ព័ត៌មានជាតិ
វែកញែកឲ្យច្បាស់ ការដឹកជញ្ជូនសត្វព្រៃ ច្បាប់ចែងកំណត់បែបណាខ្លះ?
ករណីមន្រ្តីរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីខេត្តសៀមរាប ចាប់ឃាត់រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំចោទពីបទដឹកសត្វព្រៃខុសច្បាប់ កំពុងស្ថិតក្នុងការដោះស្រាយនៅឡើយ។ បើផ្អែកតាមច្បាប់រដ្ឋបាលព្រៃឈើ មានការកំណត់យ៉ាងណាវិញសម្រាប់ការដឹកជញ្ជូនសត្វព្រៃ?
ច្បាប់រដ្ឋបាលព្រៃឈើក្នុងជំពូកទី១០ ស្តីពីការអភិរក្សសត្វព្រៃដែលមាន ៣ មាត្រា មានចែងដូចតទៅ៖
មាត្រា ៤៨. ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើដែលរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំងពងកូនរបស់វា។ ពពួកសត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក។
សំណាកសត្វព្រៃ គឺជាសត្វព្រៃដែលស្លាប់ ទោះជានៅខ្លួនទាំងមូល សរីរាង្គក្នុង សរីរាង្គក្រៅ បំណែកឆ្អឹង ឬផលិតផលកែច្នៃ ត្រូវស្ថិតក្រោមសិទ្ធិគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។
គ្រប់ប្រភេទសត្វព្រៃទាំងអស់ ត្រូវបានបែងចែកជាបីក្រុមគឺ៖
១-ក្រុមប្រភេទជិតផុតពូជ
២-ក្រុមប្រភេទមានដោយកម្រ
៣-ក្រុមប្រភេទមានដោយបង្ហូរ
លក្ខណៈវិនិច្ឆ័យសម្រាប់ចាត់ថ្នាក់ក្រុមនីមួយៗ និងបញ្ជីឈ្មោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងប្រភេទមានដោយកម្រ ដែលអាចប្រែប្រួលទៅតាមតំបន់ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់រដ្ឋបាលព្រៃឈើ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថាន។
មាត្រា ៤៩. ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយី បំផ្លិចបំផ្លាញសត្វព្រៃគ្រប់ប្រភេទដោយ៖
១-ការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់គ្រប់ប្រភេទ។
២-ការប្រមាញ់ក្នុងរដូវកាលហាមឃាត់។
៣-ការប្រមាញ់ក្នុងតំបន់ការពារ និងទីសាធារណៈពិសេស។
ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ មានសិទ្ធិចេញលិខិតអនុញ្ញាតចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ សម្រាប់គោលបំណងដូចខាងក្រោម៖
១-ការសិក្សាអប់រំ ឬការស្រាវជ្រាវិទ្យាសាស្ត្រ។
២-ការគាំទ្រដល់កម្មវិធីនៃការចាប់បង្កាត់ពូជ។
៣-ការផ្លាស់ប្តូរប្រភេទសត្វ អនុលោមតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ។
រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រត្រូវហាមឃាត់៖
១-ការយាយី ឬបំផ្លិចបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់ប្រភេទសត្វទាំងនេះ ។
២-ការបរបាញ់ ទាក់ចាប់ ដាក់អង្គុបបំពុល។
៣-ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។
៤-ការដឹកជញ្ជូន។
៥-ការធ្វើពាណិជ្ជកម្ម ។
៦-ការនាំចេញនាំចូល។
វិធានការនៃការធ្វើសកម្មភាពចំពោះសត្វព្រៃគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ។
មាត្រា ៥o. រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទមានដោយបង្គួរត្រូវហាមឃាត់ លើកលែងតែមានលិខិតអនុញ្ញាតចេញដោយរដ្ឋបាលព្រៃឈើ។
១-ការធ្វើសន្និធី ការថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។
២-ការដឹកជញូន និងធ្វើពាណិជ្ជកម្មលើសពីបរិមាណចាំបាច់សម្រាប់ការប្រើប្រាស់ជាប្រពៃណី។
ការនាំចេញ នាំចូលប្រភេទសត្វព្រៃក្នុងក្រុមប្រភេទមានដោយបង្គួរ ត្រូវមានលិខិតអនុញ្ញាត ចេញដោយរដ្ឋបាលព្រៃឈើ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
មាត្រា ៥១. រដ្ឋបាលព្រៃឈើត្រូវប្រមូលប្រាក់ចំណូលអភិរក្សសត្វព្រៃ និងប្រាក់សួយសារសត្វព្រៃដូចខាងក្រោម៖
១-ប្រាក់ចំណូលអភិរក្សសត្វព្រៃ ត្រូវបង់ចូលមូលនិធិអភិវឌ្ឍន៍ព្រៃឈើជាតិ។
២-ប្រាក់សួយសារសត្វព្រៃ ត្រូវបង់ចូលថវិកាជាតិ ។
ប្រាក់ចំណូលអភិរក្សសត្វព្រៃ និងប្រាក់សួយសារសត្វព្រៃត្រូវកំណត់ដោយប្រកាសរួមរវាងក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញូវត្ថុ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ