Connect with us

ព័ត៌មានជាតិ

ពន្លឿនការកែលម្អរង្វង់មូលតោពីរ និងសួនច្បារ កាន់តែលើក​សោ​ភ័ណភាពក្រុងព្រះសីហនុ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៨ ខែសីហានេះ បានដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យការកែលម្អរង្វង់មូលតោពីរ និងសួនច្បារវេទិកាបុណ្យជាតិ ស្ថិតនៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើនថ្លែងថា ការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិពេលនេះ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តមួយក្នុងចំណោមខេត្តដែលមានប៉ូលសេដ្ឋកិច្ចទាំងបី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាង ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដត្រូវបានបញ្ចប់នៅពេលខាងមុខ។ 

ខេត្តព្រះសីហនុ បានធ្វើការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ពន្ធនានាជាច្រើន មានដូចជា ផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ដែលជាការទាក់ទាញភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត មក​លេងកម្សាន្តនាពេលខាងមុខ។

រង្វង់មូលតោពីរមានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើការកែលម្អខឿនឱ្យស្មើរ និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព នៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបលេងកម្សាន្តផងដែរ។

ចំណែកសួនច្បារនៅខាងមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ បានរៀបចំកែលម្អឱ្យមានសោភណភាព បរិស្ថាន ក៏ជាទីតាំងរៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិសេសទៀតជាកន្លែងសាធារណៈសម្រាប់សាធារណៈ ជនដើរហាត់ប្រាណ៕ ដោយ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម