ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង នឹងប្រើហ្វេសប៊ុកផ្សព្វផ្សាយសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងនៅថ្ងៃទី២៧ខែសីហានេះថា ចាប់ពីថ្ងៃនេះតទៅ គេហទំព័រហ្វេសប៊ុករបស់សម្តេច នឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាយន្តការមួយមានការពាក់ព័ន្ធយ៉ាងជិតដិតបំផុត ទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសកម្ពុជាយើងក៏ធ្លាប់មានប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានជាយូរលង់មកហើយ ។ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចនេះ មានការប្រែប្រួលទៅតាមការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសារ។ ទោះបីមានការផ្លាស់ប្តូរនូវរបបនយោបាយបែបនេះក្តី ក៏ជាទូទៅប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្នុងប្រទេសយើង នៅរក្សារបៀបគ្រប់គ្រងតាមបែបវិមជ្ឈការដែលបានបន្សល់ទុកតាំងពីយូរយារមកហើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_15-27-46.jpg)
សម្តេចបន្តថា ក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនូវរបបនយោបាយទាំងនេះជាអកុសល ប្រទេសយើងក៏បានជួបនូវសោកនាដកម្មដ៏សែនឈឺចាប់ជាទីបំផុតនោះ គឺសង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលបានអូសបន្លាយពេលវេលាជាច្រើនទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វើទារុណកម្មនិងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាលព្រមទាំងបានបំផ្លិចបំផ្លាញទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស ។ បើទោះបីជាប្រទេសជាតិរបស់យើងត្រូវរំដោះឱ្យចាកផុតពីរបបយង់ឃ្នងនេះក៏ដោយ ក៏ប្រទេសជាតិយើងនៅតែបន្តមានសង្គ្រាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកទៀតរហូតដល់យើងទទួលបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ១៩៩៨។ បន្ទាប់ពីទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិនិងឯកភាពទឹកដីពេញលេញតាមរយៈការអនុវត្ត“នយោបាយឈ្នះ-ឈ្នះ” ដែលផ្តួចផ្តើមគំនិតនិងដឹកនាំអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាចុងទសវត្សរ៍៩០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅជាសារវន្តក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ គឺការកសាងសង្គមកម្ពុជាមួយដែលធានាដល់ការបន្តរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្លាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព បរិយាប័ន្ន និងសមធម៌សង្គម ឈរលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានមនសិការផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាក្នុងសង្គមជាតិ។
សម្តេចក្រឡាហោមបន្តថា ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានា ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រចតុកោណតាមនីតិកាលនីមួយៗនៃរដ្ឋសភាដោយកំណត់យកកំណែទម្រង់អភិបាលកិច្ចធ្វើជាស្នូលនៃយុទ្ធសាស្ត្រទាំងនេះ ។ បន្ថែមលើនេះ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពសម្បូរបែប បច្ចេកវិទ្យាទំនើប និងការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្តនៃតំបន់ភាវូបនីយកម្ម សកលភាវូបនីយកម្មនិងការប្រកួតប្រជែងទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ បានតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែបន្តធ្វើការកែទម្រង់អភិបាលកិច្ចឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គម និងចរន្តតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្មទាំងនេះ។
ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវទស្សនទានណែនាំជាគន្លឹះថា “កំណែទម្រង់រស់ បើមិនធ្វើកំណែទម្រង់ស្លាប់”“កំណែទម្រង់ គឺជាកត្តាស្លាប់រស់របស់កម្ពុជា” “កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់ទេក្នុងឱកាសដែលប្រទេសជាតិយើងកំពុងតែទទួលផលចំណេញពីសន្តិភាពនិងស្ថេរភាពដែលយើងខិតខំកសាងនិងការពារបានយ៉ាងលំបាក” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_15-27-43-1024x550.jpg)
សម្តេចក្រឡាហោមបានលើកជាសំណួរថា កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្មវិធីកំណែទម្រង់នានានៃប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។ ដូច្នេះតើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?តើហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចចិត្តធ្វើកំណែទម្រង់នេះក្នុងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលសាធារណៈ? តើការអនុវត្តកំណែទម្រង់នេះបានសម្រេចលទ្ធផលអ្វីខ្លះ និងមានទិសដៅទៅអនាគតយ៉ាងដូចម្តេច?
ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងសហការីពិសេសលេខាធិការដ្ឋាន គ.ជ.អ.បរីករាយក្នុង ការបកស្រាយនិងជជែកពិភាក្សាជាមួយបងប្អូនជនរួមជាតិលើសំណួរទាំងនេះជាបន្តបន្ទាប់នៅក្នុងគេហទំព័រហ្វេសបុករបស់សម្តេច៕
អត្ថបទ៖ ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត