Connect with us

ព័ត៌មានជាតិ

ពុំមានការណែនាំទៀតនោះទេ សម្រាប់អ្នកមិនពាក់ម៉ាស ពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈ

បានផុស

នៅ

មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា មកដល់ពេលនេះ មិនមានការអប់រំណែនាំ​ សម្រាប់អ្នកមិនពាក់ម៉ាសពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈទៀតនោះទេ ពោលគឺនៅពេលដែល​សមត្ថ​កិច្ច ពិនិត្យឃើញថា មានអ្នកធ្វើដំណើរ ដោយមិនពាក់ម៉ាស គឺត្រូវផាកពិន័យតាមច្បាប់តែម្ដង។ ការអនុវត្ត​តឹង​​រ៉ឹងយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta តែម្ដង។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំ ស្តីពី​ការអនុវត្តកាត​ព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា​គម្លាត​សុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សេចក្ដីណែនាំ បាន​បញ្ជាក់ថា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធ ត្រូវផ្ដល់ការគាំទ្រ និងចូលរួមសហការ ឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍ លើបុគ្គល ឬនីតិបុគ្គល ដែល​មិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ 

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហានេះថា ពុំមានការអប់រំណែនាំទៀតនោះទេ សម្រាប់អ្នកដែលមិនពាក់ម៉ាសពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈ បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ច បានអប់រំណែនាំអស់រយៈពេល ជាច្រើនខែមក​ហើយ​នោះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងខែកក្កដាកន្លងទៅនេះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរដោយថ្មើរជើងក្តី ជិះកង់ក្តី ជិះម៉ូតូក្តី និងម៉ូតូកង់បីក្តី ត្រូវចូលរួមពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចគ្រប់គោលដៅ នឹងចាប់ផ្តើមត្រួតពិនិត្យ និងណែ​នាំអប់រំ ចាប់ពីចុងខែកក្កដាតទៅ ហើយបន្ទាប់ពីធ្វើការណែនាំ នៅតែមិនអនុវត្ត នោះសមត្ថកិច្ចនឹងធ្វើការផាកពិន័​យ តាមច្បាប់កំណត់។

សូមជម្រាបថា បើយោងតាម អនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពី វិធានការសុខាភិបាល​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ ធ្ងន់ធ្ងរផ្សេងទៀត បានបញ្ជាក់ថា ការពាក់​ម៉ាស ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបរ របស់បុគ្គល និងនៅតាមទីកន្លែង ដែលមានហានិភ័យ នៃការចម្លង ឬការឆ្លងមេរោគកូវីដ-១៩។ បុគ្គលដែល មានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែង ដែលតម្រូវឲ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិត នៃការឆ្លងរាលដាល​ នៃជំងឺកូវីដ-១៩។

ក្នុងអនុក្រឹត្យដដែល បានបញ្ជាក់ទៀតថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរ​មា​ន​​សមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស ដូចមានចែងក្នុងមាត្រា៥ ក្នុងអនុក្រឹត្យខាងលើនេះ។ ក្នុងករណី នៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ ពី២០០.០០០ (ពីរសែន​) រៀល ទៅ១.០០០.០០០ (មួយលាន) រៀល៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម