ព័ត៌មានជាតិ
កម្មករសិប្បកម្មផលិតនំបញ្ចុក ស៊ូស្លាប់ការពារថៅកែ
តំណាងកម្មករសិប្បកម្មផលិតនំបញ្ចុកម្នាក់បានសម្តែងសមានចិត្តថា «ប្រសិនតុលាការអនុវត្តសាលដីការឹបអូសយកដីថៅកែពេលនេះ ពួកគាត់សុខចិត្តស្លាប់នៅទៅទីនេះ មិនចេញទៅណាដាច់ខាត» ខណៈមានកម្មករ ក្មេងតូចៗជាកូនចៅកម្មករជាង៥០នាក់ លើករូបថតសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន រួមជាមួយបដាជាច្រើនផ្ទាំងគាំទ្រសម្តេចទាំងទ្វេជានិច្ច។

លោកឈិន នៅ ហៅអូន អាយុ៣៩ឆ្នាំ ជាកម្មករនិងស្នាក់នៅក្នុងសិប្បកម្មផលិតនំបញ្ចុកស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានអះអាងបែបនេះ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរនឹងចុះមកអនុវត្តសាលដីកា នាព្រឹកថ្ងៃទី១៣សីហានេះ ដើម្បីយកដីចែថៅកែរបស់ពួកគាត់។ ប៉ុន្តែរហូតដល់រសៀលថ្ងៃដដែលនេះ មិនឃើញមានអាជ្ញាធរចុះមកអនុវត្តសាលដីកានៅឡើយ។

លោកឈិន អូន បន្តថា គាត់មកធ្វើការនៅសិប្បកម្មនេះជាមួយប្រពន្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយតាំងពីមានកូនក្នុងពោះ ហើយរហូតមកទល់ពេលនេះមានកូន ក្មួយកំព្រាតូចៗមករស់នៅជាមួយនិងអ្នកដទៃទៀតជាង៥០គ្រួសារ ពោលគឺរស់នៅដោយសុខសាន្ត។ បន្ទាប់ពីឮថា តុលាការមកយកដីរបស់ចែថៅកែ រូបគាត់ដេកមិនលក់២យប់មកហើយ ប្រសិនគេរឹបអូសយកដី តើពួកគាត់ទៅរស់នៅទីណា? រកការងារឯណាធ្វើបាន?ពេលនេះកំពុងឆ្លងកូវីដ ហើយចែថៅកែផ្អាកសិប្បកម្ម មិនឱ្យកម្មករចេញក្រៅ ព្រោះខ្លាចឆ្លងកូវីដ។
លោកឈិន អូន បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងសម្តេចប៊ុនរ៉ានីហ៊ុន សែនមេត្តាជួយចែថៅកែពួកគាត់ ដោយជួយសើរើកាត់ក្តីរឿងនេះឡើងវិញ ព្រោះមានភាពអយុត្តិធម៌ខ្លាំងណាស់។

ស្ត្រីឈ្មោះថន ចាន់ធី អាយុ៣២ឆ្នាំ ជាកម្មករបម្រើការងារនៅសិប្បកម្មខាងលើនេះអស់រយៈពេល១៥ឆ្នាំបាននិយាយថា ប្រសិនតុលាការអនុវត្តសាលដីកាយកដីរបស់ថៅកែពួកគាត់ តើឱ្យពួកគាត់ទៅរស់នៅទីណា? ទៅរកការងារឯណាធ្វើបានសម័យកូវីដនេះ?ខ្លះធ្វើជាកម្មករម្នាក់ចិញ្ចឹមប្រពន្ធកូន ខ្លះធ្វើការទាំង២នាក់ប្តីប្រពន្ធចិញ្ចឹមកូន ខ្លះមានម្តាយចាស់ មករស់នៅជុំគ្នា ហើយថៅកែបានដាំបាយឱ្យហូប៣ពេល មានផ្ទះប្រើទឹកភ្លើងស្រាប់។
ស្ត្រីថន ចាន់ធី ក៏បានសំណូមពរស្រដៀងនឹងប្តីរបស់នាង ព្រោះនាងមានការអាណិតអាសូរដល់ថៅកែ និង សំណូមពរដល់សម្តេចពុក សម្តេចម៉ែ មេត្តាជួយសើរើរឿងក្តីខាងលើនេះឡើងវិញ ដើម្បីថៅកែពួកគាត់ទទួលបាននូវយុត្តិធម៌។
លោកយាយជៀប ថន អាយុ៧៥ឆ្នាំ ដែលជាម្ចាស់ដីដំបូងបានមកបំភ្លឺនាព្រឹកថ្ងៃទី១៣សីហានេះថា លោកយាយនិងប្តីគាត់បានទទួលដីនេះពីរដ្ឋក្រោយថ្ងៃរំដោះ៧មករា, ក្រោយមកគាត់ក៏បានហៅ តារ័ត្ន (លោកបែន សារ័ត្ន)មកទិញដីរបស់គាត់(មិនចាំឆ្នាំ,តែបើតាមឯកសារឆ្នាំ១៩៩១)។
ពេលនោះតារ័ត្នបានហៅកូនស្រីគាត់(បែន សុធារី)មកទិញរហូតមកដល់សព្វថ្ងៃ។ លោកយាយបន្តថា គេទិញដីគាត់ហើយ ហេតុអីខាងតុលាការមកយកដីគាត់ គាត់អាណិតតារ័ត្ន ណាស់។
លោកបែន សារ័ត្ន អាយុ៧៥ឆ្នាំ អតីតជាកម្មាភិបាលក្រសួងយុត្តិធម៌ សម័យរដ្ឋកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ឈ្មោះបែន សុធារី បានបំភ្លឺថា គាត់រស់នៅភូមិអូរអណ្តូងនេះតាំងពីឆ្នាំ១៩៧៩ ហើយជាកម្មាភិបាលក្រសួងយុត្តិធម៌ ធ្លាប់បានបង្រៀនមន្ត្រីតុលាការនិងមន្ត្រីយុត្តិធម៌តាមបណ្តាខេត្តនៅទូទាំងប្រទេស ។
លោកបែន សារ័ត្ន បន្តថា ប្រវត្តិដីនេះគឺយាយជៀប ថននិងប្តីគាត់បានហៅគាត់ឱ្យទិញដីនេះ,គាត់ក៏ប្រាប់កូនស្រីឈ្មោះបែន សុធារី មកទិញហើយរស់នៅរហូតដល់សព្វថ្ងៃ។
នៅពេលឮថា «តុលាការកាត់យកដីកូនគាត់ ឱ្យទៅអ្នកផ្សេងរូបគាត់ខកចិត្តខ្លាំងណាស់,វាមិនគួរកើតឡើងនូវរឿងរ៉ាវបែបនេះសោះ»។គាត់សំណូមពរដល់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្តិតមេត្តាជួយរកយុត្តិធម៌ឱ្យកូនគាត់ផង។
អ្នកស្រីបែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ មានប្លង់រឹងពីក្រសួងដែនដី បានបញ្ជាក់បន្ថែននាថ្ងៃទី១៣សីហាថា គាត់ និង កញ្ញាសួ សុបញ្ញា មានប្លង់កាន់កាប់ដីប្រមាណជាង២ ហិកតា (តាងដោយអក្សរA)ត្រូវបានតុលាការកំពូលចេញសាលដីកាយ៉ាងអយុត្តិធម៌ យកដីភូមិរបស់គាត់ទៅឱ្យភាគីដែលមានទំនាស់គ្នា ដែលមានព្រំដីនៅជាប់នឹងដីគាត់។
អ្នកស្រីបន្តថា ភាគីពីរនាក់ដែលឈ្លោះគ្នាទី១-ដើមបណ្ដឹងឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ចំណែកចុងបណ្ដឹងមានឈ្មោះគី ប៊ូសួ(ប្ដី) និងប្រពន្ធឈ្មោះលាង ញឹប រស់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ,ពួកគាត់ដើមបណ្ដឹងនិងចុងបណ្ដឹងទាំងពីរនាក់មានដីប្រមាណ២ហិកតា(តាងដោយអក្សរB) បានប្តឹងផ្តល់គ្នាទៅតុលាការទាំង៣ថ្នាក់ជាបន្តបន្ទាប់ ។
អ្នកស្រីបែន សុធារី បន្តថា នៅថ្ងៃទី៦កុម្ភៈឆ្នាំ២០២០តុលាការកំពូល បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី៣០មករាឆ្នាំ២០២០ បានចេញសាលដីកាលេខ៣៨(ច)សម្រេចឱ្យដើមបណ្ដឹងឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី ឈ្នះក្តី ហើយប្រគល់ដីមានទំនាស់នៅចំណុចB មានទំហំABCDEFGHធ្វើជាកម្មសិទ្ធិ។
ចំណែកដីនៅចំណុចA មានទំហំFIJG ដែលជាដីរបស់អ្នកស្រី(បែន សុធារី)កំពុងកាន់កាប់មានប្លង់រឹងគ្មានទំនាស់សោះ ប្រគល់ទៅឱ្យភាគីចុងបណ្តឹង(ចាញ់ក្តី)ឈ្មោះ គី ប៊ូសួ(ប្តី)និងឈ្មោះលាង ញឹប(ប្រពន្ធ) ធ្វើជាកម្មសិទ្ធិ។
អ្នកស្រីបែន សុធារី បន្តថា ភាគីទំនាស់២នាក់បងប្អូនឈ្លោះប្តឹងផ្តល់គ្នាឈ្នះចាញ់ បែរជាតុលាការយកដីគាត់ទៅឱ្យភាគីម្ខាងដោយអយុត្តិធម៌។ហេតុនេះទើបពួកគាត់ទាំង២នាក់កើតទុក្ខមិនសុខចិត្ត ធ្វើសន្និសីទកាសែតដើម្បីទាមទាររកយុត្តិធម៌នាថ្ងៃនេះនិងបង្ហាញភស្តុតាងយ៉ាងច្រើនរួមទាំងលិខិតលក់-ទិញតាំងពីឆ្នាំ១៩៩១រហូតដល់ឆ្នាំ២០២០ដែលអាជ្ញាធរបានចេញបង្កាន់ដៃវាស់វែងនិងកំណត់ព្រំលើក្បាលដី ទៀតផង។
អ្នកស្រីបែន សុធារី បានសុំអង្វរករដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាសម្តេចពុក សម្តេចម៉ែ បិតាមាតាសន្តិភាពមេត្តាជួយរកយុត្តិធម៌ដល់ពួកខ្ញុំ គឺមានតែសម្តេចទាំងទ្វេនោះទេដែលអាចជួយដល់កូនចៅបាន ហើយពួកខ្ញុំមិនទៅណាជាដាច់ខាត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?