ព័ត៌មានជាតិ
តើអ្វីជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន?
ព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បាននឹងកំពុងស្ថិតនៅក្នុងក្រសែភ្នែក របស់ប្រជាជននៅទូទាំងពិភពលោក។ ក្នុងនោះ ប្រជាជនកម្ពុជា ក៏មានការចាប់អារម្មណ៍ខ្លាំងដែរ ទៅលើព្រឹត្តិការណ៍នេះ ដោយអ្នកខ្លះ បានរលឹកអំពីអតីតកាល កាលពី៤៦ឆ្នាំមុន ដែលសហរដ្ឋអាមេរិក បានដោះដៃចេញពី រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ រួចពួកខ្មែរក្រហមវាយសំរុក ចូលកាន់កាប់អំណាច បានយ៉ាងស្រួល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ស្ថានការណ៍ នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដកកងទ័ពចេញ ក្រោយពីបានដាក់ក្នុងប្រទេសនេះ អស់រយៈពេលប្រមាណ២០ឆ្នាំមក។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមតាលីបង់បានប្រកាសអំពី ជ័យជម្នះយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយលោក Ashraf Ghani ដែលជាប្រធានាធិបតី ក៏បានចាកចេញពីប្រទេសនេះភ្លាមៗដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/10-3.jpg)
តើអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យល់ឃើញបែបណា ចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាននេះ? តើព្រឹត្តិការណ៍ នៅអាហ្វហ្កានីស្ថាន នៅឆ្នាំ២០២១នេះ មានលក្ខណៈដូចគ្នា ឬខុសគ្នាបែបណាដែរ ចំពោះព្រឹត្តិការណ៍ ដែលកើតឡើងនៅកម្ពុជា កាលពី៤៦ឆ្នាំមុន?
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៧ ខែសីហានេះថា ព្រឹត្តិការណ៍ដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៥ និងព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាន នាឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍២ផ្សេងគ្នា ប៉ុន្តែមានលក្ខណៈរួមមួយ។ លក្ខណៈរួមនោះ ត្រង់ថា ការចាកចេញ របស់សហរដ្ឋអាមេរិក ពីរដ្ឋាភិបាលដែលខ្លួនគាំទ្រ ដែលនៅកម្ពុជាកាលពីអតីតកាល គឺការចាកចេញ របស់សហរដ្ឋអាមេរិក បានបោះបង់ចោល រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ហើយនៅអាហ្វហ្គានីស្ថាន គឺការចាកចេញ របស់សហរដ្ឋអាមេរិក បានបោះបង់ចោល រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដឹកនាំដោយលោក Ashraf Ghani។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-46-1024x768.jpg)
ការចាកចេញ របស់សហរដ្ឋអាមេរិកទាំង២ ព្រឹត្តិការណ៍ខាងលើនេះ បានទុកឲ្យប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-អាហ្វហ្កានីស្ថាន រងទុក្ខវេទនា និងស្លាប់អស់ជាច្រើននាក់ ដោយសារការដឹកនាំប្រទេស ពីពួកខ្មែរក្រហម (នៅកម្ពុជា) និងពួកតាលីបង់ (នៅអាហ្វហ្គានីស្ថាន)។ លោកថា នេះជាការលក្ខណៈរួម និងទិដ្ឋភាពដូចគ្នា នៅកម្ពុជាកាលពីអតីតកាល និងនៅអាហ្វហ្កានីស្ថាន នាឆ្នាំ២០២១នេះ ដែលសហរដ្ឋអាមេរិក បានបោះបង់ចោលប្រជាជន និងប្រជាធិបតេយ្យ ដែលខ្លួនតែងតែអះអាង អំពីលើកស្ទួយ និងការពារនោះ។
ចំណែកលក្ខណៈខុសគ្នាវិញ គឺសង្រ្គាមនៅកម្ពុជា កាលពីអតីតកាល ជាសង្រ្គាមមនោគមវិជ្ជា មានន័យថា សហរដ្ឋអាមេរិក ព្យាយាមប្រើប្រាស់កម្ពុជា ប្រើប្រាស់វៀតណាមខាងត្បូង ដើម្បីទប់ឥទ្ធិពល នៃការរីកដាលលទ្ធិកុម្មុយនីស្ត តែសហរដ្ឋអាមេរិកបានបរាជ័យ នៅក្នុងសង្រ្គាមឥណ្ឌូចិនលើកទី២នេះ។ រីឯសង្រ្គាមនៅអាហ្វហ្គានីស្ថានវិញ ជាសង្រ្គាមប្រឆាំងអំពើភេរវកម្ម ដែលមានន័យថា ជាការសងសឹករបស់សហរដ្ឋអាមេរិក ទៅលើមេភេរវករអាល់កៃដា គឺលោក អូសាម៉ា ប៊ីន ឡាឌែន ដែលជាមេគំនិតក្នុងការវាយប្រហារ ទៅលើអគារពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០០១។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/08.webp)
លោកបណ្ឌិត គិន ភា បានលើកឡើងថា អ្វីដែលជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើនេះ គឺយើងមិនគួរនាំគ្នា ពឹងអាស្រ័យលើកម្លាំងមហាអំណាចខាងក្រៅ ដោយភ្លេចអំពីការពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងការដឹកនាំខ្លួនឯង ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ របស់ប្រទេសដោយខ្លួនឯងនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងយើងឃើញ ការចាកចេញ របស់សហរដ្ឋអាមេរិកពីកម្ពុជា លន់ នល់ ទន់ជ្រាយ ដោយសារតែអំពើពុករលួយ បក្សពួកនិយម ទ័ពខ្មោច គឺអត់មានកម្លាំងប្រយុទ្ធពិតប្រាកដ ជាមួយនិងទាហានខ្មែរក្រហម ដែលធ្វើឲ្យពួកខ្មែរក្រហម ទទួលជោគជ័យ ដោយងាយស្រួលតែម្ដង ហើយក្នុងហ្នឹង មានភាពមិនស្មោះត្រង់មួយចំនួនទៀត ក្នុងចំណោមកងទ័ពរបសសាធារណរដ្ឋខ្មែរហ្នឹង គឺគាត់លួចលក់អាវុធយុទ្ធភណ្ឌ ឲ្យពួកខ្មែរក្រហមទៅទៀត ហើយដូចគ្នានៅអាហ្វហ្គានីស្ថាន ក៏អញ្ចឹងដែរ ពួកឧត្ដមសេនីយ៍យោធាមួយ គឺប្រព្រឹត្តអំពើពុករលួយ ទ័ពខ្មោច គឺខំប្រឹងបំប៉ោងទិន្នន័យ ដើម្បីយកលុយរបស់សហរដ្ឋអាមេរិក ទោះសហរដ្ឋអាមេរិក ជួយ២០ឆ្នាំទៅមុខទៀត បើសិនជាអត់ពង្រឹងសមត្ថភាព គឺក៏អត់ទៅរួចដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/19.jpg)
អ្នកជំនាញនយោបាយរូបនេះ បានលើកឡើងថា «អញ្ចឹងសរុបមកវិញ អ្វីដែលយើងគួរចងចាំ គឺយើងអត់ពឹងបរទេសណាមួយជាខ្នងបង្អែក សម្រាប់ភាពរស់រាន នៃប្រទេសយើង សម្រាប់ការរីកចំរើននៃប្រទេសយើង គឺខំប្រឹងអភិវឌ្ឍន៍ដូចខ្លួនឯង ខំប្រឹងអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនឯង ពង្រឹងឯកភាពជាតិ ហើយអ្វីដែលដូចរដ្ឋាភិបាលបានកំពុងធ្វើ គឺយើងខំប្រឹងធ្វើអ្វី ដែលយើងអាចរស់ដោយខ្លួនឯងបាន យើងព្យាយាម ឧទាហរណ៍ដូចករណីEBA អញ្ចឹង ការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ករណីEBAហ្នឹង គឺចង់បង្ហាញអំពីសមត្ថភាពថា មានEBA ក៏កម្ពុជាអាចរស់បាន មិនមានEBA ក៏កម្ពុជាអាចរស់បាន មានសហរដ្ឋអាមេរិក ក៏កម្ពុជាអាចរស់បាន មិនមានសហរដ្ឋអាមេរិក ក៏កម្ពុជាអាចរស់បាន គឺមានតែពង្រឹងភាពខ្លាំងផ្ទៃក្នុង របស់យើងទេ ទើបធ្វើឲ្យយើងរឹងមាំ ហើយមិនក្លាយទៅជាចំណាប់ខ្មាំង នៃមហាអំណាចណាមួយ បើមិនដូច្នេះទេ គឺយើងហ្នឹងមានភាពទន់ជ្រាយ ចឹងអ្វីដែលយើងត្រូវធ្វើ អ្វីដែលយើងត្រូវចងចាំ ពីមេរៀនប្រវត្តិសាស្រ្ដនេះ គឺយើងពង្រឹងសមត្ថភាព អាហ្នឹងគឺសំខាន់ណាស់ ឯកភាពជាតិ ហើយយើងត្រូវតែ នៅជុំវិញថ្នាក់ដឹកនាំរបស់យើង គេហៅថា ដើរតាមមាគ៌ាដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ជ្រកក្រោមម្លប់ព្រះមហាក្សត្រ ហើយអនវុត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ របស់យើង អាហ្នឹងគឺជាតិយើងរុងរឿង ហើយយើងមិនដើរជាន់ដានប្រវត្តិសាស្រ្ដទៀតទេ ហើយយើងក៏គោរពកោតសរសើរ ចំពោះគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលយើង ដែលយើងអាចបញ្ជៀសបាន ពីហានិភ័យធំៗជាច្រើន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/11-2-1024x575.jpg)
ចំណែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដាន ស្ថានការណ៍នយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស បានថ្លែងថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចចិត្តដកកងទ័ពពីប្រទេសនេះ ដោយលោកបាននឹកស្រម៉ៃ ដល់អតីតកាលប្រមាណ៤៦ឆ្នាំមុន នៅពេលដែលប្រទេសកម្ពុជា របស់យើង មុនធ្លាក់ចូលក្នុងថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។
លោកកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នៅប្រទេសអាហ្វហ្គានីស្ថាន មានការប្រយុទ្ធគ្នា ហើយប្រជាពលរដ្ឋ បានភៀសខ្លួនចេញពីទីតាំងប្រយុទ្ធគ្នាជាដើម ដែលដូចស្ថានភាពនៅប្រទេសកម្ពុជា កាលពី៤៦ឆ្នាំមុនអញ្ចឹង ហើយកាលពីថ្ងៃម្សិលមិញនេះទៀត ជនជាតិអាហ្វហ្គានីស្ថាន បានដណ្ដើមគ្នាឡើងជិះយន្តហោះ របស់សហរដ្ឋអាមេរិក ដែលនាំឲ្យលោកនឹកឃើញអំឡុងពេល ដែលលោកឈរមើលមុនបែកភ្នំពេញ កាលពី៤៦ឆ្នាំមុន ដោយនៅស្ដាតអូឡាំពិកប្រជាជនខ្មែរ បាននាំខ្លួនលោតផ្លោះរបង ដើម្បីឡើងជិះឧទ្ធម្ភាគចក្រ របស់សហរដ្ឋអាមេរិក ដែលចាកចេញពីប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-06-09_16-07-15.jpg)
លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា «អ្វីមួយដែលខ្ញុំ ចង់និយាយ នេះគឺជាមេរៀនមួយ ដែលដូចទ្រង់សិរីមតៈ និយាយអញ្ចឹងណា៎ អ្វីមួយដែលទ្រង់សិរីមតៈ ខកបំណង គឺថា មកពីជឿជាក់សហរដ្ឋអាមេរិកពេក ដែលទីបំផុតសិរីមតៈ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ចោលទៅ…វាជាមេរៀនទូទៅមួយ សម្រាប់យើងទាំងអស់គ្នា ត្រូវយល់ថា គ្មានប្រជាជាតិណាមួយ ស្រលាញ់ជាតិសាសន៍ខ្លួនយើង ជាងខ្លួនយើងទេ ត្រង់កន្លែងហ្នឹងហើយ ដែលយើងទាំងអស់គ្នា ប្រើពាក្យថា អរគុណសន្តិភាព សន្តិភាពនេះ បានមកគឺពុំមែន ដោយសារបរទេសមករកឲ្យទេ វាជាមេរៀន សន្តិភាព បានមកអំពីការលះបង់ របស់ភាគីខ្មែរ ដែលក្ដាប់អំណាចធំជាងគេ រួចហើយបានលះបង់ អំណាចហ្នឹងទៅក្រសោបយកខ្មែរដទៃទៀត ភាគីដទៃទៀត ឲ្យមករួមរស់ជាមួយ ដោយឲ្យស្មើមុខ ស្មើភាពគ្នា អាហ្នឹងចំណុចសំខាន់»។
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលរូបនេះ បានលើកឡើងទៀតថា «ទាំងអស់នេះ យើងបានមើលឃើញហើយណា៎ នៅកម្ពុជាអញ្ចឹង សន្តិភាព វាពុំមែនបានមកដោយងាយៗ ហើយក៏មិនអាចបរទេស មករកសន្តិភាព ឲ្យជាតិសាសន៍មួយបានដែរ ជាក់ស្ដែងដូចកម្ពុជាអញ្ចឹង មានតែជាតិសាសន៍ខ្លួនឯងទេ ទើបរកសន្តិភាព សម្រាប់ប្រទេសជាតិខ្លួនឯងបាន មានតែសន្តិភាពហ្នឹងហើយ ដែលយើងបានមើលឃើញថា កម្ពុជា គឺសន្តិភាពបានមក ដោយជាតិសាសន៍ខ្លួនឯងរកទី១…ទី២ យើងបានមើលឃើញថា ប្រជាធិបតេយ្យ ដំណើរឆ្ពោះទៅដល់ប្រជាធិបតេយ្យ គឺមិនអាចដូចគ្នាបានទេ ត្រូវមានជណ្ដើមឡើងផ្សេងៗគ្នា ខាងបជ្ឈិមប្រទេសផ្សេងទៅ ខាងអាមេរិកហ្នឹងផ្សេងទៅ អាស៊ីផ្សេងទៅ ប្រទេសនីមួយៗ មានរបៀបទៅដល់ខាង ប្រជាធិបតេយ្យហ្នឹងផ្សេងៗគ្នា ទៅវប្បធម៌ សាសនា ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ផ្សេងៗគ្នា អញ្ចឹងទៅ កន្លែងត្រង់ហ្នឹងហើយ យើងបានមើលឃើញថា ពាក្យថា អរគុណសន្តិភាព ឬក៏សន្តិភាពនេះ ពិតជាមានតំលៃណាស់ នៅពេលដែលយើងបានមើលឃើញ អាហ្វហ្កានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ»។
ទោះបីជាព្រឹត្តិការណ៍ ដែលបានកើតឡើង នៅអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១នេះ និងព្រឹត្តិការណ៍ ដែលកើតឡើងនៅកម្ពុជា កាលពី៤៦ឆ្នាំមុន ជាព្រឹត្តិការណ៍២ផ្សេងគ្នាក៏ដោយ តែមានលក្ខណៈរួមដូចគ្នា គឺការចាកចេញ របស់សហរដ្ឋអាមេរិក ពីរដ្ឋាភិបាលដែលខ្លួនគាំទ្រ។ ម្យ៉ាងទៀត ការចាកចេញនេះ ក៏បានធ្វើឲ្យប្រជាជន នៃប្រទេសទាំងពីរនេះ រងទុក្ខវេទនា និងស្លាប់យ៉ាងច្រើននាក់ដូចគ្នាដែរ។ ដូច្នេះ ដូចដែលអ្នកជំនាញខាងលើ បានលើឡើងហើយថា អ្វីដែលជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើនេះ គឺយើងមិនគួរនាំគ្នា ពឹងអាស្រ័យលើកម្លាំង មហាអំណាចខាងក្រៅ ដោយភ្លេចអំពីការពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងការដឹកនាំខ្លួនឯង ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ របស់ប្រទេសដោយខ្លួនឯងនោះទេ។ ចំពោះសន្តិភាពនៅកម្ពុជា ដែលថ្នាក់ដឹកនាំខិតខំ ស្វែងរកដោយលំបាកនោះ ក៏យើងត្រូវតែនាំគ្នា ចូលរួមថែរក្សា ការពារ ឲ្យបានយូរអង្វែងផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/07.png)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/05-12.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/06-13.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/04-25.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង