ព័ត៌មានជាតិ
សម្ដេចតេជោ លើកទឹកចិត្តពលរដ្ឋមានលទ្ធភាព និងវិស័យឯកជន រំលែកបន្ទុកចំណាយការចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ពលរដ្ឋមានលទ្ធភាព និងវិស័យឯកជន រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្ម ចូលរួមចំណែកចែករំលែកបន្ទុកចំណាយចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករ និយោជិត ក៏ដូចជាបុគ្គលិកបម្រើការងារនៅក្នុងសហគ្រាសរបស់ខ្លួន។

នៅថ្ងៃទី២៥ ខែសីហា នេះ សម្ដេចតេជោ បានចេញសេចក្ដីប្រកាស ស្ដីពី “គោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ” ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងទៅ ដើម្បីបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញនេះជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្រាប់បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះ ដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។
រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានយន្តការ ដើម្បីសម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង ដូសជំរុញនេះ រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនដល់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវរៀបចំយន្តការពិគ្រោះយោបល់ និងសម្របសម្រួលជាមួយយន្តការពាក់ព័ន្ធ និងរោងចក្រ-សហគ្រាស ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានសុខាភិបាល ឯកជន ដើម្បីឱ្យរោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្ម រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ។
គួរបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅបានចំនួនប្រមាណ ៨៨% ធៀបនឹងគោលដៅ ១០ លាននាក់ និងកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណ ៥៩% ធៀបនឹងគោលដៅ ជិត២លាននាក់។ ចំណែកអ្នកបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឹបានចំនួន ជិត ៤២៩ ពាន់នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី