ព័ត៌មានជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន ថា អតីតមន្ត្រីជាន់ខ្ពស់ CNRP ដែលទើបចេញមកបង្កើតបក្សថ្មីៗនេះ នឹងមិនអាចទទួលបានការគាំទ្រក្នុងការបោះឆ្នោត
ការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក “គណបក្សកែទម្រង់កម្ពុជា” បែបនេះ ជាការឆ្លើយតបសំណួររបស់កម្ពុជាថ្មី ខណៈលោក គង់ គាំ ចង់ឲ្យធ្វើជាចៅមហា ដើម្បីសម្របសម្រួលឲ្យអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបចេញមកបង្កើតគណបក្សថ្មីៗ ធ្វើការសម្របសម្រួលគ្នា។
លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា លោករីករាយចំពោះការផ្ដល់តួនាទី ដើម្បីធ្វើការសម្របសម្រួលគ្នានេះ លោកក៏ធ្លាប់បានជជែកគ្នាជាមួយគាត់ពីមុនមកដែរ ហើយជាមួយគណបក្សផ្សេងៗនោះ ក៏បានពិភាក្សាគ្នាខ្លះដែរ។ លោកកំពង់ស្ទង់មើលថា តើអាចរូបរួមគ្នាជាមួយគណបក្សណាបានខ្លះ។ លោកថា ពិតជាអាចរួបរួមគ្នាបាន តែនៅក្នុងក្របខ័ណ្ឌមួយ នឹងកម្រិតមួយ ដែលយើងអាចទទួលយកបានទាំងអស់គ្នា ។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន មកដល់ពេលនេះ លោកមិនទាន់ហ៊ានអះអាងទេ ដោយសារតែលោកទើបតែដាក់ឯកសារចូលក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយ។ លោកថា លោកបានឆ្លើយទៅលោក គង់ គាំ វិញហើយ ដោយធ្វើការអបអរសាទរ និងអរគុណចំពោះលោក គង់ គាំ ដែលគាត់អានផ្ដល់តួនាទីនេះ ប៉ុន្តែយើងចាំមើលលទ្ធភាពជាក់ស្ដែង នៅពេលជជែកគ្នា។
លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា “យើងដឹងហើយថា អាចនឹងមានឧបសគ្គច្រើនណាស់ក្នុងការរួបរួមគ្នានេះ ពីព្រោះអ្នកនៅក្រៅរដ្ឋាភិបាល ពួកគាត់សុទ្ធតែមានគំនិតរៀងៗខ្លួន មានមហិច្ឆតារៀងៗខ្លួន មានគោលដៅ និងការគិតគូរ ហើយក៏មានទស្សនៈ វិស័យមិនដូចគ្នាប៉ុន្មានទេ។ អ្នកខ្លះក៏មានគិតពីតំណែងនៅក្នុងបក្សដែរ ប៉ុន្តែខ្ញុំនៅតែគិតថាវាអាចមានលទ្ធភាពក្នុងការបង្រួបបង្រួមគ្នាហើយប្រសិនបើយើងមិនបង្រួបបង្រួមគ្នាទេ យើងក៏អាចជជែកពីកិច្ចសហការគ្នាខ្លះៗដែរ”។
ដោយឡែកចំពោះរបស់អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលចេញមកបង្កើតគណបក្សថ្មីៗ ដោយអះអាងថា នឹងបន្តស្មារតី នៃអតីតគណបក្សសង្គ្រោះជាតិនោះលោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា តាមការពិនិត្យមើលទៅ ការអះអាងអំពីការបន្តស្មារតីរបស់អតីតសង្គ្រោះជាតិនោះ អាចគ្រាន់តែថា ដើម្បីទាញយកប្រជាប្រិយភាព ឬការគាំទ្រប៉ុណ្ណោះ។លោកថា ប្រសិនបើយើងមានគំនិតបន្តមែន វាមិនពិបាកទេ យើងអាចជជែកគ្នាបាន។

ឆ្លើយតបសំណួរថា ការស្វែងរកការបង្រួបបង្រួមគ្នានេះ ដោយសារតែលោក មិនសង្ឃឹមពីការទទួលបានសំឡេងគាំទ្រនៅពេលបោះឆ្នោត ? លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា នេះគឺជាការពិតហើយ ក៏មិនមែនសម្រាប់តែគណបក្សរបស់លោកដែរ គណបក្សផ្សេងៗ ដែលទើបបង្កើតថ្មីនេះ ក៏មិនអាចទទួលបានការគាំទ្រនៅក្នុងការប្រកួតប្រជែងខាងមុខនេះដែរ ពីព្រោះជាទូទៅនៅពេលយើងបែកគ្នាជាបំណែកតូចហើយ យើងដណ្ដើមយកសំឡេងតិចតួចនេះ ដូច្នេះមិនអាចគ្រប់គ្រាន់ក្នុងការដណ្ដើមជោគជ័យនោះទេ ហើយប្រសិនបើមានការរួបរួមគ្នាមែននោះលោកគិតថា នឹងអាចមានកំលាំងគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែង និងទទួលបានសំឡេងខ្លះក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៦ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា និងគណបក្សកម្ពុជានិយម៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី