ព័ត៌មានជាតិ
កូរ៉េគាំទ្រដល់ការរៀបចំ ផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃកម្ពុជា
លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េ ទាក់ទងនឹងគម្រោងរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃសម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនោះលោក ឈួន វ៉ន់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាពិសេសក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា។ លោកថា បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើប ពិតជាផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា បានអភិវឌ្ឍវិស័យដឹកជញ្ជូនឲ្យមានការរីកចម្រើន ដែលរួមមានដូចជាឡានដើរ ដោយថាមពលអគ្គិសនី កំពុងមានការប្រើប្រាស់នាពេល បច្ចុប្បន្ននេះជាដើម។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានកត់សម្គាល់ថា ដើម្បីសម្របខ្លួនទៅ នឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទង នឹងការដឹកជញ្ជូន ដែលយើងកំពុងប្រឈមនា បច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះ ឲ្យបានជោគជ័យ។
ជាមួយគ្នានេះ លោក ឈួន វ៉ន់ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) នេះ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ រួមគ្នាអនុវត្តឲ្យមានបានជោគជ័យ។

សូមជម្រាបថា សាធារណរដ្ឋកូរ៉េ បានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ក្រោមរូបភាព ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance) ដើម្បីជួយធ្វើឲ្យប្រសើរឡើង ដល់វិស័យដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមសហការ ពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់ នៅបរទេសរបស់កូរ៉េផងដែរ។
ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ(ITS – Intelligent Transport System) គឺជាបច្ចេកវិទ្យាទំនើប អាចប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន ក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ ក្នុងពេលវេលាជាក់ស្តែង មិនបង្កផលប៉ះពាល់បរិស្ថាន និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានយកមកវិភាគ និងជួយឲ្យដំណើរការចរាចរណ៍ ប្រព្រឹត្តទៅដោយរលូន។
គម្រោងនេះគ្រោង នឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ ឲ្យដំណើរការសាកល្បង ក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទោះបីស្ថិតនៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


