ព័ត៌មានជាតិ
សម្ដេចតេជោ៖ “សមរភូមិកូវីដ-១៩ក្ដៅខ្លាំង វារុំព័ទ្ធទូទាំងប្រទេស ទាំងរាជវាំង ទាំងផ្ទះនាយករដ្ឋមន្ត្រី”
បន្ទាប់ពីទទួលបានដំណឹងមានខេត្តខ្លះមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋគោលដៅ ស្របពេលកម្ពុជាមានវ៉ាក់សាំងសល់នៅក្នុងឃ្លាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចនឹងតាមដានការងារចាក់វ៉ាក់សាំងដល់ទីបញ្ចប់ ព្រោះសមរភូមិកូវីដ-១៩ក្ដៅខ្លាំងសមរភូមិព្រះវិហារទៅទៀត វារុំព័ទ្ធទូទាំងប្រទេស ទាំងព្រះបរមរាជវាំង រួមទាំងផ្ទះនាយករដ្ឋមន្ត្។

សម្ដេចមានប្រសាសន៍លើកឡើងថា សម្ដេចនឹងតាមដានការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ ព្រោះនេះជាសមរភូមិក្ដៅ ស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ។
សម្ដេចតេជោ មានប្រសាសន៍ថា៖ “សមរភូមិព្រះវិហារ [យើង]អាចដេកលក់បាន ប៉ុន្តែសមរភូមិកូវីដ-១៩ [យើង]មិនអាចដេកលក់បានទេ ព្រោះវារុំព័ទ្ធទូទាំងប្រទេស រាប់ទាំងព្រះបរមរាជវាំង រួមទាំងផ្ទះនាយករដ្ឋមន្ត្រី ក៏រុំព័ទ្ធដោយកូវីដ-១៩ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “សង្គ្រាមនេះ ជាសង្គ្រាមមិនធម្មតា ជាសង្គ្រាមដែលទទួលការខុសត្រូវច្បាស់លាស់ពីសំណាក់ឯកឧត្ដមលោកជំទាវអភិបាលរាជធានីខេត្ត”។
សម្ដេចតេជោ បានផ្ដាំផ្ញើ អភិបាលរាជធានីខេត្តទាំងអស់យកចិត្តទុកដាក់តាមដានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ដោយសម្ដេចក៏នឹងតាមពិនិត្យមើលការអនុវត្តនេះដល់ទីបញ្ចប់ ដោយមិនព្រមចុះចាញ់ទៅលើសមរភូមិដែលទុកឱ្យនាយទាហាន ពលទាហានខ្វះអាវុធប្រយុទ្ធជាមួយកូវីដ-១៩ ពោលគឺខ្វះវ៉ាក់សាំងចាក់ជូនប្រជាជននោះទេ។ សម្ដេចបានបញ្ជាក់ថា សមរភូមិនេះ ក្ដៅជាងសមរភូមិយោធា។

សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យអភិបាលរាជធានីខេត្តត្រូវផ្ញើរបាយការណ៍សង្ខេបពីលទ្ធផលនៃការចាក់វ៉ាក់សាំង ដោយបញ្ជាក់ ពីចំនួនប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួនអ្នកបានចាក់រួច និងចំនួនមិនទាន់ចាក់រួច ឬការយឺតដោយសារខ្វះគ្រូពេទ្យ ព្រមទាំងចំនួនវ៉ាក់សាំងដែលមានក្នុងខេត្តតើគ្រប់គ្រាន់ហើយឬនៅ ដើម្បីសម្ដេចផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងដែលមានក្នុងឃ្លាំងថ្នាក់ជាតិ។ ប្រសិនមានការខ្វះខាត អាចស្នើសុំខ្ចីវ៉ាក់សាំងរបស់ក្រសួងការពារជាតិចំនួន៥០ម៉ឺនដូសបញ្ជូនទៅសិន ទម្រាំងវ៉ាក់សាំងថ្មីនឹងបានមកដល់នៅពេលដ៏ខ្លីខាងមុខ៕
អត្ថបទៈ ច័ន្ទ វីរៈ




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត