ព័ត៌មានជាតិ
មិនទាន់កំណត់ថ្ងៃនៃការមកដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន មកកម្ពុជា
កម្ពុជាយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣ ហើយការយល់ព្រមទទួលយកនេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជា ទៅកាន់ក្រសួងការបរទេស។ ទោះយ៉ាងណា នៅមិនទាន់ដឹងពីពេលវេលា នៃការមកដល់កម្ពុជានោះទេ។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៣០ ខែសីហា នេះថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣០០ នាក់ មកស្នាក់នៅជាបណ្តោះអាសន្ននៅកម្ពុជានេះ ជាគោលការណ៍មនុស្សធម៌ មុននឹងស្វែងរកប្រទេសទី៣។

លោកបញ្ជាក់យ៉ាងដូច្នេះ៖ “ខ្ញុំគ្រាន់តែដឹងថា ជាគោលការណ៍មនុស្សធម៌ប៉ណ្ណោះ”។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានមានប្រសាសន៏ប្រាប់ “កម្ពុជាថ្មី” នាព្រឹកនេះដែរថា ការទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣០០ នាក់ សម្តេចអគ្គមហាសេនាបតីតេជោ បានដាក់ជាគោលការណ៍ហើយ គឺមិនឱ្យលើសពី ៣០០ នាក់ ហើយក៏មិនទាន់ដឹងមកកម្ពុជានៅថ្ងៃណាដែរ។

នាយឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា៖ “សម្តេចឱ្យទទួលជនភៀសខ្លួន មិនឱ្យលើសពី ៣០០នាក់ ហើយមិនទាន់ដឹងថា មកថ្ងៃណានោះទេ ដោយកំពុងតែប្រជុំពិភាក្សា”។
ចំណែកោក សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន នឹងធ្វើឡើងទៅតាមនីតិវិធីអន្តរជាតិ ដូចដែលកម្ពុជាធ្លាប់ទទួលជនភៀសខ្លួនកាលពីពេលកន្លង។ យ៉ាងណា ការបញ្ជូនជនភៀសខ្លួនអាហ្វហ្គានីស្ថានមកកម្ពុជាពេលនេះ ធ្វើឡើងក្នុងបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាលយ៉ាងតឹងរឹង។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា។ ប្រឈមនឹងស្ថានការណ៍វឹកវរនេះ មានប្រទេសជាច្រើនបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន និងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ ចំណែកកម្ពុជា ក៏បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន ៣០០ នាក់ផងដែរ ដើម្បីស្នាក់នៅបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣ បន្ទាប់ពីមានការស្នើសុំអង្គការមូលនិធីអាស៊ី។
បើតាមការផ្សាយកាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ បានបញ្ចាក់ថា ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះអាសន្ននេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជា មកកាន់ក្រសួងការបរទេសកម្ពុជា ដោយផ្អែកលើគោលការណ៍មនុស្សធម៌។

ក្នុងនោះមានកោលការណ៍៣ ដែលកម្ពុជាសម្រេចទទួលយកនេះ គឺទី១ ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី ៣០០ នាក់ ទី២ ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និងទី៣ លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ