ព័ត៌មានជាតិ
កម្ពុជាបាននាំចេញរ៉ែមាសជាង ១០០ គីឡូទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី
មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងនាថ្ងៃច័ន្ទទី១៦ សីហា ២០២១ ថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង ១០០ គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយៗក៏កំពុងនាំចេញជាលើកទី ២នៅថ្ងៃខាងមុខទៀត។ នេះបើតាមលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គ នាយកដ្ឋានធនធានរ៉ែបានបញ្ជាក់ថាបន្ទាប់ពីបន្សុទ្ធជាមាស ៩.៩ ហើយក្រុមហ៊ុនអូស្រ្តាលីនឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង ។

លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គិតមកដល់ពេលនេះការចម្រាញ់យករ៉ែមាសនៅខេត្តមណ្ឌលគិរីបាន ប្រព្រឹត្តទៅជិត ២ ខែរួចមកហើយ ដោយចាប់ពីថ្ងៃដំណើរការដំបូងពីថ្ងៃ២១ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ។ លោក យស មុនីរ៉ាត បានបន្តថា ក្រុមហ៊ុនរបស់អូស្ត្រាលីកំពុង តែប្រតិបត្តិការចម្រាញ់រ៉ែមាសនេះជាប្រចាំថ្ងៃដែលក្នុងរយៈពេលជិត ២ ខែមកនេះក្រុមហ៊ុនបានចម្រាញ់រ៉ែមាសបានប្រមាណជាង ១០០ គីឡូហើយបានបញ្ជូនទៅធ្វើការ បន្សុទ្ធនៅប្រទេសអូស្ត្រាលីបន្ទាប់ពីធ្វើការបន្សុទ្ធរួចហើយរ៉ែមាសនេះនឹងដាក់លក់នៅលើទីផ្សារអន្តរជាតិតែម្ដង ហើយរាជរដ្ឋាភិបាលនឹងទូទាត់ប្រាក់ពន្ធទៅតាមកិច្ចព្រមព្រៀង ។

លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ថា៖«ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូងនៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក ។យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗហើយយើងបាននាំចេញនៅជើងទី ១ រួចហើយឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី ២បន្តទៀត ។អញ្ចឹងយើងផលិតបានមកដល់ពេលនេះវាបានជាង ១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្ត្រាលីដើម្បីអោយវាក្លាយ ទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង»។
លោក យស មុនីរ៉ាត់ ក៏បានធ្វើការពន្យល់ថាតម្លៃមាសគឺវាមិនមានអ្វីដែលត្រូវឲ្យយើងមានការព្រួយបារម្ភនោះទេ ដោយសារថាតម្លៃមាសនៅលើទីផ្សារអន្តរជាតិគឺវាចេញ គ្រប់ម៉ោងប្រចាំថ្ងៃ ដូច្នេះនៅពេលដែលក្រុមហ៊ុនលក់គឺយើងអាចដឹងពីតម្លៃហាងឆេងមាសនៅលើទីផ្សារនៅពេលនោះហើយ។ ដូច្នេះរាជរដ្ឋាភិបាលអាចទូទាត់តម្លៃពន្ធ ទៅតាមនោះតែម្តង ។
គួរបញ្ជាក់ជូនថារាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រតិបត្តិការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែល វិនិយោគដោយក្រុមហ៊ុនអូស្រ្តា លីកាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយរំពឹងថា នឹងទទួលបានចំណូលពីអាជីវកម្មនេះប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អាជីវកម្មរ៉ែមាសក្នុងតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរីលើទំហំផ្ទៃដីជាង១៨.០០០ហិកតា ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា(Renaissance Minerals Cambodia Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី។
ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថាក្រុមហ៊ុនរបស់អូស្រ្តាលីមួយនេះបានសិក្សានិងវាយតម្លៃ«គ្រប់ជ្រុងជ្រោយ»ពីផលប៉ះពាល់បរិស្ថាននិងសង្គមនៃអាជីវកម្មធនធានរ៉ែនេះ អស់រយៈពេលជិត១៤ ឆ្នាំដែលការដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសនេះត្រូវបានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើដើមទុនអស់ប្រមាណ១២០ លានដុល្លាអាមេរិក។

ក្រសួងបន្ថែមថាការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីកយករ៉ែឆៅប្រមាណ ២ លានតោនក្នុងមួយឆ្នាំនិងចម្រាញ់ចេញជាដុំមាសកម្រិត៩០%បានប្រមាណ ៣ តោនក្នុងមួយឆ្នាំ ។ សម្រាប់រយៈពេលប៉ាន់ស្មាន ៨ ឆ្នាំដំបូងវានឹងអាចទាញចំណូលដុលប្រមាណ១៨៥ លានដុល្លាអាមេរិកក្នុងមួយឆ្នាំដែលក្នុងនោះចំណូលសួយសារនិងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។
បើតាមក្រសួងរ៉ែនិងថាមពល ការធ្វើអាជីវកម្មរ៉ែមាសដោយក្រុមហ៊ុនអូស្រ្តាលីនេះនឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ដែលក្នុងនោះមានជនជាតិខ្មែរ៤២៧នាក់ និងបរទេសចំនួន៣៥នាក់៕
ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី