ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើ FAO ជួយផ្តល់ថ្នាំការពារជំងឺដុំពកលើស្បែកគោក្របី
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ខណៈបច្ចុប្បន្នជំងឺនេះកំពុងរីករាលដាលនៅកម្ពុជា។

ការស្នើរនេះធ្វើឡើងនៅរសៀលថ្ងៃទី១២សីហា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីអនុញ្ញាតឱ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបជម្រាបលា បន្ទាប់ពីលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា។
ជាការឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីកសិកម្ម ទាក់ទងនឹងថ្នាំការពារជំងឺដុំពកស្បែក គោ-ក្របី លោក Alexandre Huynh បានសន្យាថានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរកជួយដល់ប្រទេសកម្ពុជា។
លោក Alexandre Huynh បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការគាំទ្រធ្វើឱ្យបេសកកម្មរបស់លោកនៅកម្ពុជាសម្រេចបានលទ្ធផលយ៉ាងជោគជ័យ។

លោកសង្ឃឹមថា ការរួមចំណែករបស់អង្គការ FAO លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា នឹងមានការរីកចម្រើន ឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងទទួលបានបច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្តដើម្បីផ្លាស់ប្តូរទម្លាប់ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច។
គូរបញ្ជាក់ថាគិតមកដល់ដើមខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានករណីគោកើតជំងឺដុំពកស្បែកចំនួន ៦,៨០៤ករណី ក្នុងនោះជាសះស្បើយចំនួន៦៥% កំពុងឈឺ៣៥% និងងាប់ចំនួន១% ដែលភាគច្រើនជាកូនគោ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?