ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅឆមាសទី១ឆ្នាំនេះ មានតម្លៃ១.១០៩លានដុល្លារ កើនឡើងជិត១០ភាគរយ
បើទោះបីជាជួបបញ្ហាប្រឈម ដោយសារការរាតត្បាត នៃមេរោគកូវីដ-១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយជប៉ុន ហាក់មានការងើបស្ទុះឡើងវិញ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាកម្ពុជា-ជប៉ុន នៅឆមាសទី១ឆ្នាំ ២០២១នេះ មានតម្លៃ ១.១០៩លានដុល្លារ បានកើនឡើង៩.៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យ ពីអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO)។
នៅឆមាសទី១ ឆ្នាំ២០២១នេះ ចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសកម្ពុជា បាននាំចេញផលិតផល ទៅកាន់ប្រទេសជប៉ុន គិតជាទឹកប្រាក់ មានចំនួន៨១៤.៥៨ លានដុល្លារអាមេរិក កើនឡើង២.៧ភាគរយ បើធៀបឆ្នាំ ២០២០ ដែលមាន ចំនួន៧៩៤.១៩ លានដុល្លារអាមេរិក។ ខណៈប្រទេសកម្ពុជា បាននាំចូលទំនិញពីជប៉ុន មានចំនួនទឹកប្រាក់ ២៩៥.២៣លានដុល្លារអាមេរិក កើនឡើង ចំនួន៣៥ភាគរយ បើធៀបឆ្នាំ២០២០ ដែលមានចំនួន ២១៨.៦១លានដុល្លារ។
ប្រទេសកម្ពុជា បាននាំចេញទំនិញសំខាន់ៗ ទៅកាន់ប្រទេសជប៉ុន រួមមាន៖ សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យនិង ទំនិញ ស្បែក។ ចំណែកកម្ពុជាវិញ បាននាំចូលគ្រឿងម៉ាស៊ីនរថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់និងប្លាស្ទិក ពីប្រទេសជប៉ុន។
អ្នកស្រាវជ្រាវ សេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ធ្លាប់បានលើកឡើងថា ទោះបីស្ថានភាពកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលខ្លាំង លើពិភពលោក ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ មិនបានធ្លាក់ចុះទេ។ ភាពវិជ្ជមាននេះ អាចមកពីធាតុផ្សំសំខាន់ៗ ដូចជាភាពល្អប្រសើរ នៃទំនាក់ទំនងការទូត ភាពសម្បូរបែបនៃកម្លាំងពលកម្ម និងសមត្ថភាពផលិតរបស់ប្រទេសទាំង២។ លោកបន្តថាជប៉ុន ជាប្រទេសរីកចម្រើន និងមានទីផ្សារធំហេតុនេះ បើកម្ពុជាអាចទាក់ទាញវិនិយោគ ជប៉ុនឱ្យចូលមកបើករោងចក្រកាន់តែច្រើន វានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា រីកចម្រើនកាន់តែឆាប់។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានថ្លែង កាលពីខែមិថុនាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នឹងជំរុញការវិនិយោគបន្ថែមទៀតពីប្រទេស ជប៉ុនមកកម្ពុជា។ កំណើនវិជ្ជមាន នៃការនាំចេញទៅកាន់ប្រទេសជប៉ុន គឺជាសញ្ញាដ៏ល្អប្រសើរមួយ សម្រាប់ពាណិជ្ជកម្មរបស់កម្ពុជា ហើយវាសមស្របទៅនឹង ស្ថានភាពដែល កម្ពុជាប្រឈម ដោយមានពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសដូចជា ចិន និងកូរ៉េខាងត្បូង។
កន្លងមក សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានប្រកាសថា ខ្លួនគ្រោងនឹងបើកការិយាល័យ តំណាងដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដោយមានគោលបំណងសំខាន់ ក្នុងការទាក់ទាញការវិនិយោគ របស់ជប៉ុនមកកម្ពុជា។ ខណៈក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ខ្លួនកំពុងកំណត់គោលដៅ លើប្រទេសជប៉ុន ក្នុងចំណោមប្រទេសពាណិជ្ជកម្មអាទិភាព ដែលកម្ពុជាគ្រោង នឹងធ្វើការជាមួយលើការ បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងឆ្នាំ២០២០ មានតម្លៃ ២.១០១,៧៨ លានដុល្លារធ្លាក់ចុះ៨,៣៥ ភាគរយធៀបឆ្នាំ២០១៩។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុន មានតម្លៃ ១.៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ៦,៦ ភាគរយ និងនាំចូលពីជប៉ុន មាន៤៨៤,៧០ លានដុល្លារធ្លាក់ ចុះ១៣,៨ ភាគរយ។ នេះបើយោងតាមទិន្នន័យ ពីអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ជប៉ុន Jetro៕ (ដោយ) ៖ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី