ព័ត៌មានជាតិ
មកមើលសំណុំរឿងអតីតមេដឹកនាំខ្មែរក្រហមម្តង ! ECCC បន្តសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ខៀវ សំផន
តាមការគ្រោងទុក អង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ (សំណុំរឿង០០២ វគ្គ២) ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សវនាការគ្រោងធ្វើឡើងសម្រាប់រយៈពេល៤ថ្លែង គឺផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ទី១- ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ទី២- ភាពត្រឹមត្រូវនៃយុត្តាធិការ ទី៣- បទឧក្រិដ្ឋដែលខៀវ សំផន ត្រូវសម្រេចដាក់ពិរុទ្ធភាព និងទី៤- វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំងផ្តល់ឱកាសសម្រាប់ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយ ផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ តែម្នាក់គត់ដែលនៅរស់រានមានជីវិត ដើម្បីឈានទៅការបញ្ជាក់ចុងក្រោយថា ខៀវ សំផន នឹងមានពិរុទ្ធភាពដូចអ្វី ដែលអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក រកឃើញ និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែរឬទេ។
ប្រធានផ្នែកកិច្ចការសាធារណៈរូបនេះបានថ្លែងថា ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក ជំនុំជម្រះក្តី និងរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿង០០២/០២ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។ ការបង្ហាញភស្តុតាងបានចាប់ផ្តើមនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ សេចក្តីប្រកាសបិទបញ្ចប់ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧។ ការជំនុំជម្រះក្តី រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង លើសំណុំរឿង០០២/០២ មានរយៈពេលសរុបចំនួន២៨៣ ថ្ងៃ។ ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥ នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣ នាក់ និងអ្នកជំនាញចំនួន៨ នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះ ដោយផ្ទាល់សរុបជិត ១០ម៉ឺននាក់។
គួរបញ្ជាក់ថា សាលក្រមក្នុងសំណុំរឿង០០២/០២ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ ឧក្រដ្ឋកម្មទាំងនេះបានប្រព្រឹត្តឡើងនៅតាមទីកន្លែងនានា នៅក្នុងប្រទេសកម្ពុជា អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
ក្រោយការសម្រេចសេចក្តីលើសំណុំរឿងនេះ អង្គជំនុំជម្រះសាលាដំបូងនៃ សាលាក្តីខ្មែរក្រហម បានរួមបញ្ចូលគ្នានៃការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផនឱ្យជាការផ្តន្ទាទោសដាក់ពន្ធ នាគារអស់មួយជីវិតតែមួយសម្រាប់ជនជាប់ចោទម្នាក់។ ខៀវ សំផន និងនួន ជា បានប្រកាសប្តឹងសាទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញដីកា កំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ សវនាការ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយថ្ងៃ សុក្រ ទី២០ ខែសីហា រក្សាជាថ្ងៃបម្រុងនៃសវនាការ។
នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖
ទី១- ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង។
ទី២-ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រមនៃសាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ។ ខៀវ សំផន ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
និងទី៣-ជាបន្ទាប់បន្សំបំផុត កែប្រែការផ្តន្ទាទោស និងប្រកាស ដាក់ទោសឱ្យេជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។
ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹង សាទុក្ខលើផ្នែកពិរុទ្ធភាពទេ តែបានប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុកមួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរសដើម្បីឱ្យជនរងគ្រោះទាំងបុរសនិងទាំងស្ត្រីនៃអំពើបង្ខំឱ្យរួមដំណែកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។
ចំណែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ទី១- ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំងស្រុង ទី២- តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និងទី៣- តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។
លោក នេត្រ ភក្ត្រឆ បានថ្លែងដែរថា ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលដែលមានចៅក្រម ៧ រូបរួមមានចៅក្រមកម្ពុជា ៤ រូប និងចៅក្រមអន្តរជាតិ ៣ រូប រំពឹងថា នឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ ខាងមុខ។ លោកបន្តថា សវនាការលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ជាផ្នែកចុងក្រោយនៃសំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៤ រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នមានអាយុ៩១ ឆ្នាំ។
ចំណែកជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម ៣ រូបទៀតបានស្លាប់បាត់បង់ជីវិត ក្នុងនោះ ទី១- នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន ស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលនៃដំណើរការបណ្តឹងសាទុក្ខក្នុងសំណុំ រឿង ០០២/០២ ដែលគាត់ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ទី២- អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់នៅខែមីនា ឆ្នាំ២០១៣ និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ស្លាប់នៅឆ្នាំ២០១៥៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក