ព័ត៌មានជាតិ
ឡដុតសំណល់រឹងសំរាម បានចូលរួម ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ពីមណ្ឌលព្យាបាលកូវីដ និងមណ្ឌលចត្តាឡីស័ក
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២៨ ខែសីហាថា ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួងបរិស្ថាន បានបំពាក់ទៅដល់២១រាជធានី-ខេត្ត (៤៩ស្រុក) បាននឹងកំពុងចូលរួម ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែម លើឡដុតសំណល់វេជ្ជសាស្ត្រ ដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។
នៅអំឡុងពេលដែលលោក នេត្រ ភក្ត្រា និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់ ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។ លោករដ្ឋលេខាធិការ បានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាម ពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងពីអ្នកជំងឺព្យាបាល តាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-81-1024x682.jpg)
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមរបាយការណ៍ ផ្តល់ពីមន្ទីរបរិស្ថានទាំង២៥ ខេត្ត-រាជធានី សំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ១០០តោន ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអាត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះ។
លោកបានថ្លែងថានៅតាម បណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប មណ្ឌលគិរី បាត់ដំបងជាដើម បានប្រើប្រាស់ឡដុតសំណល់រឹងសំរាម ដែលមានបច្ចេកវិទ្យាខ្ពស់ ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស លើការងារគ្រប់គ្រងសំណល់រឹងសំរាម ដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-73-1024x682.jpg)
រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមសំណល់រឹង ចំនួន៥០គ្រឿង ទៅដល់២១ រាជធានី-ខេត្ត (៤៩ស្រុក)។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹង តាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ «ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់រឹងសំរាម»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/05-26-1024x1024.jpg)
បើតាមការឲ្យដឹង របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ថែមពីការបំពាក់ឡដុតសំណល់រឹងសំរាម ក្រសួងបរិស្ថាន ក៏បានផ្តល់នូវមធ្យោបាយ និងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងនោះរួមមាន ១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក)។ ២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។ ៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។ ៤) ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។ ៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។ ៦) ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន។ ៧) កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០)។ ៨) វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/06-26-1024x1024.jpg)
លោក នេត្រ ភក្ត្រា បានថ្លែងបន្តថា ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស ដល់មន្ត្រីមូលដ្ឋានដោយ៖ ១) ផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី។ ២)ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី ឱ្យមានប្រសិទ្ធភាពខ្ពស់។ ៣) លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ និងបង្ការការឆ្លង រដ្ឋបាលរាជធានីបានណែនាំឲ្យអ្នកជំងឺត្រូវដាក់សម្រាម នៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។ រដ្ឋបាលរាជធានីបន្តថាត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសម្រាមទាំងក្នុង និងក្រៅស្បោង ហើយទុកសម្រាម ដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ។
រដ្ឋបាលរាជធានីបានស្នើដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបារយៈពេល ៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសម្រាប់ជារៀងរាល់ថ្ងៃ។ រដ្ឋបាលរាជធានីបានព្រមានថាក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/07-7-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត