Connect with us

ព័ត៌មានជាតិ

អតីតមន្ត្រីជាន់ខ្ពស់ នៃអតីត​CNRP ២រូបទៀត ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ

បានផុស

នៅ

ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន ផ្តល់នីតិសម្បទាឡើងវិញដល់លោក ឃឹម ឡាគី និងលោក ម៉ៅ សុផល អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ ឆ្នាំ តាមអំណាចសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ឡាគី និងលោក ម៉ៅ សុផល ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំ​ណើ​របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់នីតិសម្បទា ធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ 

លិខិតរបស់សម្តេចក្រឡាហោម ស ខេង  ដែលបានជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ បានឱ្យដឹងថា អ្នកទាំងពីរនោះ ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ នៃអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយផ្អែកលើសំណើសុំខាងលើនេះ និងផ្អែកតាមបញ្ញត្តិមាត្រា៤៥ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងតាមការពិនិត្យក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោ​បាយ បុគ្គលខាងលើនេះ ពុំដែលធ្វើសកម្មភាពណាមួយរំលោភបំពានទៅនឹងសាលដីការបស់តុលាការកំពូលឡើយ។

ដូចនេះ ក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញមុនកាលកំណត់ឲ្យបុគ្គលទាំង២(ពីរ)រូប ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកាលេខៈ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២៦រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋ​ស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម