ព័ត៌មានជាតិ
រដ្ឋមន្រ្តីស៊ុន ចាន់ថុល កាន់ការងាររដ្ឋតាំងពីឆ្នាំ១៩៩៤ រហូតឡើងទៅដឹកនាំពីរក្រសួង
លោក ស៊ុន ចាន់ថុល ត្រូវបានមហាជនទទួលស្គាល់ជារដ្ឋមន្រ្តីលេចធ្លោ លើការច្នៃប្រឌិតការងារ។ អ្វីជាការកត់សម្គាល់រដ្ឋមន្រ្តីរូបនេះតែងតែចុះជាប់ជាប្រចាំលើការពិនិត្យតាមដានការដ្ឋានសំណង់ ជាពិសេសគម្រោងស្ថាបនាផ្លូវជាតិនានា ដោយយកទ្រឹស្តីយកផ្លូវដែលធ្វើរឹងមាំជាប់យូរអង្វែង។
បទពិសោធន៍ការងារ
តាមជីវប្រវត្តិលោកស៊ុន ចាន់ថុល បានចូលបម្រើការងាររដ្ឋតាំងឆ្នាំ ១៩៩៤ ក្រោយមួយឆ្នាំដែលកម្ពុជាបានរៀបចំការបោះឆ្នោតរៀបចំឡើដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣។ លោកបានផ្លាស់ប្តូរតួនាទីការងារជាបន្តបន្ទាប់ តាំងពីនៅរដ្ឋលេខាធិការ រហូតមកកាន់ការងារជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
មុនចូលបម្រើការងាររដ្ឋ លោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនឯកជន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុងតំណែងជាប្រតិបត្តិជាន់ខ្ពស់ និងធ្លាប់កាន់តួនាទីផ្នែកគ្រប់គ្រងនៅក្រុមហ៊ុនអន្តរជាតិនៅអាមេរិក បារាំង និងថៃ និងបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនិងវិនិយោគមួយក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩៩។

តាមសាវតារការងារពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ លោកស៊ុន ចាន់ថុល កាន់តួនាទីជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ ហើយនៅឆ្នាំ ២០០៣ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្រ្ត។
នៅឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ លោកបានទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៣ ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ ២០១៦ លោកត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុនផ្លាស់ទៅដឹកនាំការងារជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅឆ្នាំ ២០១៦ រហូតមកដល់បច្ចុបន្ន។
ប្រវត្តិសិក្សា
លោក ស៊ុន ចាន់ថុល បានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិកនៅឆ្នាំ១៩៧៨ និងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅឆ្នាំ១៩៩៩។
ប្រវត្តិគ្រួសារ
វិលមកជីវិតឯកជនវិញ លោកកើតនៅឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ ប៉ុន្តែតាមប្រភពខ្លះថាលោកជាអ្នកស្រុកកោះធំ ខេត្តកណ្តាល។ លោកមានគ្រួសារនិងមានបុត្រចំនួន ០៣ នាក់។

ស្នាដៃធំៗសម្រេចបាន៖
ពេលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពីឆ្នាំ ២០១២ ដល់ ២០១៥ លោកស៊ុន ចាន់ថុល បានកែប្រែប្រព័ន្ធការងារមួយចំនួន និងសម្រេចស្នាដៃថ្មីៗជាប្រវត្តិសាស្រ្តជាច្រើន។ លោកជាអ្នកផ្តួចផ្តើម ក្នុងការរៀបចំរូបមន្តដើម្បីកំណត់តម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានា។ ការកំណត់រូបមន្តនេះធ្វើឡើង បន្ទាប់ពីតម្លៃប្រេងសាំងនៅកម្ពុជានៅតែបន្តហក់ឡើងមិនចុះ បើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង បើទោះបីតម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃក៏ដោយ។
លោកបានបង្កើតប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ដល់ម្ចាស់សហគ្រាសឬក្រុមហ៊ុន ដើម្បីផ្តល់ភាពងាយស្រួល កាត់បន្ថយការចំណាយនិងបង្កើនប្រសិទ្ធភាពការងារ។
ក្នុងអណ្ណតជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានផ្ដួចផ្ដើមចុះកម្មសិទ្ធិបញ្ញាបទចម្រៀងមរតកដើមរបស់លោកស៊ីន ស៊ីសាមុត្រ និងលោកស្រី រស់ សេរីសុទ្ធា ពីទសវត្សរ៍ឆ្នាំ៦០ និងឆ្នាំ៧០ ដើម្បីការពារស្នាដៃសិល្បករជំនាន់ដើមពីការក្លែងបន្លំនិងលួចចម្លងស្នាដៃ។
មកដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន
ក្រៅពីសម្រេចបានស្នាដៃដ៏ត្រចះត្រចង់នៅក្រសួងពាណិជ្ជកម្ម ពេលវិលត្រឡប់មកដឹកនាំជារដ្ឋមន្រ្តីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនជាលើកទីពីរនៅពីឆ្នាំ ២០១៦ លោករនៅតែបន្តកែទម្រង់លុបប្រព័ន្ធការងារសាំញ៉ាំនៅក្នុងក្រសួងសាធារណការ ដែលកើតឡើងរាប់ឆ្នាំ បង្ខិតសេវាកាន់តែកៀកប្រជាពលរដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេល ៥ ឆ្នាំក្នុងការមកដឹកនាំនៅក្រសួងសាធារណការលើការងារធំៗដែលសម្រេចបានមានដូចជា៖
១- ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត។
២- បង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៅតាមបណ្តាខេត្ត និងឆៀកចល័តសម្រួលការលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋបានមួយចំណែកធំ។
៣- បើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើបមាននៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
៤- បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន
៥- បង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
៦- បំពាក់ប្រព័ន្ធ QR Code នៅលើស្លាកលេខរថយន្ដ និងម៉ូតូជៀសផុតពីការក្លែងបន្លំ។
៧- ផ្ដួចផ្ដើមគំនិតអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
៨- ប្រើកណ្ដាប់ដៃដែក ក្នុងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់។
៩- ដាក់ឲ្យដំណើរការខ្សែរថភ្លើងភ្នំពេញខេត្តព្រះសីហនុ ដែលជាការបើកទំព័រសករាជថ្មីនៃវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសកម្ពុជា។
១០-បង្កើតវិទ្យាស្ថានតេជោសាធារណការ
១១- បង្កើតទីស្តីការក្រសួងសាធារណការថ្មី
១២- សម្រួលនីតិវិធីកាត់ឈ្មោះយានយន្ត កាត់បន្ថយការចំណាយក្រៅផ្លូវការ
១៣- បង្កើតកម្មវិធីដកពិន្ទុប័ណ្ណបើកបរ
១៣- អភិវឌ្ឍគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (គ្រោងបញ្ចប់ឆ្នាំ២០២២)
១៤- សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (កំពុងរកដៃគូអភិវឌ្ឍ)
១៥- សិក្សាផ្លូវក្រវាត់ក្រុងទី ៤ (កំពុងសិក្សា)
១៦- សិក្សាប្រព័ន្ធរថភ្លើងធុនស្រាលនៅភ្នំពេញ
ក្រៅពីកិច្ចការងារទាំងអស់នេះ លោករដ្ឋមន្រ្តីដាក់ការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រឹងគុណភាពការសាងសង់ផ្លូវឲ្យរឹងមាំ មានគុណភាពជាប់បានយូរ ដែលជាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅចំពោះមុខមន្រ្តីក្រសួង ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវ លោករដ្ឋមន្រ្តីបានប្រកាសលែងទទួលយកផ្លូវធ្វើជាប់រហូត គឺយកតែផ្លូវដែលសាងសង់មានគុណភាព រឹងមាំតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយចុះតាមដានជាប់ជាប្រចាំ តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។
ការតាមដានឱ្យបានដិតដល់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់។ លោករដ្ឋមន្ត្រីលើកឡើងថា វាជាការខ្ជះខ្ជាយថវិកាជាតិ បើមន្ត្រីអនុវត្តគម្រោងមិនហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុស នឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ