ព័ត៌មានជាតិ
បង្ហើបរឿងថៃបិទច្រកមិនឲ្យខ្មែរនាំតាង៉ែនចូល ខ្លាចគ្មានកម្លាំងពលកម្មបេះតាង៉ែននៅថៃ
តាមទូរសព្ទពីខេត្តបាត់ដំបង កសិករដាំតាង៉ែន ឬមៀនប៉ៃលិនម្នាក់បានទម្លាយពីដើមទងដែលថៃបិទមិនឲ្យនាំតាង៉ែនខ្មែរចូល ដោយសារថៃប្រើយុទ្ធសាស្ត្រទប់ការពារខ្លាចខ្វះកម្លាំងពលកម្មពីខ្មែររាប់ម៉ឺននាក់ដែលធ្វើការនៅចម្ការតាង៉ែនឲ្យថៅកែថៃ។
លោក ឌីន ដែន កសិករដាំតាង៉ែននៅខេត្តបាត់ដំបងប្រាប់ថា ច្រកមិនបិទទេគឺថៃបិទតែមៀនប៉ៃលិនខ្មែរមិនឲ្យចូលតែប៉ុណ្ណោះ តែដំណាំផ្សេងៗអាចចេញចូលបាន។ មូលហេតុគឺផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសនិងប្រទេស ដោយសារឆ្នាំនេះមៀនប៉ៃលិនខ្មែរអំណោយផល ផ្ដល់ផលច្រើន។


កសិកររូបនេះបញ្ជាក់ថា ថៃបិទតែដំណាំតាង៉ែនខ្មែរទេ តែដំណាំផ្សេងទៀតអាចចូលថៃបាន តើមកពីមូលហេតុអ្វី? ខាងថៃខ្លាចមៀនខ្មែរផលច្រើន នាំពលករខ្មែរចេញមកគ្មានកម្លាំងបេះនៅថៃ។ អីចឹងថៃប្រើយុទ្ធសាស្ត្រទប់ ដើម្បីបំបាក់ទឹកចិត្តកសិករ ពីព្រោះអ្នកបេះមៀននៅថៃសុទ្ធតែជាពលករមកពីខ្មែរទាំងអស់។
កសិកររូបនេះបន្តថា ពេលតាង៉ែនខ្មែរចាល់លក់អត់ចេញ កសិករគ្មានកម្លាំងអាចកាប់ដើមចោល កុំឲ្យឃើញទើសមុខ ចឹងទេខាងថៃប្រើយុទ្ធសាស្ត្របែបនេះដើម្បីបំបាក់ទឹកចិត្តកសិករខ្មែរតែម្ដង។
កសិករដដែលរូបនេះបន្តថា ពីរទៅបីឆ្នាំទៀត មៀនប៉ៃលិនខ្មែរអាចខ្លាំងជាងថៃ ដោយសារខាងថៃគ្មានពលកម្មទេ ក្រៅពីប្រើកម្លាំងពលករមកពីខ្មែររាប់ពាន់រាប់ម៉ឺននាក់។
ពេលកម្ពុជាថ្មីសាកសួរក្រៅពីទីផ្សារថៃអាចលក់ក្នុងស្រុកបានទេ កសិកររូបនេះឆ្លើយថា ចំនួនរាប់តោនឯណោះ តម្រូវការនៅក្នុងស្រុកតិចតួចណាស់គឺមានតែពឹងទីផ្សារក្រៅជាពិសេសថៃ ដែលទិញពីខ្មែរនាំទៅលក់បន្តទៅចិនដែលជាទីផ្សារធំ។

ទាក់ទងមន្ត្រីដែលចុះទៅជួយដោះស្រាយការកកស្ទះតាង៉ែន កសិករដដែលរូបនេះបញ្ជាក់ថា គ្មានសង្ឃឹមនោះទេ មន្រ្តីបានត្រឹមតែសន្យា តែភាគរយដោះស្រាយចេញស្ទើរតែគ្មាន។
ក្រសួងកសិកម្មប៉ុន្មានថ្ងៃមុននេះ ក៏ប្រកាសឲ្យកសិករខ្មែរបង្វែរផ្លែតាង៉ែនដែលចាល់មកច្រកព្រំដែនវៀតណាមវិញ ប៉ុន្តែកសិករជាម្ចាស់ចម្ការតាង៉ែនលោកឌីន ដែន ចោទជាចម្ងល់ថា “ដឹកទៅច្រកវៀតណាមតើឲ្យថៅកែណា ឬគ្រាន់តែប្រកាសឲ្យតែបានទេ?”។
ក្រុមឈ្មួញនិងកសិករអ្នកដាំដំណាំតាង៉ែនហៅ (មៀនប៉ៃលិន) ជាច្រើនថ្ងៃមកនេះ បានយករថយន្តជាច្រើនគ្រឿងទៅបិទនៅច្រកទ្វារអន្តរជាតិដូង ដើម្បីសុំឲ្យអាជ្ញាធរជួយដោះស្រាយ ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំតាង៉ែនទៅលក់ឲ្យឈ្មួញថៃ។
ដំណាំតាង៉ែនជាដំណាំយុទ្ធសាស្រ្តមួយរបស់កសិករតាមព្រំដែនថៃ ជាពិសេសនៅខេត្តចំនួន ៣ មានប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ដែលមានការដាំដុះរាប់ម៉ឺនហិតា។ ដំណាំតាង៉ែនឬមៀនប៉ៃលិន មានទីផ្សារធំបំផុតគឺទៅប្រទេសថៃ ខណៈតាមប្រភពកសិករមានរោងចក្រចិនមួយបានសាង់សង់នៅខេត្តបាត់ដំបង ដើម្បីកែច្នៃនាំតាង៉ែនទៅចិនផ្ទាល់។ តែដោយសារមិនមានការព្រមព្រៀងគ្នានៅឡើយរវាងរដ្ឋាភិបាលខ្មែរ និងចិន លើភូគាមអនាម័យ ទើបរោងចក្រចិនដែលសង់រួចនេះ មិនទាន់ដំណើរការនៅឡើយ។
ក្រសួងកសិកម្មបានកំណត់អាទិភាព ក្នុងការនាំមៀនប៉ៃលិនទៅទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក និងស្វាយស្រស់។ មៀនប៉ៃលិន ជាផលិតផលផ្លែឈើកំពុងដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ បើអាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន អាចរកចំណូលមួយឆ្នាំជាង ២០០ លានដុល្លារ។ យ៉ាងណារដ្ឋាភិបាលកម្ពុជានិងចិន នៅជជែកគ្នានៅឡើយ មិនទាន់សម្រេចកិច្ចព្រមព្រៀងគ្នានៅឡើយ។
បច្ចុប្បន្នមៀនប៉ៃលិនមានដាំដុះភាគច្រើននៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងផ្នែកខ្លះនៃខេត្តព្រះវិហារ។ គិតត្រឹមចុងឆ្នាំ ២០២០ នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះប្រមាណ ១៤ ៥០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ១១ ៥០០ ហិកតា ដោយជាមធ្យមក្នុង ១ ហិកតាផ្តល់ផលជិត ១៧ តោន។ បរិមាណផលដែលទទួលបានមានប្រមាណជិត ២០ ម៉ឺនតោនក្នុងនោះការនាំចេញសម្រេចបានប្រមាណ ១០២ ពាន់តោន ដោយមានតម្លៃប្រហែលជិត ១០០ លានដុល្លារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ