧបករណ៍​ចាំបាច់​ផ្សេងៗ ជាច្រើន​បន្ថែមទៀត ​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាន់ពេល​វេលា​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​មិត្តភាព ដែល​មិនអាច​បំបែក​បាន រវាង​ប្រទេស​និង​ប្រជាជន​យើង​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង គាំទ្រ​ដល់​យន្តការ​ ដែលមាន​ស្រាប់​ក្នុងការ​ការពារ​ និង​លើកកម្ពស់​សុខុមាលភាព​ ក៏ដូចជា​សុខភាព​របស់​ប្រជាជន​យើង ក្នុង​ការកសាង​សហគមន៍​សុខភាព ​និង​វិបុលភាព​រួម​៕ (ដោយ)៖ ឃួន​ សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម