ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជា ៖ ជាទម្លាប់របស់ក្រុម អ្នកជំនាញសិទ្ធិមនុស្សហើយ ដែលវាយតំលៃ ពីយន្តការច្បាប់របស់កម្ពុជា
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជន២នាក់ផ្សេងទៀត មិនមែនដោយសារពួកគេ អនុវត្តសិទ្ធិសេរីភាពសម្ដែងមតិនោះទេ តែថាដោយសារពួកគេ ធ្វើសកម្មភាពល្មើសច្បាប់ ទើបត្រូវបានចាប់ខ្លួន និងត្រូវតុលាការកាត់ទោសយ៉ាងដូច្នេះ។
ការបញ្ជាក់នេះ គឺដើម្បីឆ្លើយតប ទៅកាន់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលបានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានរិះគន់ ចំពោះអាជ្ញាធរកម្ពុជា ជុំវិញការផ្តន្ទាទោស លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារកាលពីសប្តាហ៍មុន រួមទាំងសកម្មជន២នាក់ទៀត។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.បខាងលើ គឺជាទម្លាប់របស់ពួកគេទៅហើយ ដែលមិនមានអ្វីថ្មីនោះឡើយ។ លោកថា នេះគ្រាន់តែជាការសម្ដែងមតិផ្ទាល់ខ្លួន របស់ពួកគេប៉ុណ្ណោះ មិនមែនក្នុងនាមអង្គការសហប្រជាជាតិឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/03-49.jpg)
លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «វាជាទម្លាប់ របស់ពួកគាត់ហើយ ដែលធ្វើការវាយតំលៃ ពីយន្តការច្បាប់របស់កម្ពុជា កាលពីណាយើងអនុវត្តច្បាប់ ទៅលើសកម្មជន សកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្សអី គាត់តែងតែធ្វើការចោទប្រកាន់ ថា អាហ្នឹងជាការរំលោភបំពានសិទ្ធិ ជាការរឹតត្បិតសិទ្ធិសេរីភាព ក៏ប៉ុន្តែគាត់អត់វិភាគ ឬក៏សិក្សា ទៅលើទិដ្ឋភាពច្បាប់នោះទេ ពីអង្គហេតុ អង្គច្បាប់ មូលដ្ឋាននៃការចោទប្រកាន់ និងភស្ដុតាងសក្ខីកម្ម ដែលនាំឲ្យមានការចោទប្រកាន់ ដែលបង្កើតបានទៅជាបទល្មើស និងមូល ដ្ឋាននៃការផ្ដន្ទាទោស»។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-58.jpg)
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ទៅលើលោក រ៉ុង ឈុន និងសកម្មជន២ នាក់ទៀតនោះ មិនមែនដោយសារពួកគេបញ្ចេញមតិនោះទេ តែដោយសារពួកគេ ធ្វើសកម្មភាពល្មើសច្បាប់ ទើបត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសយ៉ាងដូច្នេះ។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា «វិធានការច្បាប់ ការចោទប្រកាន់ និងការផ្ដន្ទាទោស តាមផ្លូវតុលាការ តាមនីតិវិធីរបស់តុលាការនេះ គឺមិនមែនដោយសារតែអ្នកទាំងអស់ហ្នឹង អនុវត្តសិទ្ធិសេរីភាពនោះទេ ក៏ប៉ុន្តែដោយសារតែ អ្នកទាំងអស់ហ្នឹងធ្វើសកម្មភាព ដោយបង្កើតបានជាបទល្មើស ហើយសមត្ថកិច្ច អាជ្ញាធរ គេមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ សក្ខីកម្ម ភស្ដុតាងរឹងមាំ ក្នុងការចោទប្រកាន់ ដំណើរការនីតិវិធី និងសម្រេចសេចក្ដីផ្ដន្ទាទោស»។
លោកបានថ្លែងទៀតថា ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ពីសំណាក់ក្រុមសង្គមស៊ីវិលមួយក្ដាប់តូច និងអ្នកជំនាញការខាងលើនេះ គឺគ្មានប្រយោជន៍ គ្មានឥទ្ធិពល ផ្នែកផ្លូវច្បាប់នោះឡើយ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ របស់កម្ពុជា។ លោកចាត់ទុកថា នេះគ្រាន់តែជាសារនយោបាយ ដើម្បីកេងចំណេញផ្នែកនយោបាយ តែប៉ុណ្ណោះ។
ជាមួយគ្នានេះស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅក្រុងហ្សឺណែវ នៅថ្ងៃទី២៤ ខែសីហាម្សិលមិញនេះដែរ ក៏បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានមួយ ដោយបានបដិសេធ ចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្ដល់ការយកចិត្តទុកដាក់ ចំពោះសារៈសំខាន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើភាពគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានកត់សម្គាល់ថា ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះ ពុំបានយកចិត្តទុកដាក់លើអង្គហេតុ និងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់ បានជាប់ជានិច្ច នូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញ បានមើលស្រាល ចំពោះផលវិបាកដ៏មហន្តរាយ និងមិនអាចវិលត្រឡប់ ទៅរកសភាពដើមបាន នៃព័ត៌មានក្លែងក្លាយ នៅពេល ត្រូវបានសាយភាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយ លើបញ្ហាព្រំដែន ដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាព នៃការបញ្ចេញមតិនោះទេ។
សូមជម្រាបថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពិន័យជាប្រាក់២លានរៀល បង់ចូលថវិការដ្ឋ។
ចំណែកសកម្មជន២នាក់ទៀត ទី១. ឈ្មោះជនជាប់ចោទឈ្មោះ តុល និមល និង២.ជនជាប់ចោទឈ្មោះ ស កណិការ ភេទស្រី ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ចំនួន២០ខែ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ ចំនួន២ លានរៀល។ ពួកគេទាំង៣នាក់ ត្រូវចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយសាលក្រមខាងលើនេះ ក៏បានសម្រេចឲ្យជនជាប់ចោទ ទាំង៣នាក់ រួមគ្នាសងជំងឺចិត្ត ដល់គណៈកម្មការព្រំដែនកម្ពុជា ចំនួន៤០០លានរៀលផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង