រាជរដ្ឋាភិបាល​ ​អនុម័ត​​គម្រោង​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​លើ​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ​អនុម័ត​​គម្រោង​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​លើ​​

Published

on

​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែ បណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​ និង​ពី​បាត់ដំបង​ ទៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​រាជរដ្ឋាភិបាល​ អនុម័ត​នា​ព្រឹក​ថ្ងៃ​ទី២៣ ​ខែ​តុលា ឆ្នាំ២០២០​នេះ។​

​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុម័ត​លើ​សំណើ សុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​និង​ពី​បាត់ដំបង​ ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ថ្មី ​ចំនួន​៣​គម្រោង​បន្ថែម​ទៀត​នេះ​ គឺ គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ​ស្ទឹង​តា​តៃ​លើ​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់​ នៅ​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង។ គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែ​បណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ។ គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល ពី​បាត់ដំបង​ ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។

​ផលប្រយោជន៍​សំខាន់ ​នៃ​ការអភិវឌ្ឍន៍​គម្រោង​នេះ ​ក្រៅពី​ផលិត​អគ្គិស​នី ៥២៧ លាន​គីឡូវ៉ាត់ម៉ោង​ ក្នុង​១​ឆ្នាំ​ ដែល​មាន​ថ្លៃ ៧,៩២​សេន​អាមេរិក​ ក្នុង​១​គីឡូវ៉ាត់ម៉ោង ​ថេរ​៣៥ ឆ្នាំ​គម្រោង​នេះ ​នឹង​ជួយ​ស្តុក​ប្រភព​ទឹក​ភ្លៀង​ នៅ​រដូវវស្សា​បន្ថែម​ទុក​ នៅ​ក្នុង​អាងទឹក​ថ្មី​ទាំង​២​ នៃ​គម្រោង​វា​រី​អគ្គិសនី​ តា​តៃ​​លើ​ ដែល​ជួយ​កាត់បន្ថយ​ការ​ហៀរ​ទឹក​ចោល​ និង​ការ​ពិន័យ​ដោយ​មិនបាន​ផលិត​អគ្គិសនី ​នៅ​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​ នៅ​រដូវវស្សា​ និង​ស្តុក​ទឹក​នេះ​ ទុក​សម្រាប់​ការផលិត​អគ្គិសនី​នៅ​វា​រី​អគ្គិសនី ​ស្ទឹង​តា​តៃ​លើ​ នៅ​រដូវប្រាំង​និង​បង្ហូរ ចុះ​មក​ឲ្យ​អាង​វា​រី​អគ្គិសនី ​ស្ទឹង​តា​តៃ​នៅ​ខាងក្រោម​ ដើម្បី​ផលិត​អគ្គិសនី​បន្ថែម​នៅ​រដូវប្រាំង​ ចំនួន ១០៨ លាន​គីឡូវ៉ាត់ម៉ោង​ បន្ថែម​ទៀត ។​

​ផ្អែក​តាមច្បាប់​ស្តីពី​សារពើពន្ធ​បទប្បញ្ញត្តិ​ជា​ធរមាន​ និង​ការ​លើកទឹកចិត្ត​វិនិយោគ​រដ្ឋ​ នឹង​ទទួល​បាន​ចំណូល​ពន្ធ​ពី​គម្រោង​ដូចតទៅ​៖​ចំណូល​ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ​កាត់ ទុក​លើ​ចំណាយ​ការប្រាក់​និង​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ​សរុប​ ចំនួន​១៩៩.៧០៥.៩៨៤​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​សម្បទាន​៣៩​ឆ្នាំ។ ក្នុង​ករណី​អាករ​លើ តម្លៃ​បន្ថែម (VAT) ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត ,​រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពី​អាករ​នេះ​សរុប​ចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៣៥​ឆ្នាំ នៃ​អាណត្តិ​ប្រតិបត្តិការ​អាជីវកម្ម ។ ចំណូល​ពន្ធ​ខាងលើ​នៅ​មិនទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយ​ចំនួន​ទៀត​ដូចជា ​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ ពន្ធ​កាត់​ទុក​លើ​ការជួល​នានា​ និង​ពន្ធ​ដោយ​ប្រ​យោល​ដទៃ​ទៀត៕

អត្ថបទ៖​ ណា​រី​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម